ពិធីប្រកាសដាក់ឲ្យដំណើរការកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ដំណាក់កាលទី២ ចាប់ពីឆ្នាំ២០២០-២០២៤ នៅភូមិភាគឦសាន្ត
ពិធីប្រកាសដាក់ឲ្យដំណើរការកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ដំណាក់កាលទី២ ចាប់ពីឆ្នាំ២០២០-២០២៤ នៅភូមិភាគឦសាន្ត
(ខេត្តមណ្ឌលគីរី)៖ ក្រសួងទេសចរណ៍បានប្រកាសដាក់ឲ្យដំណើរការកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ដំណាក់កាលទី២ ចាប់ពីឆ្នាំ២០២០-២០២៤ នៅតំបន់ភូមិភាគសាន្ត ដែលមានដូចជាខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី និងខេត្តមណ្ឌលគិរី។
កម្មវិធីនេះនឹងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងទេសចរណ៍ ក្នុងការផ្តល់នូវច្រកសិក្សាជំនាញវិជ្ជាជីវៈដល់យុវជន-យុវនារី និងអ្នកជំនាញកម្រិតទាបក្នុងខេត្តទាំង ៥ ខាងលើ ដើម្បីទទួលបាលការងារសមរម្យ និងបង្កើនប្រាក់ចំណូលបន្ថែម ហើយកម្មវិធីនេះក៏ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ ឆ្នាំ២០១៧-២០២៥ ផងដែរ។
ការប្រកាសដាក់ឱ្យដំណើរការកម្មវិធីខាងលើនេះ ធ្វើឡើងនារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ នៅសាលាខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោងកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចសម្រាប់កម្ពុជា (Hospitality for Kampuchea) ហៅកាត់ HoKa លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី និងលោក Christian Volker Ide ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) នៃអង្គការស្វីសខន់ថាក់។
នាឱកាសនោះ ឯកឧត្តម ប៉ាក់ សុខុម បានលើកឡើងថា តាមរយៈគម្រោងអភិវឌ្ឍន៍ជំនាញ (SDP) ដំណាក់កាលទី២នេះ ក្រសួងទេសចរណ៍នឹងយកចិត្តទុកដាក់លើការអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ លើកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចសម្រាប់កម្ពុជា (HoKa) ដល់យុវជន-យុវជនារី ដែលនឹងផ្តល់នូវវិថីអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈពិតប្រាកដដល់ពួកគេ បង្កើតការចាប់យកឱកាសការងារសមរម្យ និងលើកកម្ពស់ជីវភាពរស់នៅ ជាពិសេសគាំទ្រដល់ការបង្កើតមូលធនមនុស្សក្នុងវិស័យទេសចរណ៍ ខណៈពេលខេត្តមណ្ឌលគិរី និងភូមិភាគឦសាន្តទាំងមូលកំពុងទទួលបានកំណើនទេសចរយ៉ាងកុះករ នារយៈកាលចុងក្រោយនេះ និងនិន្នាការទេសចរណ៍ភូមិភាគឦសាន្តកាន់តែកើនឡើង។
លោក ជាក់ ម៉េងហ៊ាង បានលើកឡើងថា ការសិក្សាជំនាញវិជ្ជាជីវៈនៅក្នុងវិស័យទេសចរណ៍នេះ គឺជាកត្តាគន្លឺះសម្រាប់យុវជនក្នុងការចាប់យកឱកាសការងារភ្លាមៗក្រោយការសិក្សា និងអាចមានឱកាសចាប់ផ្តើមអាជីវកម្មខ្នាតតូចផ្សេងៗទៀតផងដែរ។
លោក Christian Volker Ide បានបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ជំនាញ (SDP) ជំហានទី២ ឆ្នាំ២០២០-២០២៤ នេះ ជាជំនួយឧបត្ថមរបស់ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) ដោយរយៈពេល ៤ ឆ្នាំបន្តទៅមុខនឹងយកចិត្តទុកដាក់អនុវត្តលើកម្មវិធីចំនួន ៤ រួមមាន៖ ការពង្រឹងសមត្ថភាពមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ទីពិសោធន៍នវានុវត្តន៍ ការបណ្តុះបណ្តាលពេញម៉ោងសម្រាប់យុវជនងាយរងគ្រោះ និងបដិសណ្ឋារកិច្ចសម្រាប់កម្ពុជា។
លោក Christian Volker Ide បានបន្តថា តាមរយៈគម្រោងនេះ យុវជនងាយរងគ្រោះ និងបុគ្គលិកជំនាញទាបប្រមាណ ១១,៦៤០នាក់ ព្រមទាំងគ្រូបណ្តុះបណ្តាល បុគ្គលិក អ្នកគ្រប់គ្រងគ្រឹះស្ថានបណ្តុះបណ្តាល និងក្រុមហ៊ុនឯកជនប្រមាណ ៩១០នាក់ នឹងទទួលបានការបណ្តុះបណ្តាល បង្វឹក និងពង្រឹងសមត្ថភាពទៅតាមស្តង់ដា និងបទដ្ឋាននានាដែលបានរៀបចំ។
ឯឧត្តមរដ្ឋលេខាធិការ ប៉ាក់ សុខុម បានផ្តាំផ្ញើឲ្យគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសមន្ទីរទេសចរណ៍ខេត្តគោលដៅទាំង ៥ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និងប្រតិបត្តិករទេសចរណ៍នានាចូលរួមអនុវត្តកម្មវិធីអភិវឌ្ឍន៍ជំនាញជំហានទី២ ឆ្នាំ២០២០-២០២៤ នេះឱ្យមានប្រសិទ្ធភាពខ្ពស់ និងបញ្ចូលបុគ្គលិក ដើម្បីចូលរួមការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពឱ្យកាន់តែផុលផុសដើម្បីលើកម្ពស់គុណភាពសេវាកម្មទេសចរណ៍ក្នុងខេត្ត ក៏ដូចជាអភិវឌ្ឍធនធានមនុស្សក្នុងខេត្តភូមិភាគឦសាន្តឲ្យកាន់តែល្អប្រសើរផងដែរ៕