កម្ពុជាជំរុញការផ្សព្វផ្សាយ និងទាក់ទាញទេសចរពីទីផ្សារទួរគី និងអឺរ៉ុប មកកម្ពុជាអោយកាន់តែច្រើន
ទីក្រុងអ៉ីស្តាន់ប៊ុល Istanbul, Turkey៖ នៅក្នុងពិព័ណ៍ទេសចរណ៍អន្តរជាតិ EMITT 2019 លើកទី២៣ ចាប់ពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីក្រុងអ៉ីស្តាន់ប៉ុល ប្រទេសទួរគី ប្រតិភូក្រសួងទេសចរណ៍ ដឹកនាំដោយឯកឧត្តម គុជ បញ្ញាសា អនុរដ្ឋលេខាធិការ ដោយមានការចូលរួមពីផ្នែកឯកជនចំនួន ៣ក្រុមហ៊ុន (Younes Tourism Co., Ltd, Charming Cambodia Tour, Eurasie Travel) បានចូលរួមផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជាដើម្បីទាក់ទាញទេសចរទួរគី និងអឺរ៉ុបមកកម្ពុជាឲ្យកាន់តែច្រើនថែមទៀត ខណៈដែលរដ្ឋាភិបាលកម្ពុជា និងទួរគីបាននិងកំពុងអនុវត្តស្មារតីអនុស្សារណៈយោគយល់គ្នា (MoU) លើវិស័យអាទិភាពនានា រួមទាំងវិស័យទេសចរណ៍ ដែលបានចុះហត្ថលេខាកាលពីអំឡុងខែតុលា ឆ្នាំ២០១៨ កន្លងមក នៅទីក្រុងអ៉ីស្តាន់ប៉ូល។
ឯកឧត្តម គុជ បញ្ញាសា អនុរដ្ឋលេខាធិការ និងជាប្រធានប្រតិភូ បានចូលរួមពិធីបើកជាផ្លូវការពិព័រណ៍ EMITT 2019 ក្រោមអធិបតីភាព ឯកឧត្តម Mehmet Nuri Ersoy រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍តួរគី និងលោក Ali Yerlikaya អភិ បាលក្រុងអ៉ីស្តាន់ប៊ុល កាលពីព្រឹកថ្ងៃទី៣១ មករា ឆ្នាំ២០១៩។
ពិព័រណ៍ EMITT ជាពិព័រណ៍ជាពិព័រណ៍ដ៏ធំមួយនៅអឺរ៉ុប មានអ្នកចូលរួមប្រមាណជា ៦ម៉ឺននាក់ មកពីប្រមាណ៩០ ប្រទេស។ ស្តង់ពិព័រណ៍ក្រសួងទេសចរណ៍ទទួលបានភ្ញៀវចូលទស្សនា និងសាកសួព័ត៌មានយ៉ាងផុលផុស។ ជាកិត្តិយសនៅថ្ងៃទី ៣១ ពន្លាក្រសួងទេសចរណ៍បានទទួលឯកឧត្តម Mehmet Nuri Ersoy រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ទួរគី និងលោក Ali Yerlikaya អភិបាលក្រុងអ៉ីស្តាន់ប៊ុល។ នៅថ្ងៃបន្ទាប់ លោក Alinur Aktas អភិបាលក្រុងពូរសា ក៏បានមកទស្សនានៅពន្លាក្រ សួងទេសចរណ៍ផងដែរ។
ក្រៅពីសកម្មភាពពិព័រណ៍ ប្រតិភូក្រសួងទេសចរណ៍ក៏ទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines, Asiana Airlines, Social Media, Bloggers ដើម្បីសហការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាទៅកាន់ទី ផ្សារទួរគី និងពិភពលោកឲ្យមកកម្ពុជាកាន់តែច្រើនថែមទៀត។
នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩ ជាថ្ងៃចុងបញ្ចប់ នៃពិព័រណ៍ EMITT 2019 ដែលបើកជាសាធារណៈសម្រាប់មហាជនចូលទស្សនា ស្តង់ពិព័រណ៍កម្ពុជាបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍ចំពោះឯកឧត្តម Isha Su ប្រតិភូរដ្ឋាភិបាល Turkey ទទួលបន្ទុកគ្រប់គ្រងតំបន់ Mersin ដែលមានសក្តានុពលសេដ្ឋកិច្ចធំមួយផ្នែកកំពង់ផែ។
ប្រតិភូក្រសួងក៏បានជួបពិភាក្សាការងារជាមួយក្រុមការងារមកពីទីក្រុង Bursa រួមមាន Mr. Eruiment Yilmal ប្រធានគ្រប់គ្រងទេសចរណ៍ Bursa, Mr. Anil Baxik អ្នកសម្របសម្រួលការងារទេសចរណ៍ ដែលជាតំបន់សេដ្ឋកិច្ចឧស្សាហកម្មផលិតគ្រឿងចក្រ និងវាយនភណ្ឌប្រកបដោយសក្តានុពលមួយក្នុងតំបន់ (Machinaries and Textile) ពួកគាត់មានបំណងសិក្សា ស្វែងយល់ពីសក្តានុពលទេសចរណ៍កម្ពុជា ការវិនិយោគ និងការតភ្ជាប់ទំនាក់ទំនងផ្នែកឯកជនវិស័យទេសចរណ៍រវាងកម្ពុជា និងទីក្រុង Bursa។
ក្នុងរយៈពេល៣ថ្ងៃនេះ ស្តង់កម្ពុជាមានការចូលរួមសម្របសម្រួលពីប្រធានសមាគម និស្សិតកម្ពុជានៅទួរគី ដោយបានផ្តល់ព័ត៌ មានផុសផុល ប្រើប្រាស់ ៥ ភាសាៈ ទួរគី អារ៉ាប់ ម៉ាឡេស៊ី ថៃ និងអង់គ្លេស។
គួរកត់សម្គាល់ផងដែរថា កម្ពុជាបាននិងកំពុងរៀបចំបង្កើតស្ថានទូតកម្ពុជានៅទីក្រុងអង់ការ៉ា ដែលអាចនឹងលេចចេញជារូបរាងនៅ ក្នុងអំឡុងឆ្នាំ២០១៩នេះ។
ទួរគីជាទីផ្សារដ៏ធំមួយនៅអឺរ៉ុបដែលមានប្រជាជន ៨០លាននាក់។ ឆ្នាំ២០១៨ ទួរគីទទួលបានទេសចរ ៣៩. ៥ លាននាក់ និងរកចំណូលបាន ២៩. ៥ ប៊ីលានដុល្លាអាមេរិក។ ទេសចរទួរគីចេញក្រៅប្រទេសភាគច្រើនទៅទស្សនា ម៉ាឡេស៉ី សិង្ហបុរី ថៃ វៀតណាម តាមរយៈក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines ។
កម្ពុជាសង្ឃឹមថា នឹងមានការហោះហើរត្រង់ពីទួរគីមកកម្ពុជាតាមរយៈក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines ក្នុងពេលឆាប់ៗខាងមុខ ដែលអាចនាំយកភ្ញៀទេសចរទួរគី និងអឺរ៉ុប មកកម្ពុជាកាន់តែច្រើនថែមទៀត។