សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ញូវហ្សេឡែន (New Zealand) ផ្តល់បទពិសោធន៍ និងកិច្ចសហការដ៏ល្អដល់កម្ពុជា

តបតាមការអញ្ជើញរបស់សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ញូវហ្សេឡែន នៅ Willington នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន និងប្រតិភូ បានទទួលការស្វាគមន៍រាក់ទាក់ ពីលោក Ben Potter នាយកគ្រប់គ្រងផ្នែកទីផ្សារ និងលោកស្រី Marty Hiddleston នាយកគ្រប់គ្រងសាលា។

ថ្លែងក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានសំដែងនូវការចាប់អារម្មណ៍ និងពេញចិត្តកោតសរសើរយ៉ាងខ្លាំង ចំពោះរចនាសម្ព័ន្ធ និងការគ្រប់គ្រងរបស់សាលាដែលមានលក្ខណៈសាមញ្ញ ទំនើប ហើយមានគ្រប់វិស័យ ជំនាញ ទាំងខាងឧស្សាហកម្មធ្វើដំណើរ ឧស្សាហកម្មទេសចរណ៍ដូចជា៖ flight attendant, Cruising, House keeping,Tour Guide,... ។ល ។ កម្មវិធីសិក្សាខ្លីៗ ៣០ម៉ោង ៦០ម៉ោង ដោយផ្សារភ្ជាប់ការអនុវត្តជាក់ស្តែងនៅនឹងកន្លែង។ ជាងនេះទៀត សាលានេះមិនត្រូវការដីធំដើម្បីសាងសង់ឡើយ ដែលចំណុចទាំងអស់នេះ កម្ពុជាអាចឆ្លើយតបបានទាំងនៅតំបន់សៀមរាបអង្គរ តំបន់ភ្នំពេញ តំបន់ឆ្នេរសមុទ្រ និងតំបន់អេកូទេសចរណ៍។

បន្ទាប់ពីបានស្តាប់ពីសភាពការណ៍អភិវឌ្ឍន៍រួម ក៏ដូចជា សំណូមពរជាក់ស្តែងនៃការអភិវឌ្ឍធនធានមនុស្ស ពិសេសផ្នែកជំនាញទេសចរណ៍នៅកម្ពុជា ភាគី New Zealand មានការកោតសរសើរចំពោះការរីកចំរើនរបស់កម្ពុជា រួមទាំងវិស័យទេសចរណ៍ ដែលបច្ចុប្បន្នកំពុងមានតម្រូវការចាំបាច់ ខាងធនធានមនុស្ស ផ្នែកជំនាញវិជ្ជាជីវៈទេសចរណ៍ ទាំងផ្នែកឧស្សាហកម្មធ្វើដំណើរ និងទេសចរណ៍។ ភាគី NZ គាំទ្រចំពោះសំណូមពររបស់កម្ពុជា ក្នុងការផ្តល់អាហារូបករណ៍ការចែករំលែកបទពិសោធន៏ និងពិចារណាក្នុងការវិនិយោគ សាលាបណ្តុះបណ្តាលវិជ្ជាជីវះជំនាញ ទេសចរណ៍នៅកម្ពុជា។

សូមជំរាបជូនថា កម្ពុជាបច្ចុប្បន្នមានអ្នកបំរើការដោយផ្ទាល់ក្នុងវិស័យទេសចរណ៍ប្រមាណ ៦២ម៉ឺននាក់។ ឆ្នាំ២០២០ យើងនឹងមានបុគ្គលិកបំរើការប្រមាណ ១លាននាក់ និងឆ្នាំ២០២៥ ប្រមាណ ១.២លាននាក់ ។ តាមការវាយតម្លៃរបស់គណកម្មាការជាតិអ្នកជំនាញទេសចរណ៍ ឆ្នាំ២០១៨ យើងទើបមានប្រមាណ៤០% ដែលមានសមត្ថភាពជំនាញតាមស្តង់ដារអាស៊ាន។ ជាផែនការយុទ្ធសាស្រ្តរបស់ក្រសួងទេសចរណ៍ គឺនៅឆ្នាំ២០២០ ត្រូវអោយមាន៥០% នៃអ្នកបំរើការងារក្នុងឧស្សហកម្មទេសចរណ៍ ត្រូវឆ្លងកាត់ការបណ្តុះបណ្តាល និងវាយតំលៃសមត្ថភាពស្របតាមស្តង់ដារសមត្ថភាពអ្នកជំនាញទេសចរអាស៊ាន និងឆ្នាំ២០២៥ ត្រូវសំរេចយុទ្ធនាការ បុគ្គលិកម្នាក់ជំនាញមួយ (One staff One Skill) ពោលគឺ ១០០% នៃអ្នកជំនាញ គឺត្រូវមានការទទួលស្គាល់សមត្ថភាពតាមស្តង់ដារអាស៊ាន។
#សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍