នាវាទេសចរណ៍ SEABOURN ENCORE ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ជាមួយភ្ញៀវទេសចរជិត ៥០០ នាក់
ព្រះសីហនុៈ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី ២៩ ខែធ្នូ បានទទួលស្វាគមន៍ដំណើរមកដល់នៃនាវាទេសចរណ៍ SEABOURN ENCORE ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយដឹកអ្នកដំណើរដែលជាភ្ញៀវទេសចរប្រមាណជិត ៥០០ នាក់។
នាវាទេសចរណ៍ SEABOURN ENCORE ជាមួយអ្នកដំណើរជាទេសចរចំនួនប្រមាណជិត៥០០នាក់ បានចូលចតជាលើកទី១ជាថ្មីឡើងវិញ បន្ទាប់ពីអាក់ខានប្រមាណជា២ឆ្នាំដោយជំងឺកូវីដ១៩។
នាវា SEABOURN ENCORE មានប្រវែងបណ្តោយ ២១០,៥០ម៉ែត្រ ទទឹង២៨ម្រ៉ែត ជម្រៅទឹក ៦,៧ ម៉ែត្រ មាននាវិកសរុបចំនួន ៤៣២នាក់ ស្រី ៩៣នាក់។
នាវាទេសចរណ៍នេះចេញដំណើរមកពីប្រទេសថៃ ចូលមកកម្ពុជា ដើម្បីមកទស្សនាប្រទេសកម្ពុជារយៈពេល១ថ្ងៃ ហើយក្រោយមកចាកចេញទៅវិញ ឆ្ពោះទៅប្រទេសវៀតណាម។
ឯកឧត្តម ហោ សារុន និងឯកឧត្តម គួច ចំរើន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទេសចរណ៍របស់នាវាក៏ដូចជាភ្ញៀវទេសចរមកកាន់ប្រទេសកម្ពុជា ក្នុងទឹកដីខេត្តព្រះសីហនុ នាឱកាសនេះ ដែលសបញ្ជាក់ឱ្យឃើញថា «ប្រទេសកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយពេញលេញ ក្រោមម្លប់សន្តិភាពនៃការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា»។ នេះបើយោងតាមផេកហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ៕