ក្រសួងទេសចរណ៍បណ្តុះបណ្តាលអ្នកវាយតម្លៃបង្គោលជាតិ «ផ្នែកចុងភៅ» ដោយអនុលោមតាមយន្តការអាស៊ាន
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ សហការជាមួយផ្នែកឯកជនក្រុមហ៊ុនថាលាស (Thalias) អង្គការ Assist វិទ្យាស្ថាន William Angliss ក្រោមការគាំទ្ររបស់រដ្ឋាភិបាលអាឡឺម៉ង់ បានរៀបចំវគ្គបណ្ដុះបណ្ដាលអ្នកវាយតម្លៃផ្នែកចុងភៅ សម្រាប់ធ្វើការវាយតម្លៃបន្ដដល់អ្នកជំនាញផ្សេងៗទៀត ចាប់ពីថ្ងៃទី២០-៣០ ខែកញ្ញា ឆ្នាំ២០២១ ពោលគឺបន្ទាប់ពីជំងឺកូវីដ១៩ ថមថយ។
ឯកឧត្ដម ទ្រី ឈីវ ប្រធានលេខាធិការដ្ឋានគណ:កម្មាធិការជាតិអ្នកជំនាញទេចរណ៍ និងជាប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន បានបញ្ជាក់ប្រាប់នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ នេះថា វគ្គសិក្សានេះធ្វើតាមប្រព័ន្ធអនឡាញ ១០ នាក់ និងផ្ទាល់ ១០ នាក់ ឆ្លាស់គ្នា ដោយអនុវត្តវិធានសុខាភិបាលបានល្អប្រសើរ។ អ្នកចូលរួមបានចាក់វ៉ាក់សាំងពេញលេញ និងដូសជំរុញ ព្រមទាំងធ្វើតេស្តរហ័សជាប្រចាំ។
ឯកឧត្ដម ទ្រី ឈីវ បានបន្តថា វគ្គបណ្ដុះបណ្ដាលត្រូវបានរៀបចំដោយអនុវត្តតាមយន្តការ និងគរុកោសល្យអាស៊ាន ក្នុងក្របខណ្ឌនៃការអនុវត្តកិច្ចព្រៀមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (MRA)។ វគ្គបណ្ដុះបណ្ដាលក៏ឆ្លើយតបនឹងផែនការលើកស្ទួយ និងស្ដារវិស័យទេសចរណ៍អំឡុងនិងក្រោយវិបត្តិកូវីដ១៩ ក្នុងការត្រៀមបើកសកម្មភាពទេសចរណ៍ទូលំទូលាយឡើងវិញ ក៏ដូចជាគាំទ្រដល់ការអភិវឌ្ឍជំនាញទេចរណ៍អាស៊ាន ព្រោះថាជំនាញចុងភៅជាជំនាញមួយក្នុងចំណោមជំនាញចំនួន ៣២ ទទួលស្គាល់ដោយអាស៊ាន ក្នុងការធ្វើបម្លាស់ទីការងារ ស្របតាមយន្តការអាស៊ាន។
ឯកឧត្ដមបានបញ្ជាក់ដែរថា ក្រសួងទេសចរណ៍បានដាក់ចុះអនុវត្តយន្តការវាយតម្លៃអ្នកជំនាញដែលមានបទពិសោធន៍ តែពុំទាន់មានវិញ្ញាបនបត្រទទួលស្គាល់ ដើម្បីផ្ដល់ទទួលបានវិញ្ញាបនបត្រ ឬសញ្ញាបត្រទទួលស្គាល់ សម្រួលដល់ការសិក្សាបន្ត ក៏ដូចជាអភិវឌ្ឍជំនាញតាមក្របខណ្ឌជាតិ និងអាស៊ាន។
ឯកឧត្ដមបានបន្តទៀតថា សិក្ខាកាមនឹងត្រូវធ្វើការវាយតម្លៃសមត្ថភាពបណ្ដុះបណ្ដាលបន្តនៅពេលបញ្ចប់វគ្គ។ ជ័យលាភីនឹងទទួលបានវិញ្ញាបនបត្រជាអ្នកវាយតម្លៃបង្គោលជាតិ ហើយនឹងត្រូវចុះឈ្មោះក្នុងប្រព័ន្ធចុះបញ្ជីអ្នកជំនាញទេចរណ៍អាស៊ាន (www.atprs.org) ជាការទទួលស្គាល់ក្នុងតំបន់។
សូមជម្រាបថា បច្ចុប្បន្ន មានគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលកម្ពុជាក្នុងសេវាកម្មសណ្ឋាគារ និងសេវាកម្មធ្វើដំណើរប្រមាណ ៦០០ នាក់ ដែលបានទទួលការបណ្ដុះបណ្ដាលស្គាល់ដោយអាស៊ាន ព្រមទាំងបានចូលរួមបណ្ដុះបណ្ដាលដល់អ្នកជំនាញផ្សេងៗទៀត ស្របតាមប្រព័ន្ធគុណវុឌ្ឍិជាតិ និងអាស៊ាន ក្នុងជំនាញទាំង ៣២៕