សត្វស្លាបចំនួន១៣២ប្រភេទ ត្រូវបានកត់ត្រានៅតំបន់អភិរក្សបឹងព្រែកល្ពៅ
សត្វស្លាបសរុបចំនួន ១៣២ប្រភេទ ត្រូវបានកត់ត្រានៅក្នុងតំបន់អភិរក្សសត្វស្លាបបឹងព្រែកល្ពៅ ក្នុងខេត្តតាកែវ។ សត្វស្លាបទាំងនោះត្រូវបានចុះក្នុងរបាយការណ៍ស្ដីពីស្ថានភាពប្រភេទសត្វស្លាបសំខាន់ៗដែលចេញផ្សាយដោយអង្គការ NatureLife Cambodia កាលពីពេលថ្មីៗនេះ។
របាយការណ៍ដែលមាន៣៧ទំព័រ បាននិយាយថា “ប្រភេទសត្វស្លាបដែលត្រូវបានគេសង្កេតឃើញនៅក្នុងតំបន់អភិរក្សសត្វស្លាបបឹងព្រែកល្ពៅ រួមមាន ១៣២ ប្រភេទនៅក្នុងតំបន់អភិរក្ស។ ទោះជាយ៉ាងណាក៏ដោយ កំណត់ត្រាចំនួនសត្វស្លាបផ្លូវការគឺមានតែ ១០១ប្រភេទប៉ុណ្ណោះ។ សត្វស្លាបផ្សេងទៀតនៅក្នុងបញ្ជីដែលបានកត់ត្រាមិនមានចំនួននោះទេ។ និន្នាការចំនួននៃប្រភេទបក្សីទាំងនេះ ត្រូវបានត្រួតពិនិត្យពីឆ្នាំ២០០៣ ដល់ឆ្នាំ២០២១។ និន្នាការចំនួននៃប្រភេទសត្វស្លាបសំខាន់ៗភាគច្រើនបានកើនឡើងបន្តិចពីឆ្នាំ២០០៣ដល់ឆ្នាំ២០១៦ ហើយក្រោយមកបានចាប់ផ្តើមធ្លាក់ចុះ”។
របាយការណ៍បានបន្ថែមថាមានតែសត្វស្លាបពីរប្រភេទប៉ុណ្ណោះដែលត្រូវបានកត់ត្រាថាមានការកើនឡើងគឺសត្វចាបទ្រូងលឿង (yellow-breasted Bunting) ដែលប្រើបឹងព្រែកល្ពៅ ជាជម្រកសម្រាប់រដូវរងារ និងចង្កៀលខ្យង (Asian Open bill) ដែលប្រើបឹងព្រែកល្ពៅ ជាកន្លែងកាច់សំបុក។
របាយការណ៍បានគូសបញ្ជាក់ថា សត្វស្លាបចំនួន ១៤ ក្នុងចំណោមប្រភេទសត្វទាំង ១៣២ប្រភេទ ដែលបានកត់ត្រាត្រូវបានចុះក្នុងបញ្ជីជាប្រភេទសត្វដែលរងការគំរាមកំហែងជាសកល។
យោងតាមរបាយការណ៍ បឹងព្រែកល្ពៅ នៅតែមានតម្លៃខ្លាំងណាស់សម្រាប់ជីវចម្រុះ។ វាជាវាលស្មៅ និងតំបន់ដីសើមដ៏ធំបំផុតដែលនៅសេសសល់តាមរដូវកាលនៅតំបន់ដីសណ្តទន្លេមេគង្គក្រោមនៃប្រទេសកម្ពុជា។ បរិស្ថាននេះផ្តល់ជម្រកដល់ប្រភេទសត្វជាច្រើន រួមទាំងប្រភេទសត្វមួយចំនួនដែលត្រូវបានចាត់ថ្នាក់ថាជាសត្វរងការគំរាមកំហែងធ្ងន់ធ្ងរ ជិតផុតពូជ ងាយរងគ្រោះ ជិតរងការគំរាមកំហែង និងព្រួយបារម្ភបំផុត។
ហ្វូងសត្វស្លាបដែលជិតផុតពូជដែលគេស្គាល់ច្រើនជាងគេនៅក្នុងបឹងព្រែកល្ពៅ គឺជាសត្វចាប់ទ្រូងលឿង ដែលតំណាងឱ្យប្រហែលជាក្រុមធំជាងគេមួយនៅអាស៊ីអាគ្នេយ៍។
បឹងព្រែកល្ពៅ ក៏គាំទ្រផ្នែកមួយនៃចំនួនសត្វក្រៀល (Saurus Crane) នៅកន្លែងរដូវរងារបស់ពួកគេនៅតំបន់ដីសណ្ដទន្លេមេគង្គក្រោម។ ចាប់ពីខែវិច្ឆិកាដល់ខែមករា ចំនួនសត្វក្រៀលភាគច្រើន នៅតំបន់ដីសណ្តទន្លេមេគង្គក្រោម រកចំណីនៅ បឹងព្រែកល្ពៅ មុនពេលផ្លាស់ទៅសហគមន៍សត្វក្រៀលបឹងអន្លង់ព្រីង ក្នុងខែកុម្ភៈ។ AKP