ក្រសួងទេសចរណ៍អំពាវនាវដល់គ្រប់សមាគមឧស្សាហកម្មទេសចរណ៍កម្ពុជា ប្រតិបត្តិករទេសចរណ៍ដែលជាម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ និងភាគីពាក់ព័ន្ធទាំងអស់ចូលរួមរៀបចំ “ការបញ្ចូលទិន្នន័យបុគ្គលិកដែលបម្រើការក្នុងវិស័យទេសចរណ៍ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួចតាមប្រព័ន្ធ (Telegram Bot)"
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូអនឡាញ (Zoom Meeting) ក្រសួងទេសចរណ៍បានរៀបចំវគ្គបណ្តុះបណ្តាលជនបង្គោលស្តីពី “ការបញ្ចូលទិន្នន័យបុគ្គលិកដែលបម្រើការក្នុងវិស័យទេសចរណ៍ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួចតាមប្រព័ន្ធ (Telegram Bot)" ក្រោមអធិបតីភាព ឯកឧត្តម ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយមានការចូលរួមពីមន្ទីរទេសចរណ៍រាជធានី-ខេត្ត និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍សរុប ១២៧នាក់។
ថ្លែងក្នុងវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តម ណេប សាមុត បានជម្រាបជូនអង្គពិធីថា គោលបំណងនៃការបញ្ចូលទិន្នន័យបុគ្គលិកដែលបម្រើការក្នុងវិស័យទេសចរណ៍ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួចតាមប្រព័ន្ធ (Telegram Bot) នេះដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឹកូវីដ-១៩ ពិសេសក្នុងការជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការពន្លឿនការស្តារឡើងវិញនៃវិស័យទេសចរណ៍ដែលបាននឹងកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងពីវិបត្តិកូវីដ-១៩ ក៏ដូចជាដើម្បីត្រៀមខ្លួចរួចរាល់ក្នុងការបើកបម្រើសេវាកម្មទេសចរណ៍ ឡើងវិញប្រកដោយទំនុកចិត្ត និងសុខសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលធ្វើដំណើរកម្សាន្តក្នុងព្រះរាជណាចក្រកម្ពុជា និងដើម្បីពង្រឹង “ជំនឿ ភាពជឿជាក់ និងទំនុកចិត្ត” នៃអាជីវកម្មទេសចរណ៍ក្នុងបរិបទ គន្លងប្រក្រតីភាពថ្មី (New Normal) ដោយអាជីវកម្មក៏ត្រូវធានាឱ្យបានថា បុគ្គលិកដែលបម្រើការក្នុងវិស័យទេសចរណ៍ទាំងអស់បានចាក់វ៉ាក់សាំងគ្រប់គ្នា និងគ្រប់ដូសតាមការកំណត់របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។
ឯកឧត្តម ណេប សាមុត ក៏បានប្រគល់បណ្ណផ្សព្វផ្សាយស្តីពី “នីតិវិធីបញ្ចូលទិន្នន័យបុគ្គលិកដែលបម្រើការក្នុងវិស័យទេសចរណ៍ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ទៅក្នុងប្រព័ន្ធ (Telegram Bot)” ដល់តំណាងមន្ទីរទេសចរណ៍រាជធានី-ខេត្ត តំណាងសមាគមឧស្សាហកម្មទេសចរណ៍កម្ពុជា និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ដើម្បីចូលរួមផ្សព្វផ្សាយ និងធ្វើការបណ្តុះបណ្តាលបន្តដល់សមាជិក និងប្រតិបត្តិករទេសចរណ៍។