មហោស្រពម្ហូបអាហារដ៏ធំបំផុតរបស់កម្ពុជានឹងប្រារព្ធធ្វើនៅចុងសប្ដាហ៍ នៅពហុកីឡដ្ឋានជាតិអូឡាំពិក
ស្លាបព្រា (Slaprea) ជាមហោស្រពអាហារដ៏ធំបំផុតរបស់កម្ពុជាដែលនឹងប្រារព្ធធ្វើឡើងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែឧសភា នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយអនុញ្ញាតឱ្យចូលរួមដោយសេរី។ អ្នករៀបចំមហោស្រពម្ហូបអាហារដ៏ធំរបស់កម្ពុជារំពឹងថា នឹងមានអ្នកទស្សនាប្រមាណ ១០០ ០០០នាក់ដែលចង់សាកល្បងម្ហូបឆ្ងាញ់ៗពីជុំវិញពិភពលោក។
កញ្ញា ឆឹង ចំរើនកល្យាណី អ្នករៀបចំមហោស្រពម្ហូបអាហារដ៏ធំបំផុតរបស់កម្ពុជា បានឱ្យដឹងថា នេះជាលើកទី៧ ហើយដែលមហោស្រពអាហារដ៏ធំបំផុតរបស់កម្ពុជាត្រូវបានរៀបចំឡើងក្នុងគោលបំណងចូលរួមចំណែកលើកកម្ពស់បរិស្ថានតាមរយៈផ្សព្វផ្សាយចំណេះដឹងអំពីការគ្រប់គ្រងកាកសំណល់ និងការប្រើប្រាស់ប្រកបដោយនិរន្តរភាពដែលជាផ្នែកមួយនៃដំណើរគ្មានកាកសំណល់របស់ពួកគេ។
កញ្ញាបន្តថា មហាស្រពអាហារនេះបានបង្កើតនិងរៀបចំដោយការចូលរួមពីភោជនីយដ្ឋាន តូបលក់ទំនិញ និងការសម្តែងផ្សេងៗនៅលើឆាក។ តាមស្ដង់ដារ
ម្ហូបអាហារជាង ១០០ មានម្ហូបចម្រុះជាតិសាសន៍មកពីទូទាំងពិភពលោកចាប់ពីក្រុមហ៊ុនតូចរហូតដល់ក្រុមហ៊ុនធំ។
កញ្ញាបន្តថា៖ «យើងមានគោលបំណងធ្វើឱ្យកម្មវិធីនេះមិនមានការប្រើប្រាស់ប្លាស្ទិច និងការទុកដាក់កាកសំណល់ទៅតាមប្រភេទរបស់វា។ ឆ្នាំនេះយើងជំរុញការគ្រប់គ្រងកាកសំណល់ជាខ្លាំង»។
កញ្ញាកល្យាណីបានលើកឡើងថា ព្រឹត្តិការណ៍នេះនឹងមានកម្មវិធីកម្សាន្តជាច្រើន ដូចជាការប្រកួតប្រជែងបរិភោគចំណីអាហារ ប្រកួតប្រជែងការតុបតែងតូប ប្រកួតប្រជែងម្ហូបអាហារ ដង្ហែសម្លៀកបំពាក់អាហារ ការប្រកួតប្រជែងផ្នែកសិល្បៈកែច្នៃ និងការប្រកួតផ្សេងៗជាច្រើនទៀត។
កញ្ញាបន្ថែមថា៖ «មហោស្រពម្ហូបអាហារឆ្នាំនេះមានភាពខុសប្លែកពីមហោស្រពម្ហូបអាហារឆ្នាំមុនៗ ដោយសារកម្មវិធីមានការរៀបចំការប្រកួតការកែច្នៃសំរាមជាសម្លៀកបំពាក់ពីសំណាក់យុវជនផងដែរ»។
កញ្ញាបានស្នើដល់អ្នកចូលរួមមហោស្រពម្ហូបអាហារដ៏ធំបំផុតរបស់កម្ពុជាផ្ដល់ជាវិភាគទានតាមទឹកចិត្តសប្បុរសធម៌របស់ពួកគេដោយមិនបង្ខំឡើយ ប៉ុន្តែការជួយឧបត្ថម្ភអ្នកចូលរួមកម្មវិធីពិតមានសារសំខាន់ដើម្បីជាការចូលរួមលើកកម្ពស់ការការពារបរិស្ថាន។
ស្លាបព្រាពិព័រណ៍អាហារដ៏ធំបំផុតក្នុងប្រទេសកម្ពុជានៅឆ្នាំ២០២២ មានអ្នកចូលរួមរហូតដល់ទៅជាង ៧០ ០០០នាក់៕