ការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ (MTCO) កោតសរសើរ និងថ្លែងអំណរគុណក្រសួងទេសចរណ៍កម្ពុជា ដែលបានរៀបចំវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ដោយជោគជ័យ!
(ទីក្រុងបាងកក) តាមលិខិតចុះថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ (Mekong Tourism Coordinating Office-MTCO) បានកោតសរសើរចំពោះក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ដែលបានរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំក្រុមកាងារទេសចរណ៍មេគង្គលើកទី៥១ និងវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ក្រោមប្រធានបទ "គិតគូរឡើងវិញពីភាពធន់ និងឌីជីថលនីយកម្ម (Rethinking for Resilience and Digitalization)" ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់២៨ ខែមេសា ឆ្នា២០២៣ នៅខេត្តព្រះសីហនុ។
ការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ បានកោតសរសើរចំពោះការៀបចំបដិសណ្ឋារកិច្ចដ៏ល្អរបស់ម្ចាស់ផ្ទះ តាំងពីពេលប្រតិភូមកដល់ រហូតត្រឡប់វិញ ការៀបចំពិធីការ និងខ្លឹមសារកិច្ចប្រជុំក្រុមកាងារទេសចរណ៍មេគង្គលើកទី៥១ និងវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ពិធីទទួលអាហារស្វាគមន៍និងលៀងសាយភោជន៍ ការរៀបចំពិព័រណ៌ទេសចរណ៍ប្រកបដោយនិរន្តរភាព និងដំណើរទស្សនកិច្ចកោះរ៉ុងជាដើម។ ការិយាល័យ MTCO ក៏បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីបច្ចេកទេស ដែលបានបង្ហាញពីការងារប្រកបដោយវិជ្ជាជីវៈខ្ពស់ក្នុងការដឹកនាំ និងរៀបចំកម្មវិធីខាងលើឲ្យទទួលបានប្រសិទ្ធភាព និងលទ្ធផលប្រកបដោយផ្លែផ្កាខ្ពស់។
សូមរំលឹកផថដែរថា ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍បានសហការជាមួយការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ (MTCO) បានរៀបចំកិច្ចប្រជុំក្រុមការងារទេសចរណ៍មហាអនុតំបន់មេគង្គលើកទី ៥១ និងវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ប្រកបដោយជោគជ័យ ដោយមានប្រតិភូជាតិ-អន្តរជាតិ អ្នកសម្របសម្រួល វាគ្មិនជាតិ-អន្តរជាតិ និងអ្នកសារព័ត៌មានសរុបចំនួន ២៥០រូប មកពី១៩ប្រទេសជុំវិញពិភពលោក ដោយពិធីបើកទេវិកាទេសចរណ៍មេគង្គបានប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ នៅសណ្ឋាគារឯករាជ្យ ក្រោមធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្តះសីហនុ។
វេទិកាទេសចរណ៍មេគង្គឆ្នាំ ២០២៣ បានចូលរួមធ្វើបទបង្ហាញពីអ្នកជំនាញអន្តរជាតិលើប្រធានបទចំនួន២ រួមមាន៖ (១) ការគិតគូរឡើងវិញពីវិស័យទេសចរណ៍ និង (២) គិតគូរឡើងវិញពីប្រព័ន្ធចំណីអាហារក្នុងវិស័យទេសចរណ៍ និងកិច្ចពិភាក្សា (Panelist Discussion) ចំនួន៣ រួមមាន៖ (១) ទេសចរណ៍វ័យឆ្លាត និងគោលដៅទេសចរណ៍វ័យឆ្លាតតាមរយៈបច្ចេកវិទ្យា (Smart Tourism and Smart Destination via Digitalization) (២) គិតគូរឡើងវិញពីវិស័យម្ហូបអាហារ ដើម្បីការពារភពផែនដី (Rethinking Food System- A lever to protect the Planet) និង (៣) ការពង្រឹងមូលធនមនុស្ស ដើម្បីភាពធន់ក្នុងវិស័យទេសចរណ៍ (Advancing Human Capital… Advancing Industry Resilience) ដោយមានការចូលរួមពីអ្នកសម្របសម្រួល និងវាគ្មិនជាតិ និងអន្តរជាតិ ដែលមកពីស្ថាប័នសាធារណៈ ឯកជន និងអ្នកជំនាញការអន្តរជាតិនានា។
នាឱកាសពិធីបិទវេទិកាទេសចរណ៍មេគង្គ កម្ពុជាបានប្រគល់ទង់មេគង្គប្តូរវេនជូនដល់តំណាងប្រទេសចិន ដែលនឹងត្រូវធ្វើជាម្ចាស់ផ្ទះប្តូរវេនវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៤ នៅទីក្រុង Lijiang ខេត្តយូណាន ប្រទេសចិន នៅខែឧសភា ឆ្នាំ២០២៤។