កម្ពុជាចែកបទពិសោធន៍ក្នុងការចាប់ផ្តើមទេសចរណ៍ក្នុងស្រុកឡើងវិញ កំលុងពេលឈប់សម្រាកសងថ្ងៃចូលឆ្នាំ និងនិន្នាការទេសចរណ៍អាស៊ានថ្មីៗដល់សមាជិកអាស៊ាន-កូរ៉េ
(ភ្នំពេញ)៖ នាសិក្ខាសាលាទេសចរណ៍អាស៊ាន-កូរ៉េ ស្តីពីការស្តារឡើងវិញបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ «ទេសចរណ៍ឆ្លាតវៃសម្រាប់អាស៊ាន និងកូរ៉េ» នារសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្ដម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានចែករំលែកនូវបទពិសោធន៍ល្អៗដល់ប្រទេសសមាជិកអាស៊ាន និងសាធារណរដ្ឋកូរ៉េ ក្នុងការចាប់ផ្តើមឡើងវិញនូវទេសចរណ៍ផ្ទៃក្នុង ក្រោមការអនុវត្តវិធានសុវត្ថិភាពដ៏មានប្រសិទ្ធភាពរបស់ក្រសួងទេសចរណ៍។
ជាលទ្ធផល កម្ពុជាទទួលបានទេសចរជាតិ និងអន្តរជាតិប្រមាណ ១.៥លាននាក់ ក្នុងកំលុងពេលសងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំ រយៈពេល៥ថ្ងៃ ដែលរកចំណូលចូលថវិកាជាតិប្រមាណ ១០០លានដុល្លារអាមេរិក ដោយទទួលបានការគាំទ្រ និងកោតសរសើរពីអង្គការទេសចរណ៍ពិភពលោក។
ឯកឧត្ដម ថោង រដ្ឋសក្តិ ក៏បានបន្តថា ក្នុងនាមកម្ពុជាជាប្រធានស្ថាប័នទេសចរណ៍ជាតិអាស៊ាន ប្រទេសសមាជិកអាស៊ានបានស្នើកម្ពុជាដឹកនាំ ក្នុងការរៀបចំវិធានសុវត្ថិភាព និងអនាម័យអាស៊ាន សម្រាប់អ្នកបម្រើការងារ និងសហគមន៍អាស៊ាន និងរៀបចំបង្កើតផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍ក្រោយវិបត្តិកូវីដ-១៩។
ឯកឧត្ដមអគ្គនាយកក៏បានសង្ខេបជូនអង្គប្រជុំថា ដើម្បីជំរុញទំនុកចិត្តដល់ទេសចរជាតិ និងអន្តរជាតិឲ្យមកទស្សនាអាស៊ាន ដែលប្រទេសសមាជិកអាស៊ានក៏បានសម្រេចរៀបចំ៖
ទី១៖ ផែនការស្តារឡើងវិញនៃវិស័យទេសចរណ៍អាស៊ានបន្ទាប់ពី Covid-19
ទី២៖ គោលការណ៍ណែនាំរួមអាស៊ានស្តីពីសុវត្ថិភាព និងអនាម័យក្នុងវិស័យទេសចរណ៍អាស៊ាន
ទី៣៖ រៀបចំ ASEAN Travel Bubble Scheme។
គួរបញ្ជាក់ថា សិក្ខាសាលានេះមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំប្រទេសជាសមាជិកអាស៊ាន-កូរ៉េ និងផ្នែកឯកជនមួយចំនួន រួមមាន៖ លោក លី ហ៉ីយុក (Lee Hyuk) អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ លោក បេនីតូ ស៊ី បេងហ្សន ជេអរ (Benito C. Bengzon JR) អនុរដ្ឋលេខាធិការទេសចរណ៍ហ្វីលីពីន លោក ហ៊ែរី ហ្វាង (Harry Hwang) នាយកប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក (UNWTO) និងអគ្គរដ្ឋទូតនៃប្រទេសអាស៊ានទាំង ១០ ប្រចាំនៅប្រទេសកូរ៉េខាងត្បូងសរុបប្រមាណ ៦០រូប។
សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងដើម្បីដោះស្រាយផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ទៅលើវិស័យទេសចរណ៍ ដែលផ្តោតសំខាន់ទៅលើទេសចរណ៍ក្នុងប្រទេសសមាជិកអាស៊ាន និងប្រទេសកូរ៉េខាងត្បូង ចែករំលែកព័ត៌មានថ្មីៗ និងផ្លាស់ប្តូរបទពិសោធន៍ល្អៗ ដែលបានអនុវត្តដោយស្ថាប័នរដ្ឋ និងឯកជន ក្នុងការបង្កើតឲ្យមានឡើងវិញនូវទំនាក់ទំនងទេសចរណ៍រវាងបណ្តាប្រទេសសមាជិកអាស៊ាន និងកូរ៉េ ជាពិសេសតាមរយៈទេសចរណ៍ឆ្លាតវៃ (Smart Tourism)៕