ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) តាមរយៈអង្គការ UNIDO គាំទ្រហិរញ្ញប្បទានចំនួនប្រមាណ ១ លានដុល្លា សម្រាប់វិស័យកសិ-អាហារ និងវិស័យទេសចរណ៍
(បាត់ដំបង)៖ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ អង្គការ UNIDO បានរៀបចំសិក្ខាសាលា ស្តីពីគម្រោងគាំទ្រ “ការស្តារសហគ្រាសក្នុង វិស័យកសិ-អាហារ និង វិស័យទេសចរណ៍” ក្រោមអធិបតីភាពរបស់ឯកឧត្តម យឹម សៀប អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង និងមានការចូលរួមពីតំណាងឲ្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ នៃក្រសួងទេសចរណ៍ និងមានការចូលរួមតំណាងមកពីមន្ទីរពាក់ព័ន្ធ សហគ្រាសធុនតូច -មធ្យម សហមន៍ទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ចំនួន ៣៨ រូប។
គម្រោងគាំទ្រ “ការស្តារសហគ្រាសក្នុង វិស័យកសិ-អាហារ និង វិស័យទេសចរណ៍ ជាហិរញ្ញប្បទានរបស់ទីភ្នាក់ងារស្វីសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) អនុវត្តគម្រោងដោយអង្គការ UNIDO ដោយមានគោលបំណងដូចតទៅ៖ (១) គាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច និងការងារកម្ពុជាតាមរយៈការស្តារសហគ្រាសនៃវិស័យកសិ-អាហារ និងវិស័យទេសចរណ៍ក្នុងបរិការណ៍កូវីដ-១៩ (២) បង្កើនភាពធន់ និង ការស្តារឲ្យប្រសើរឡើងនូវសហគ្រាសធុនតូច និងមធ្យមក្នុងវិស័យកសិ-អាហារ និងទេសចរណ៍ ក្នុងខេត្តបាត់ដំបង ពោធិ៍សាត់ និងកំពង់ឆ្នាំង។
តាមរយៈយោបល់ និងសំណូមពររបស់លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ អង្គពិធីបានពិនិត្យលទ្ធភាពជំរុញពង្រីកវិសាលភាពការងារគម្រោងដោយបន្ថែមសកម្មភាពសំខាន់ៗរួមមាន៖
(១) ជំរុញការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SoPs) ដែលក្រសួងទេសចរណ៍បានដាក់ចុះសម្រាប់មូលដ្ឋានអាជីវកម្មសេវាកម្មស្នាក់នៅ ភោជនីយដ្ឋាន-អាហារដ្ឋាន និងសហគមន៍ទេសចរណ៍ ដើម្បីជំរុញទទួលស្គាល់ឡាបែល និងត្រៀមសម្រាប់ការបើកទេសចរណ៍ឡើងវិញ។
(២) ជំរុញការបណ្តុះបណ្តាល ហូកា សម្រាប់ស្តារសម្បទាវិជ្ជាជីវៈទេសចរណ៍ដល់បុគ្គលិកដែលបានឈប់សម្រាក និងបាត់បង់ការងារបណ្តាលមកពីវិបត្តិជំងឺកូវីដ-១៩ លើជំនាញការិយាល័យជួរមុខ សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ចុងភៅ និងរៀបចំបន្ទប់ សម្រាប់មូលដ្ឋានអាជីវកម្មនៅក្នុងក្រុងបាត់ដំបង និងតាមសហគមន៍ទេសចរណ៍សំខាន់ៗ។
(៣) គាំទ្របច្ចេកទេស សម្ភារៈ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដល់សហគមន៍ទេសចរណ៍
(៤) ពង្រីកទីផ្សារ ការទំនាក់ទំនង និងការផ្សព្វផ្សាយលក់ផលិតផលដែលបានមកពីការកែឆ្នៃ របស់សហគមន៍ទេសចរណ៍ និង
(៥) ការជំរុញរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្ន ២០២១-២០២៥ ស្របតាមផែនការ និងយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ដើម្បីស្តារវិស័យទេសចរណ៍ឡើងវិញអំឡុង និងក្រោយវិបត្តិជំងឺកូវីដ-១៩។