កម្ពុជាជ្រើសរើសភូមិគំរូចំនួន ៣ ដើម្បីចូលរួមប្រឡងប្រណាំង «ភូមិទេសចរណ៍ឆ្នើម» ជាមួយភូមិដទៃ ទៀតជុំវិញពិភពលោក

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យក្រសួងទេសចរណ៍ប្រកាសជ្រើសរើសភូមិគំរូចំនួន ៣ ដើម្បីដាក់ជាបេក្ខភាពចូលរួមប្រកួតប្រជែង «ភូមិទេសចរណ៍ឆ្នើម (Best Tourism Village)» ជាមួយភូមិគំរូដទៃទៀតនៅជុំវិញពិភពលោក ក្រោមការរៀបចំរបស់អង្គការទេសចរណ៍ពិភពលោក (UNWTO)។ នេះបើតាមការឱ្យដឹងពីមន្ត្រីជំនាញនៃក្រសួងទេសចរណ៍ ដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ។
ឯកឧត្តម​ ទ្រី ឈីវ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន នៃក្រសួងទេសចរណ៍ បានថ្លែងឱ្យដឹងថា នៅជំហានដំបូងនេះ រាជរដ្ឋាភិបាលបានសម្រចឱ្យក្រសួងទេសចរណ៍សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជ្រើសរើសភូមិគំរូចំនួន ៣ នៅទូទាំងប្រទេស។ លោកបានបង្ហើបថា «យើងនឹងពិនិត្យលើលទ្ធភាពនៅតាមភូមិតេជោទាំង ១០០ ភូមិ»។
ឯកឧត្តម​ ទ្រី ឈីវ បានបញ្ជាក់ថា ចលនាចូលរួមប្រឡងប្រណាំងនេះ នឹងរៀបចំឡើងឱ្យបានមុនដំណាច់ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ ដើម្បីដាក់ជូនគណៈកម្មការវាយតម្លៃនៃអង្គការទេសចរណ៍ពិភពលោក។ អ្វីដែលសំខាន់ក្នុងការរៀបចំនេះ គឺផ្ដោតទៅលើសូចនាករសំខាន់មួយចំនួន៖ តើភូមិទាំងនោះមានសក្ដានុពលលើវិស័យទេសចរណ៍ខ្លាំងប៉ុណ្ណា, តើប្រជាជនមានការចូលរួមក្នុងសកម្មភាពទេសចរណ៍ ការថែរក្សាអភិរក្សសម្បត្តិបេតិកភណ្ឌ ប្រពៃណី វប្បធម៌បានកម្រិតណា ហើយនៅក្នុងភូមិទាំងនេះមានអ្វីដែលគួរឱ្យទាក់ទាញពិសេសខ្លាំងប៉ុណ្ណា? ព្រមទាំងមានសូចនាករលម្អិតផ្សេងទៀតផងដែរ។
ឯកឧត្តម​បានសង្កត់ធ្ងន់ផងដែរថា ក្នុងបរិបទក្រោយវិបត្តិកូវីដ-១៩ ទេសចរណ៍ជនបទកាន់តែមាននិន្នាការកើនឡើង ស្របនឹងកំណើនទេសចរណ៍សហគមន៍ ទេសចរណ៍ធម្មជាតិ ទេសចរណ៍សមុទ្រ ឬកោះជាដើម។ ការជ្រើសរើសភូមិទេសចរណ៍ឆ្នើមនេះ ក៏ជាផ្នែកមួយនៃ «ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិកូវីដ-១៩» ដើម្បីជំរុញបរិយាបន្នសង្គម-សេដ្ឋកិច្ច និងអាចចូលរួមដល់ការសម្រេចគោលការណ៍សកល «មិនទុកនរណាម្នាក់ចោល» ព្រមទាំងគាំទ្រដល់សកម្មភាពរស់ឡើងវិញនៃសហគមន៍ជនបទ ជួយសហគមន៍មូលដ្ឋានឱ្យងើបចេញពីវិបត្តិជំងឺកូវីដ-១៩ និងជំរុញកំណើនប្រកបដោយបរិយាបន្ន និងចីរភាព។
ឯកឧត្តម​ ទ្រី ឈីវ បានបញ្ជាក់ថា គោលបំណងនៃការប្រឡងប្រណាំងភូមិទេសចរណ៍ឆ្នើមនេះ គឺចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ជនបទឲ្យកាន់តែប្រសើរឡើង សំដៅស្ដារវិស័យទេសចរណ៍ឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ក៏ដូចជាអភិវឌ្ឍភូមិដែលមានសក្ដានុពលលើវិស័យទេសចរណ៍ ឱ្យទទួលបម្រើសេវាកម្មជូនទេសចរប្រកបដោយគុណភាពល្អប្រសើរ ស្របតាមស្តង់ដាពិភពលោក។
មន្ត្រីជំនាញនៃក្រសួងទេសចរណ៍រូបនេះបានបន្តថា ការចូលរួមប្រកួតប្រជែងនឹងផ្ដល់នូវឱកាសដល់ភូមិបេក្ខភាព ក៏ដូចជាភូមិដែលមានសក្ដានុពលទេសចរណ៍នេះ អាចអភិវឌ្ឍភូមិដ្ឋានឱ្យក្លាយជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ តាមរយៈការផ្លាស់ប្ដូរបទពិសោធន៍រវាងភូមិនៃប្រទេសនានាជុំវិញពិភពលោក។
ឯកឧត្តម​បានបញ្ជាក់ទៀតថា «ភូមិជ័យលាភី ក៏នឹងអាចក្លាយជាសមាជិកបណ្ដាញភូមិឆ្នើមរបស់ពិភពលោក ហើយអាចនាំយកចំណេះដឹង និងបទពិសោធន៍អភិវឌ្ឍនានាមកអភិវឌ្ឍភូមិផ្សេងៗទៀតនៅប្រទេសកម្ពុជា»។
គួរជម្រាបថា ក្រសួងទេសចរណ៍ក៏បានទទួលការអនុញ្ញាតឱ្យបញ្ចូលកម្មវិធីប្រកួតប្រជែងភូមិឆ្នើមនេះ ទៅក្នុងយន្តការដែលមានស្រាប់នៃការប្រឡងប្រណាំងទីក្រុងស្អាត ក្រោមសមត្ថកិច្ចរបស់គណៈកម្មាធិការវាយតម្លៃទីក្រុងស្អាត ដែលមានក្រសួងទេសចរណ៍ជាប្រធាន។
សូមទស្សនាវីដេអូក្នុងតំណភ្ជាប់៖
* បទបង្ហាញរបស់អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក៖ https://youtu.be/hQwPjOjLZq4
* វីដេអូខ្លីបង្ហាញអំពីភូមិទេសចរណ៍ឆ្នើមនៅជុំវិញពិភពលោក៖ https://youtu.be/DhfsO5rbnKU

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.