ក្រសួងទេសចរណ៍សហការជាមួយកម្មវិធី «លោកស្រីឯកពិភពលោកកម្ពុជា» ពង្រីកការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង និងរីករាយសហការជាមួយកម្មវិធីប្រកួតជ្រើសរើសលោកស្រីឯកពិភពលោកកម្ពុជា (Mrs Cambodia World) ដើម្បីពង្រីកការផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍ និងសក្ដានុពលទេសចរណ៍កម្ពុជា ក្នុងនោះក៏មានការចូលរួមពីបេក្ខនារីតំណាងឱ្យប្រទេសកម្ពុជា នៃកម្មវិធីប្រកួតជ្រើសរើសលោកស្រីឯកពិភពលោកផងដែរ។
គួរជម្រាបថា កម្មវិធីប្រកួតជ្រើសរើសលោកស្រីឯកពិភពលោកកម្ពុជានេះ គឺត្រូវបានរៀបចំលើកដំបូងសម្រាប់កម្ពុជា ដោយមានគោលបំណងចូលរួមលើកកម្ពស់ស្ត្រីខ្មែរ និងដើម្បីចូលរួមផ្សព្វផ្សាយពីវិស័យវប្បធម៌ អរិយធម៌ខ្មែរ វិស័យទេសចរណ៍នៅកម្ពុជាជាដើម។ ម្យ៉ាងវិញទៀត ក៏មានការអញ្ជើញអតីតម្ចាស់ជ័យលាភីលោកស្រីឯកកាលីហ្វ័រញ៉ា ឆ្នាំ២០១៥-២០១៦ ដែលមានសញ្ជាតិដើមកម្ពុជា ធ្វើជាស្ត្រីគំរូសម្រាប់កម្មវិធីប្រកួតជ្រើសរើសលោកស្រីឯកពិភពលោកកម្ពុជានេះផងដែរ។
ការប្រកាសគាំទ្រចំពោះកម្មវិធីនេះ ត្រូវបានធ្វើឡើងក្នុងជំនួបរវាងឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយតំណាងរៀបចំកម្មវិធីប្រកួតជ្រើសរើសលោកស្រីឯកពិភពលោកកម្ពុជា ដឹកនាំដោយលោកស្រី ចាកឃ្លីន បាហ្កាវ៉ាន់ (Jacqueline P. Bhagavan) ដែលត្រូវបានផ្ដល់កិត្តិយសជាស្ត្រីគំរូសម្រាប់កម្មវិធីប្រកួតជ្រើសរើសលោកស្រីឯកពិភពលោកកម្ពុជា និងលោក ម៉ែន សីហា ស្ថាបនិករងនៃកម្មវិធីប្រកួតជ្រើសរើសលោកស្រីឯកពិភពលោកកម្ពុជា។ ជំនួបនេះធ្វើឡើងនារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្ដីការក្រសួងទេសចរណ៍។
នាឱកាសនោះ លោកស្រី ចាកឃ្លីន បាហ្កាវ៉ាន់ បានជម្រាបជូនឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន យ៉ាងដូច្នេះថា បច្ចុប្បន្នលោកស្រីជាបេក្ខនារីតំណាងឱ្យប្រទេសកម្ពុជានៃកម្មវិធីប្រកួតជ្រើសរើសលោកស្រីឯកពិភពលោក។ ប៉ុន្តែស្របពេលដែលនៅប្រទេសកម្ពុជារៀបចំកម្មវិធីប្រកួតជ្រើសរើសលោកស្រីឯកពិភពលោកកម្ពុជាដែរនោះ លោកស្រីក៏ត្រូវបានផ្ដល់កិត្តិយសជាស្ត្រីគំរូសម្រាប់កម្មវិធីប្រកួតជ្រើសរើសលោកស្រីឯកពិភពលោកកម្ពុជា។ ម្យ៉ាងទៀត លោកស្រី ចាកឃ្លីន ក៏ជាអតីតម្ចាស់ជ័យលាភីលោកស្រីឯកកាលីហ្វ័រញ៉ា ឆ្នាំ២០១៥-២០១៦ ផងដែរ។
លោកស្រី ចាកឃ្លីន មានសញ្ជាតិដើមកម្ពុជា ប៉ុន្តែលោកស្រីមានគ្រួសារនិងរស់នៅសហរដ្ឋអាមេរិក។ ទោះបីទទួលបានសញ្ជាតិអាមេរិកក៏ដោយ លោកស្រីនៅតែស្រលាញ់ប្រទេសកម្ពុជាដែរ ម្យ៉ាងលោកស្រីក៏បានចូលរួមប្រកួតក្នុងកម្មវិធីជ្រើសរើសលោកស្រីឯកពិភពលោកទៀតផងនោះ ក៏ឆ្លៀតយកឱកាសជួយចូលរួមផ្សព្វផ្សាយអំពីប្រទេសកម្ពុជា ពិសេសវិស័យវប្បធម៌ អរិយធម៌ វិស័យទេសចរណ៍ ប្រពៃណី ទំនៀមទម្លាប់ខ្មែរជាដើម។
អតីតម្ចាស់ជ័យលាភីលោកស្រីឯកកាលីហ្វ័រញ៉ារូបនេះ បានប្ដេជ្ញាស្ម័គ្រខ្លួននឹងចូលរួមផ្សព្វផ្សាយអំពីកម្ពុជានៅលើវេទិកាប្រកួតជ្រើសរើសជ័យលាភីលោកស្រីឯកពិភពលោក ដែលនឹងប្រព្រឹត្តទៅនាចុងឆ្នាំ២០២២ខាងមុខ។
ជាការស្វាគមន៍ចំពោះទឹកចិត្តដ៏ប្រពៃនេះ លោករដ្ឋមន្ត្រី ថោង ខុន បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះកម្មវិធី Mrs Cambodia World ក៏ដូចជាកិច្ចការនិងសកម្មភាពរបស់លោកស្រី ចាកឃ្លីន បាហ្កាវ៉ាន់ ផងដែរ។
ឯកឧត្ដមរដ្ឋមន្ត្រីបានកោតសរសើរចំពោះលោកស្រី ចាកឃ្លីន យ៉ាងដូច្នេះថា កិច្ចការនេះពិតជាបានលើកកម្ពស់កិត្យានុភាពជាតិយ៉ាងសំខាន់ ពិសេសកម្មវិធី ក៏ដូចជាសកម្មភាពរបស់លោកស្រីនឹងជួយផ្សព្វផ្សាយអំពីវប្បធម៌ អរិយធម៌ខ្មែរ ទំនៀមទម្លាប់ ប្រពៃណីខ្មែរ និងជួយផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍របស់កម្ពុជាទៅកាន់ពិភពលោក។
ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ក៏បានផ្ដល់កិត្តិយសបន្ថែមទៀតដល់លោកស្រី ចាកឃ្លីន បាហ្កាវ៉ាន់ ធ្វើជាទូតសុឆន្ទៈក្នុងវិស័យទេសចរណ៍ ដើម្បីចូលរួមផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍ និងសក្ដានុពលទេសចរណ៍នៅកម្ពុជាទៅកាន់ពិភពលោក តាមរយៈកម្មវិធីប្រកួតជ្រើសរើសជ័យលាភីលោកស្រីឯកពិភពលោក ក៏ដូចជាកម្មវិធីប្រកួតជ្រើសរើសលោកស្រីឯកពិភពលោកកម្ពុជាផងដែរ។
ឯកឧត្ដមរដ្ឋមន្ត្រីបានជម្រាបជូនលោកស្រី ចាកឃ្លីន បាហ្កាវ៉ាន់ ជាព័ត៌មានសំខាន់បន្ថែមទៀតថា ក្នុងបរិបទកូវីដ១៩នេះ កម្ពុជាបានក្លាយជាគោលដៅទេសចរណ៍សុវត្ថិភាពមួយសម្រាប់ភ្ញៀវទេសចរ ក្នុងនោះរាជរដ្ឋាភិបាលបានជំរុញការចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ១៩ជូនដល់ប្រជាជនជាង៩០ភាគរយហើយ ដែលបានធ្វើឱ្យមានភាពស៉ាំក្នុងសហគមន៍ និងជាកត្តាមួយចូលរួមទាក់ទាញភ្ញៀវទេសចរផងដែរ។
ឯកឧត្ដមបានបន្តថា កន្លងទៅ កម្ពុជាបានសម្រេចការរៀបចំវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ (ATF 2022) ខណៈប្រតិភូអន្តរជាតិដែលបានមកចូលរួម នៅពេលត្រលប់ទៅវិញគឺមិនមានបញ្ហាពីករណីឆ្លងមេរោគកូវីដ១៩នោះឡើយ ដែលនេះគឺសបញ្ជាក់ឱ្យឃើញថាកម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាព។ ទន្ទឹមនឹងនោះ ក្រសួងទេសចរណ៍ក៏បានដាក់ចេញនូវនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា (SOP) វិធានសុវត្ថិភាពទេសចរណ៍ និងការពង្រឹងការបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីធ្វើឱ្យសេវាកម្មទេសចរណ៍កាន់តែមានភាពល្អប្រសើរសម្រាប់ការទទួលភ្ញៀវទេសចរ សំដៅធ្វើយ៉ាងណាឱ្យគោលដៅទេសចរណ៍កម្ពុជាជាគោលដៅសុវត្ថិភាព និងមានជំនឿទុកចិត្តពីសំណាក់ភ្ញៀវទេសចរ។
បើតាមលោក ម៉ែន សីហា បានឱ្យដឹងបន្ថែមថា លោកស្រី ចាកឃ្លីន បាហ្កាវ៉ាន់ នឹងត្រូវទៅប្រកួតក្នុងកម្មវិធីជ្រើសរើសជ័យលាភីលោកស្រីឯកពិភពលោក នៅទីក្រុងឡាសវេហ្កាស (Las Vegas) នៃរដ្ឋនេវ៉ាដា (Nevada) សហរដ្ឋអាមេរិក នាអំឡុងខែវិច្ឆិកា ឬខែធ្នូ ឆ្នាំ២០២២ខាងមុខ ដែលកម្មវិធីប្រកួតលំដាប់អន្តរជាតិនេះនឹងមានបេក្ខនារីចូលរួមរហូតដល់ជាង៨០ប្រទេស។
លោក ម៉ែន សីហា បានបន្តថា ដោយសារលោកស្រី ចាកឃ្លីន ធ្លាប់ជាម្ចាស់ជ័យលោកស្រីឯកកាលីហ្វ័រញ៉ា ឆ្នាំ២០១៥-២០១៦ មកនោះ ទើបកម្មវិធីប្រកួតជ្រើសរើសលោកស្រីឯកពិភពលោកកម្ពុជាបានអញ្ជើញលោកស្រីផ្ដល់កិត្តិយសជាស្ត្រីគំរូចែករំលែកនូវបទពិសោធន៍ លើកទឹកចិត្តដល់ស្ត្រីខ្មែរឱ្យហ៊ានបំពេញក្ដីស្រមៃបំណងប្រាថ្នា ទោះបីពួកគាត់មានស្វាមីមានកូនហើយក៏ដោយ។ ម្យ៉ាងវិញទៀតក៏ដើម្បីចូលរួមលើកស្ទួយកម្ពស់ស្ត្រីខ្មែរ លើកស្ទួយកិត្យានុភាពប្រទេសជាតិ និងដើម្បីចូលរួមផ្សព្វផ្សាយពីវិស័យវប្បធម៌ អរិយធម៌ខ្មែរ វិស័យទេសចរណ៍នៅកម្ពុជាផងដែរ។
ស្ថាបនិករងនៃកម្មវិធីប្រកួតជ្រើសរើសលោកស្រីឯកពិភពលោកកម្ពុជារូបនេះបានបន្តទៀតថា កម្មវិធីប្រកួតជ្រើសរើសលោកស្រីឯកពិភពលោកកម្ពុជាបានឈានដល់វគ្គជម្រុះ៥នាក់ (Top 5) ហើយ និងត្រៀមបន្តទៅវគ្គប្រកួតផ្ដាច់ព្រ័ត្រនៅអំលុងខែតុលា ឆ្នាំ២០២២ខាងមុខ៕