ក្រសួងទេសចរណ៍ជំរុញធុរកិច្ចថ្មី (Staru-up) ផ្នែកបច្ចេកវិទ្យាឌីជីថល ក្នុងវិស័យទេសចរណ៍!
ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ បានចូលរួមចែករំលែកពីយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងសិក្ខាសាលាបង្ហាញដំណោះស្រាយបច្ចេកវិទ្យាឌីជីថល សម្រាប់អាជីវកម្មក្នុងវិស័យទេសចរណ៍ក្នុងដំណាក់កាលស្តារវិស័យទេសចរណ៍ឡើងវិញ តាមរយៈប្រព័ន្ធថ្នាលបច្ចេកវិទ្យាព័ត៌មាន Zoom ដែលមានម្ចាស់ធុរកិច្ច និងអ្នកគ្រប់គ្រងប្រមាណ១០០រូប។
សិក្ខាសាលានេះ បានផ្តល់ជាទម្រង់កិច្ចសហប្រតិបត្តិការរវាងធរុកិច្ចថ្មីៗ ដោយបង្ហាញពីការវិវត្តន៍នៃឌីជីថល និងនវានុវត្តន៍ក្នុងវិស័យទេសចរណ៍ សំដៅគាំទ្រដំណើរអាជីវកម្មមក្នុងបរិបទប្រក្រតីភាពថ្មីឲ្យមានភាពធន់ (Resilience) ពង្រឹងសមត្ថភាពបុគ្គលិក ជំរុញទីផ្សារនិងការផ្សព្វផ្សាយឌីជីថល ការលើកកម្ពស់ផលិតភាព និងគុណភាពសេវាកម្មផងដែរ។
លោកប្រធាននាយកដ្ឋាន បានលើកឡើងពីការជំរុញវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់ក្រសួងទេសចរណ៍ តាមរយៈការអនុវត្តនូវផែនទីចង្អុលផ្លូវស្តីពីការស្តារវិស័យទេសចរណ៍ឡើងវិញក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ដោយក្នុងនោះក្រសួងទេសចរណ៍បានជំរុញសកម្មភាពយុទ្ធសាស្ត្រចំនួន ១៥ និងសកម្មភាពលម្អិតចំនួន ៤២ និងបានបញ្ជូលផែនការនេះទៅក្នុងរបៀបវារៈនៃផែនទីចង្អុលផ្លូវបច្ចេកវិទ្យាផ្នែកទេសចរណ៍ របស់ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។