ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ វាយតម្លៃខ្ពស់ចំពោះកម្មវិធីពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍ ៤ឆ្នាំមកនេះ
ក្នុងរយៈពេលជាង ៤ឆ្នាំ ដែលកម្ពុជាបានដាក់ឱ្យអនុវត្តកម្មវិធីពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍ គឺបានចូលរួមជាផ្លែផ្កាដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ជាពិសេស ជួយស្តារវិស័យទេសចរណ៍ក្នុងអំឡុងពេលទទួលរងឥទ្ធិពលកូវីដ១៩។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួង ទេសចរណ៍ ដែលបានចេញផ្សាយនៅថ្ងៃនេះ។
ក្រសួងទេសចរណ៍ និងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២២ បានរៀបចំ "សិក្ខាសាលាផ្សព្វផ្សាយសមិទ្ធផលនៃការអនុវត្តកម្មវិធីពង្រឹងសមត្ថភាពពាណិជ្ជកម្ម ក្នុងវិស័យទេសចរណ៍" (TCBP) ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហ្សាក់ បឺឡេ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា និងលោកស្រី សង់ឌីន ប៊ូស្សេ នាយិកាទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ប្រចាំកម្ពុជា។
ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងតាមរយៈសេចក្តីប្រកាសព័ត៌មានថា ក្រោយការដាក់ឱ្យអនុវត្តអស់រយៈពេលជាង ៤ឆ្នាំ កន្លងមកនេះ ឃើញមានសមិទ្ធផលសំខាន់ៗជាច្រើនដែលត្រូវបានសម្រេចក្រោមក្របខ័ណ្ឌនៃកម្មវិធី ដែលបានចូលរួមជាផ្លែផ្កាដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ជាពិសេស អំឡុងពេលទទួលរងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដែលមិនធ្លាប់មានពីវិបត្តិជំងឺកូវីដ១៩ សកម្មភាពជាច្រើនរបស់ TCBP ត្រូវបានបង្វែរមកចូលរួមដល់ការខិតខំស្តារ និងជំរុញកំណើនទេសចរណ៍ឡើងវិញពីវិបត្តិ ស្របតាមការចង្អុលបង្ហាញនៅក្នុង «ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ១៩»។
លោកឱ្យដឹងថា ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ បានផ្ដល់ហិរញ្ញប្បទានឥណទាន ក្នុងទំហំទឹកប្រាក់ចំនួន ១១លានអឺរ៉ូ សម្រាប់សាងសង់សាលាជាតិវិជា្ជជីវៈទេសចរណ៍ចំនួន ២ទីតាំង នៅរាជធានីភ្នំពេញ និងនៅខេត្តព្រះសីហនុ ដែលបានប្រារព្ធពិធីបើកការដ្ឋានសាងសង់ជាផ្លូវការ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។
លោកថា៖ «ការផ្តល់ហិរញ្ញប្បទានឥតសំណង សម្រាប់ការអនុវត្តកម្មវិធីពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍ (TCBP) នេះ ផ្សារភ្ជាប់ នឹងគម្រោងសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ គឺជាសក្ខីភាពដ៏សំខាន់មួយទៀតនៃការគាំទ្ររបស់បារាំង ដើម្បីភាពរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជា។
លោក ហ្សាក់ បឺឡេ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា បានចាត់ទុកការអនុវត្តគម្រោងទាំងឡាយនេះថា ជាសក្ខីភាពមួយទៀតនៃការចូលរួមរបស់ប្រទេសបារាំងក្នុងការជួយដល់វិស័យសេដ្ឋកិច្ច សង្គមរបស់ប្រទេសកម្ពុជា។
លោកជឿជាក់ថា ផ្លែផ្កានៃការអនុវត្តកម្មវិធីពង្រឹងសមត្ថភាពពាណិជ្ជកម្ម ក្នុងវិស័យទេសចរណ៍ (TCBP) នេះ នឹងជួយបង្កើតឱកាសសេដ្ឋកិច្ចសម្រាប់ប្រតិបត្តិករទេសចរណ៍ និងសហគមន៍ទេសចរណ៍មូលដ្ឋាន និងជួយផ្សព្វផ្សាយពីទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារពិភពលោក កាន់តែទូលំទូលាយ ដែលជាប្រយោជន៍ឆ្ពោះទៅការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជានាពេលខាងមុខ។
ជាមួយគ្នានេះ លោក អាំង សុវណ្ណរ័ត្ន អគ្គនាយករងនៃក្រសួងទេសចរណ៍ និងជានាយកកម្មវិធី TCBP បានឱ្យដឹងថា ជាលទ្ធផលកម្មវិធី TCBP នេះបានអនុវត្តលើសកម្មភាពចម្បងៗ ចំនួន ១៨ ដែលផ្តោតសំខាន់លើការពង្រឹងសមត្ថភាពក្រសួងទេសចរណ៍ ក្នុងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា ការពង្រឹងសមត្ថភាពវិស័យឯកជន ក្នុងវិស័យទេសចរណ៍ ការសិក្សាស្រាវជ្រាវ និងការអនុវត្តគម្រោងគំរូ។
លោកបានឱ្យដឹងថា កម្មវិធីពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍ បានចាប់ផ្តើមអនុវត្តចាប់ពីពាក់កណ្ដាលឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២២ ពោលគឺមានរយៈពេល ៤ ឆ្នាំកន្លះ ក្រោមកិច្ចសហការរវាងក្រសួង ទេសចរណ៍ ទីភ្នាក់ងារបារាំង សម្រាប់អភិវឌ្ឍន៍ប្រចាំកម្ពុជា ដោយមានការចូលរួមធាតុចូល និងសម្របសម្រួលពីអគ្គនាយកដ្ឋាន វិទ្យាស្ថានជាតិ និងនាយកដ្ឋានជំនាញពាក់ព័ន្ធចំណុះឱ្យក្រសួងទេសចរណ៍ ការគាំទ្រពីក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិ និងរដ្ឋបាលរាជធានី-ខេត្ត ការចូលរួមពីវិស័យឯកជន និងមន្ទីរទេសចរណ៍រាជធានី-ខេត្ត។
គួរបញ្ជាក់ផងដែរថា ក្រោមក្របខ័ណ្ឌនៃកម្មវិធី TCBP បានអនុវត្តសកម្មភាពជាច្រើន ដូចជា ការសិក្សាស្រាវជ្រាវជាច្រើន ដែលត្រូវយកមកប្រើប្រាស់ជាមូលដ្ឋាន សម្រាប់ការរៀបចំផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ទេសចរណ៍ ទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងនៅតាមគោលដៅទេសចរណ៍សំខាន់ៗ និងការអភិវឌ្ឍថ្នាលបច្ចេកវិទ្យា គាំទ្រដល់ការកសាងទេសចរណ៍ឆ្លាតនៅកម្ពុជា រួមជាមួយការរៀបចំក្រមសីលធម៌វិជ្ជាជីវៈ និងក្រមប្រតិបត្តិវិជ្ជាជីវៈ សម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ និងសមាគមឧស្សាហកម្មទេសចរណ៍៕