ឯកឧត្ដមរដ្ឋមន្ត្រីទេសចរណ៍៖ ការអភិវឌ្ឍថ្មីៗ និងការទប់ស្កាត់កូវីដបានល្អ ជាកត្តាទាក់ទាញភ្ញៀវទេសចរឱ្យមកខេត្តព្រះសីហនុ (ព្រះសីហនុ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា មានកត្តាជាច្រើនដែលបានចូលរួមទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាខេត្តព្រះសីហនុ

(ព្រះសីហនុ)៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា មានកត្តាជាច្រើនដែលបានចូលរួមទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាខេត្តព្រះសីហនុ ក្នុងនោះមានដូចជាការសម្រេចបាននូវការចាក់វ៉ាក់សាំងជូនប្រជាជន និងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ការអភិវឌ្ឍទីក្រុងវៃឆ្លាត សមិទ្ធផលផ្លូវទាំង៣៤ខ្សែ និងប្រព័ន្ធហេដ្ឋារចនាសម្ពន្ធថ្មីៗ សណ្ដាប់ធ្នាប់ សោភ័ណសមុទ្រ-ឆ្នេរ-កោះ ការរៀបចំព្រឹត្តិការណ៍អន្តរជាតិនានា និងលក្ខណសម្បត្តិជាច្រើនទៀត។
ក្នុងពេលចុះត្រួតពិនិត្យមូលដ្ឋានអាជីវកម្មនៅតាមឆ្នេរសមុទ្រនៃក្រុងព្រះសីហនុ ល្ងាចថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ លោករដ្ឋមន្ត្រី ថោង ខុន បានផ្ដល់កិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានយ៉ាងដូច្នេះថា ខេត្តព្រះសីហនុ គឺជាគោលដៅទេសចរណ៍ដ៏ពិសេសមួយសម្រាប់ការបើកទទួលទេសចរណ៍វ៉ាក់សាំង ស្របពេលដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបើកប្រទេសទទួលទេសចរឡើងវិញ។
ឯកឧត្ដមរដ្ឋមន្ត្រីបានលើកហេតុផលចម្បងៗថា គោលដៅខេត្តព្រះសីហនុ គឺមានលក្ខណសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលភ្ញៀវទេសចរដែលចាក់វ៉ាក់សាំងរួចរាល់ ជាគោលដៅសុវត្ថិភាពស្របតាមសូចនាករគោលដែលក្រសួងទេសចរណ៍បានដាក់ចុះ ក្នុងនោះរួមមាន៖
* សូចនាករទី១៖ នៅក្នុងគោលដៅទេសចរណ៍សុវត្ថិភាពនីមួយៗ ប្រជាជនត្រូវចាក់វ៉ាក់សាំង២ដូសយ៉ាងហោចឱ្យបាន៨០%។ លោកថា នៅក្រុងព្រះសីហនុនេះមានប្រជាជនដែលបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ចំនួន២ដូសដល់ទៅ១០០% អ្នកខ្លះក៏បានចាក់ដល់ទៅ៣ដូសទៅទៀត។ នេះជាមូលដ្ឋានគ្រឹះមួយដែលផ្ដល់ជាសញ្ញាដ៏រឹងមាំក្នុងការជឿទុកចិត្តរបស់ភ្ញៀវទេសចរ។
* សូចនាករទី២៖ នៅក្នុងគោលដៅទេសចរណ៍សុវត្ថិភាពនីមួយៗ គេពិនិត្យទៅលើអត្រានៃអ្នកឆ្លង និងអ្នកដែលស្លាប់ដោយសារកូវីដ គឺមានការថយចុះដែរឬទេ។ ជាក់ស្ដែងនៅខេត្តព្រះសីហនុ គឺមានការគ្រប់គ្រងការរីករាលដាលជំងឺនេះបានល្អណាស់ ដែលមិនមានហានិភ័យនោះឡើយ។
* សូចនាករទី៣៖ ត្រូវរៀបចំលក្ខណសម្បត្តិខាងផ្នែកសុខាភិបាលនៅតាមគោលដៅនីមួយៗ គឺត្រូវមានមន្ទីរពេទ្យ មន្ទីរពិសោធន៍ មានមធ្យោបាយសម្រាប់ព្យាបាលនៅពេលមានករណីឆ្លង។ លោកថា នៅខេត្តព្រះសីហនុក៏ដូចជានៅរាជធានីភ្នំពេញ និងខេត្តសៀមរាប គឺធ្វើកិច្ចការនេះបានល្អ។
* សូចនាករទី៤៖ នៅក្នុងគោលដៅទេសចរណ៍សុវត្ថិភាពនីមួយៗ ផ្នែកឯកជនត្រូវត្រៀមលក្ខណសម្បត្តិក្នុងការទទួលភ្ញៀវទេសចរ ក្នុងនោះមូលដ្ឋានអាជីវកម្មទាំងអស់ តើមានលក្ខណសម្បត្តិសម្រាប់ទទួលភ្ញៀវទេសចរបានហើយឬនៅ។ ជាក់ស្ដែង អ្នកធ្វើការនៅក្នុងមូលដ្ឋានអាជីវកម្មទាំងអស់នៅក្នុងគោលដៅក្រុងព្រះសីហនុ គឺបានចាក់វ៉ាក់សាំង១០០%គ្រប់គ្នាហើយ។
ឯកឧត្ដមបានបន្តទៀតថា ផ្អែកលើសូចនាករទាំងនេះហើយ ដែលកម្ពុជាហ៊ានផ្សព្វផ្សាយចេញទៅក្រៅប្រទេស ក្នុងនោះភ្ញៀវទេសចរក៏បានចាប់ផ្ដើមធ្វើដំណើរចូលមកកម្ពុជាកាន់តែច្រើនឡើងៗ។ លោកថា ចាប់តាំងពីសម្ដេចតេជោនាយករដ្ឋមន្ត្រីប្រកាសបើកប្រទេសមក ជនបរទេសដែលបានចូលមកតាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានការកើនឡើងរហូតដល់ជាង៧០០នាក់ក្នុងមួយថ្ងៃ ក្នុងនោះមានទាំងអ្នកដំណើរ និងភ្ញៀវទេសចរ។ នៅទូទាំងប្រទេស គឺមានការកើនឡើងជើងហោះហើររហូតដល់២៨ជើងក្នុងមួយថ្ងៃ ក្នុងនោះនៅអាកាសយានដ្ឋានអន្តរជាតិកងកេង ខេត្តព្រះសីហនុ ក៏បានកើនឡើង៩ជើងក្នុងមួយថ្ងៃផងដែរ។
ឯកឧត្ដម ថោង ខុន បន្តលើកឡើងថា ភ្ញៀវទេសចរនឹងមកទស្សនាខេត្តព្រះសីហនុកាន់តែច្រើន ក៏ព្រោះកម្ពុជានឹងមានរៀបចំព្រឹត្តិការណ៍អន្តរជាតិជាច្រើន ដូចជា នៅថ្ងៃទី១២-១៧ ខែធ្នូ ឆ្នាំ២០២១ ខាងមុខ កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រណាំងទូកក្ដោងជម្រើសជើងឯកអាស៉ីអាគ្នេយ៍ ដែលព្រឹត្តិការណ៍កីឡានេះនឹងរៀបចំនៅសមុទ្រនៃក្រុងព្រះសីហនុ។ មកដល់ពេលនេះ អ្នកដែលបានចុះឈ្មោះចូលរួម រួមមាន សិង្ហបុរី ម៉ាឡេស៉ី ថៃ រួមទាំងកម្ពុជាផង។
លោកបានបន្តថា នៅថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ ខាងមុខដែរ កម្ពុជាទទួលរៀបចំព្រឹត្តិការណ៍វេទិកាទេសចរណ៍អាស៊ាន (ATF2022) ដោយក្នុងនោះកម្ពុជាបានអញ្ជើញរដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសសមាជិកអាស៊ានទាំង១០ រួមទាំងមានអ្នកចូលរួមសរុបប្រមាណ៦០០នាក់។
ម្យ៉ាងវិញទៀត នៅចុងឆ្នាំ២០២២ កម្ពុជាក៏នឹងទទួលរៀបចំមហាសន្និបាតក្លឹបឆ្នេរអន្តរជាតិ និងការរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រនៅខេត្តព្រះសីហនុនេះទៀតផងដែរ។ ក្រៅពីនេះនឹងមានព្រឹត្តិការណ៍ទេសចរណ៍ជាច្រើនទៀត។
ឯកឧត្ដមបានបន្តទៀតថា ខេត្តព្រះសីហនុអាចទទួលរៀបចំព្រឹត្តិការណ៍ជាតិ-អន្តរជាតិធំៗបានទាំងអស់ មិនថាព្រឹត្តិការណ៍កីឡា ព្រឹត្តិការណ៍ទេសចរណ៍ និងកិច្ចប្រជុំកំពូលៗ (MICE) គឺអាចធ្វើបានទាំងអស់។
បើតាមឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន អ្វីដែលជាបំណងប្រាថ្នារបស់ភ្ញៀវទេសចរជាតិ-អន្តរជាតិនោះ គឺចង់ទស្សនានិងលេងកម្សាន្តនៅសមុទ្រ ឆ្នេរ និងកោះស្អាតៗនៅខេត្តព្រះសីហនុ។
ក្រៅពីនេះ ខេត្តព្រះសីហនុក៏ថែមទាំងមានភាពទាក់ទាញផ្សេងទៀតដែរ ដូចជា ការអភិវឌ្ឍទីក្រុងវៃឆ្លាត សមិទ្ធផលផ្លូវទាំង៣៤ខ្សែ និងប្រព័ន្ធហេដ្ឋារចនាសម្ពន្ធថ្មីៗដែលស្ថាបនាឡើងស្របតាមស្ដង់ដាអន្តរជាតិ ការគិតគូរអំពីសោភ័ណឆ្នេរ ការរៀបចំសណ្ដាប់ធ្នាប់បានល្អ នៅតាមកោះនានាក៏មានការបង្កើតរីសតច្រើន រីឯមូលដ្ឋានអាជីវកម្មដែលមានឧបនិស្ស័យគាំទ្រវិស័យទេសចរណ៍ក៏មានច្រើនដែរ ដែលជាការទាក់ទាញចំណាប់អារម្មណ៍យ៉ាងសំខាន់សម្រាប់ទេសចរណ៍ផ្ទៃក្នុង ក៏ដូចជាទេសចរអន្តរជាតិ។
ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់លើការរៀបចំអាងចម្រោះទឹកកខ្វក់មុនបង្ហូរចូលទឹកសមុទ្រ ពីព្រោះការថែរក្សាបរិស្ថាន សោភ័ណភាពទឹកសមុទ្រ គឺជាកិច្ចការចាំបាច់របស់ភាគីពាក់ព័ន្ធ មិនអាចឱ្យទឹកសមុទ្រកខ្វក់ខូចសោភ័ណភាព ខូចបរិស្ថាននោះឡើយ។
ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងទេសចរណ៍រូបនេះបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់គោលដៅនេះជាតំបន់សេដ្ឋកិច្ចពហុបំណង ក្នុងនោះរាជរដ្ឋាភិបាលក៏មានគម្រោងអភិវឌ្ឍន៍ច្រើនទៀតនៅក្នុងខេត្តព្រះសីហនុ ក៏មានផែនការទាក់ទាញភ្ញៀវទេសចរឱ្យបានច្រើនលាននាក់ ការពង្រីកសមត្ថភាពរបស់អាកាសយានដ្ឋានកងកេងដែលអាចឱ្យយន្តហោះខ្នាតធំចុះចតបាន ហើយនៅថ្ងៃអនាគតនឹងមានរថភ្លើងល្បឿនលឿនមកកាន់ខេត្តព្រះសីហនុ និងនាវាទេសចរណ៍ខ្នាតយក្សមកបានផងដែរ។ សម្រាប់ទេសចរដែលមកតាមនាវាយក្សទាំងនោះនឹងភ្ជាប់ទៅកាន់គោលដៅសៀមរាបបន្តទៀត ហើយភ្ញៀវទេសចរចូលសៀមរាបមុនក៏នឹងភ្ជាប់មកគោលដៅព្រះសីហនុវិញដែរ។ នៅខេត្តសៀមរាបជាគោលដៅទេសចរណ៍ប្រវត្តិសាស្ត្រ វប្បធម៌ដ៏ទាក់ទាញមួយសម្រាប់ពិភពលោកទាំងមូល ប៉ុន្តែនៅខេត្តព្រះសីហនុគឺជាគោលដៅឆ្នេរស្អាតមិនចាញ់ប្រទេសដទៃឡើយ។
ឯកឧត្ដមរដ្ឋមន្ត្រីបានបង្ហើបទៀតថា «នៅថ្ងៃអនាគត កំពង់ផែក្រុងព្រះសីហនុនឹងក្លាយជាទីតាំងផ្លាស់ប្ដូរពាណិជ្ជកម្មអន្តរជាតិ ដូចទៅនឹងកំពង់ផែនៅសិង្ហបុរីដែរ»៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.