ពិព័រណ៍ «បើកចិត្ត» បង្ហាញពីស្នាដៃនានាពីអ្នកទទួលបានជយលាភីនៃកម្មវិធី NOW-Us
ភ្នំពេញៈ ពិព័រណ៍ “បើកចិត្ត” បង្ហាញពីសមិទ្ធផល និងស្នាដៃនានា ពីអ្នកទទួលបានជយលាភីទាំង ៧ ក្រុមនៃកម្មវិធី NOW-Us! ព្រមទាំងអង្គការដៃគូមួយចំនួនទៀត ដើម្បីលើកកម្ពស់ភាពចម្រុះ និងបរិយាប័ន្ននៅកម្ពុជា ដែលបានប្រើប្រាស់វិធីសាស្ត្របែបច្នៃប្រឌិត និងរបៀបធ្វើការផ្អែកតាមបរិបទថ្មី។
កាលពីថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២៣ អង្គការអុកស្វាម និង អ៊ីមផេកហាប់ភ្នំពេញ បានរៀបចំព្រឹត្តិការណ៍ពិព័រណ៍ “បើកចិត្ត” នៅ Factory Phnom Penh ដើម្បីចូលរួមផ្សព្វផ្សាយ និងលើកកម្ពស់ភាពចម្រុះ និងបរិយាប័ន្ននៃក្រុមគោលដៅទាំង ៥ របស់ខ្លួន រួមមានជនដែលមានពិការភាព ក្រុមសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា ឬអ្នកប្តូរភេទ (LGBTI) ក្រុមស្ត្រីងាយរងគ្រោះ ក្រុមយុវជន និងចាស់ជរាព្រមទាំងជនជាតិដើមភាគតិច។
ក្នុងឱកាសនោះ លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាមបានថ្លែងថា អង្គការអុកស្វាម មានមោទនភាព ក្នុងការសហការជាមួយដៃគូ ដើម្បីជំរុញ និងលើកកម្ពស់ការចូលរួមដោយពេញលេញរបស់ក្រុមងាយរងគ្រោះ ដែលបានធ្វើការជាមួយគ្នាដោយមិនទុកនរណាម្នាក់ចោលឡើយ។
លោកស្រីថា រាល់សមិទ្ធផលដែលបានដាក់តាំងតាមរយៈកម្មវិធីពិព័រណ៍បើកចិត្តនេះ បានឆ្លុះបញ្ជាំងពីកិច្ចខិតខំប្រឹងប្រែងរបស់អង្គការអុកស្វាម និងអ៊ីមផេកហាប់ភ្នំពេញ ក្នុងការលើកកម្ពស់ និងបង្កើនឱកាសដល់ក្រុមងាយរងគ្រោះ ដែលមានសំឡេងភាគតិច និងក្រុមដែលតែងតែទទួលការរើសអើង ដើម្បីឱ្យពួកគាត់បានប្រើប្រាស់វិធីសាស្ត្របែបច្នៃប្រឌិត និងរបៀបធ្វើការផ្អែកតាមបរិបទថ្មី ក្នុងការបង្កើនសំឡេង និងជំរុញឱ្យមានការចូលរួមដ៏ពេញលេញ ក្នុងភាពជាតំណាងដ៏ប្រសើរក្នុងការធ្វើសេចក្តីសម្រេចចិត្តនៅក្នុងសហគមន៍ និងសង្គម។
លោកស្រីបញ្ជាក់ថា៖ «ដើម្បីជំរុញឱ្យមានលទ្ធផលឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់យើង គឺត្រូវតែផ្តើមចេញពីយើង ដើម្បីយើងទាំងអស់គ្នា Nothing About Us, without Us!។ ខ្ញុំជឿជាក់ថា កម្មវិធីនេះមានសារៈសំខាន់ណាស់សម្រាប់ក្រុមនីមួយៗដែលបានខិតខំប្រឹងប្រែងអនុវត្តគម្រោងកន្លងមករហូតបង្កើតបានជាលទ្ធផលមេរៀនបទពិសោធន៍ និងការរៀនសូត្រថ្មីៗដូចដែលពួកគាត់បានដាក់តាំងបង្ហាញសមិទ្ធផលនានាក្នុងថ្ងៃនេះ»។
កម្មវិធី NOW-Us! Award ត្រូវបានអនុវត្តជាលើកដំបូង តាំងពីឆ្នាំ ២០២១ ដោយក្រុមការងារ បានជ្រើសរើស និងគាំទ្រមូលនិធិដល់អង្គការ និងក្រុមតំណាងជនងាយរងគ្រោះចំនួន ៧ ក្រុម ដើម្បីអនុវត្តគំនិតច្នៃប្រឌិតដែលជំរុញឱ្យមានបរិយាប័ន្នសង្គម។
ក្រៅពីគម្រោងនេះ កម្មវិធីរបស់អង្គការអុកស្វាម ក៏បាននិងកំពុងគាំទ្រដល់អង្គការដៃគូចំនួន ២០ ផ្សេងទៀតដែលតំណាងឱ្យក្រុមងាយរងគ្រោះមានសំឡេងភាគតិច និងក្រុមដែលត្រូវបានគេរើសអើងក្នុងការធ្វើការដើម្បីបង្កើនសំឡេង ភាពអង់អាច និងអាចចូលរួមក្នុងភាពជាតំណាងដ៏ប្រសើរក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្តនៅក្នុងសហគមន៍ និងសង្គមរបស់ពួកគេ។ នេះបើតាមលោកស្រី ភាណ សោភ័ណ។
លោកស្រីបន្តថា៖ «ព្រឹត្តិការណ៍ ពិព័រណ៍ បើកចិត្តនាពេលនេះ គឺសុទ្ធសឹងជាសមិទ្ធផល និងស្នាដៃនានាដែលកើតចេញពីគម្រោងដែលក្រុមទាំង ៧ បានអនុវត្តកន្លងមក»។
កម្មវិធី NOW-Us! គឺជាកម្មវិធី ១ ដែលបានគាំទ្រទៅដល់ក្រុមគោលដៅ ដើម្បីលើកកម្ពស់បរិយាប័ន្ន និងភាពចម្រុះ តាមរយៈសកម្មភាពប្រកបដោយភាពច្នៃប្រឌិតជាច្រើន រួមមាន សកម្មភាពបោះជំរំដើម្បីពង្រឹងសមត្ថភាពដល់បេក្ខជននីមួយៗក្នុងការហ្វឹកហាត់ និងកែសម្រួលវិធីសាស្ត្រ និងគំនិតច្នៃប្រឌិតថ្មីរបស់ក្រុមពួកគេ។
សកម្មភាពទាំងនោះបានផ្តល់ឱ្យក្រុមគោលដៅ នូវរបៀបធ្វើផែនការគម្រោងដោយបង្ហាញពីការវិភាគបញ្ហាដែលប៉ះពាល់ដល់ក្រុមងាយរងគ្រោះដែលគេរើសអើង វិធីសាស្ត្រដោះស្រាយបញ្ហាដោយប្រើប្រាស់របៀបធ្វើការបែបថ្មីដែលមានភាពច្នៃប្រឌិត និងប្រកបដោយបរិយាប័ន្នសង្គម ការស្វែងរកមតិគាំទ្រ ព្រមទាំងការចេះធ្វើផែនការគ្រប់គ្រងហិរញ្ញវត្ថុជាដើម។ នេះបើតាមការលើកឡើងរបស់លោកស្រី មេឡានី ប្រធានក្រុមប្រឹក្សាភិបាលនៃសហគ្រាសសង្គមអ៊ីមផេកហាប់ភ្នំពេញ។
លោកស្រីថា ពិព័រណ៍បើកចិត្តនេះ គឺជាឱកាសដ៏អស្ចារ្យក្នុងការបញ្ជ្រាបអំពីប្រធានបទដ៏សំខាន់ទាំងនេះ នៅក្នុងខេត្តបាត់ដំបង និងទីក្រុងភ្នំពេញ ហើយវាបានបង្ហាញនូវរាល់សកម្មភាពនានារបស់អង្គការដៃគូទាំងអស់ទៅដល់សាធារណជនបានឃើញ៕