លោកជំទាវរដ្ឋលេខាធិការ ហ៊ុន ដានី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធពិព័រណ៍ទេសចរណ៍ជប៉ុនលើកទី៤

(ភ្នំពេញ)៖ នាព្រឹកថ្ងៃសៅរ៍ ២រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ លោកជំទាវរដ្ឋលេខាធិការ ហ៊ុន ដានី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសម្ពោធពិព័រណ៍ទេសចរណ៍ជប៉ុនលើកទី៤ ឆ្នាំ២០២២ (The 4th Japan Travel Fair 2022) នៅផ្សារទំនើបអុីអន (AEON Mall 1) ដោយមានការចូលរួមពីតំណាងស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា តំណាងស្ថាប័នទេសចរណ៍ជាតិជប៉ុនប្រចាំការិយាល័យទីក្រុងបាងកក និងឯកឧត្តម លោកជំទាវ លោក លោកស្រីភ្ញៀវកិត្តិយសជាតិ-អន្តរជាតិជាច្រើនរូប។
នៅក្នុងសុន្ទរកថារបស់លោកជំទាវរដ្ឋលេខាធិការ ហ៊ុន ដានី បានលើកឡើងថា “កម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព កក់ក្តៅ ស្អាត និងបៃតង” ។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជាសម្រេចបានជោគជ័យក្នុងការទប់ស្តាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងបានបើកទទួលទេសចរអន្តរជាតិឡើងវិញទាំងស្រុង ដោយរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ និងផែនការយុទ្ធសាស្ត្រនានាក្នុងការស្តារវិស័យសេដ្ឋកិច្ច-សង្គម និងទេសចរណ៍ឡើងវិញ ព្រមទាំងយុទ្ធនាការទស្សនាកម្ពុជាឆ្នាំ២០២៣ បានធ្វើឱ្យកំណើនទេសចរអន្តរជាតិមកកម្ពុជាក្នុងរយៈពេល ១០ខែដើមឆ្នាំ២០២២ ប្រមាណ ១,៥៧លាននាក់ កើនឡើង ៩៩១% ក្នុងនោះទេសចរជប៉ុនមានចំនួន ១៩,៧៩៤នាក់ កើនឡើង ១២៨៧% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ហើយកម្ពុជារំពឹងថានឹងទទួលបានទេសចរអន្តរជាតិប្រមាណ៣លាននាក់ នៅឆ្នាំ២០២៣ ក្នុងនោះទេសចរជប៉ុនប្រមាណ ៦៤,៧០២នាក់។
លោកជំទាវបានលើកឡើងទៀតថា ជប៉ុនគឺជាមិត្តយុទ្ធសាស្រ្តកម្រិតខ្ពស់របស់កម្ពុជា ដែលមានកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យរួមមាន វិស័យទេសចរណ៍ផងដែរ។ ជាក់ស្តែងទៀត ក្នុងជំនួបរវាងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយ ឯកឧត្តម មីកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ក៏បានបញ្ជាក់អំពីគោលបំណងបន្តកិច្ចសហប្រតិបត្តិការក្នុងវិស័យដឹកជញ្ជូនទេសចរដោយជំរុញឱ្យមានការហោះហើរត្រង់ឡើងវិញរវាងកម្ពុជានិងជប៉ុន ដើម្បីជំរុញកំណើនទេសចររវាងប្រទេសទាំងពីរក្នុងដំណាក់កាលនៃការស្តារវិស័យទេសចរណ៍ឡើងវិញ ដោយកម្ពុជារំពឹងថានឹងទទួលបានទេសចរ និងវិនិយោគិនជប៉ុនកាន់តែច្រើនថែមទៀត ហើយនៅពេលខាងមុខ ក្រសួងទេសចរណ៍កម្ពុជាត្រៀមនឹងចូលរួមព្រឹត្តិការណ៍ Cambodia Festival និងពិព័រណ៍ទេសចរណ៍អន្តរជាតិ JATA Tourism Expo ឆ្នាំ២០២៣ នៅប្រទេសជប៉ុនផងដែរ។
លោកជំទាវរដ្ឋលេខាធិការ បានថ្លែងរំពឹងថា ពិព័រណ៍ទេសចរណ៍ជប៉ុនលើកទី៤ នេះ នឹងក្លាយជាចលករយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ទំនងទ្វេភាគីរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុនឱ្យកាន់តែប្រសើរឡើង ជាពិសេសលើវិស័យទេសចរណ៍នៅក្នុងដំណាក់កាលនៃការស្តារឡើងវិញក្រោយវិបត្តិកូវីដ-១៩ តាមរយៈទំនាក់ទំនងរវាងកម្ពុជា និងជប៉ុនដែលមានរួចស្រាប់ហើយនោះ ការតភ្ជាប់រំហូរទេសចរណ៍រវាងប្រជាជនកម្ពុជា និងប្រជាជនជប៉ុននឹងកាន់តែមានភាពងាយស្រួលបន្ថែមទៀត។ ជាងនេះទៀត នឹងជួយផ្សព្វផ្សាយអំពីព្រឹត្តិការណ៍នានា និងវប្បធម៌របស់កម្ពុជាដល់ប្រជាជនជប៉ុន ក៏ដូចជាទេសចរអន្តរជាតិនៅប្រទេសជប៉ុនឱ្យបានដឹង បានស្គាល់ និងបានមកទស្សនាកម្ពុជាកាន់តែច្រើនឡើងនៅឆ្នាំទស្សនាកម្ពុជា២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (32nd SEA GAMES) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN PARA Games)។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ ហ៊ុន ដានី ក៏បានសម្តែងនូវការអបអរសាទរយ៉ាងក្លៀវក្លាសម្រាប់ «ខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន» ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ នាពេលខាងមុខនេះ៕

 

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.