កម្ពុជាទទួលបានទេសចរចិនជាង ៩ ម៉ឺននាក់ ក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២២
ភ្នំពេញៈ កម្ពុជាទទួលបានទេសចរចិនជាង៩ម៉ឺននាក់ក្នុងរយៈពេល១១ខែឆ្នាំ២០២២ ។នេះបើយោងតាមរបាយការណ៍ស្រង់ទិន្នន័យរបស់ក្រសួងទេសចរណ៍កម្ពុជាដែលបានលើកឡើងកាលពីថ្ងៃទី២៥ ខែធ្នូ កន្លងទៅ។
ក្រសួងទេសចរណ៍ឱ្យដឹងថា ទោះបីជាស្ថានភាពទីផ្សារចិននៅមិនទាន់បង្ហាញសញ្ញានៃការងើបទ្បើងវិញនៅទ្បើយ ក្រសួងទេសចរណ៍នៅតែបន្តពង្រឹងគុណភាពសេវាកម្មទទួលទេសចរចិន (China Ready) ទ្បើងវិញ ដើម្បីត្រៀមខ្លួនឱ្យរួចរាល់សម្រាប់ទទួលទេសចរចិនមកវិញ។
ក្រសួងទេសចរណ៍បញ្ជាក់ថា ៖« ជាក់ស្តែង រយៈពេល១១ខែ ឆ្នាំ២០២២នេះ កម្ពុជាទទួលបានទេសចរចិនជាង៩ម៉ឺននាក់ ក្នុងអត្រាកំណើន១១៣.៨% ដែលអាចជាសញ្ញាវិជ្ជមានមួយសម្រាប់ឆ្នាំ២០២៣»។
ជាមួយគ្នានេះ ក្រសួងបានបន្តលើកទឹកចិត្តអាជីវកម្មទេសចរណ៍ដែលទទួលទេសចរចិន មកដាក់ពាក្យស្នើសុំការទទួលស្គាល់គុណភាពសេវាកម្មទទទួលទេសចរចិន (China Ready Accreditation) ដោយឥតគិតថ្លៃ នៅទីស្តីការក្រសួងទេសចរណ៍ ដែលមានអសយដ្ឋាន ដីទ្បូត៍លេខ 3A ផ្លូវលេខ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ក្រសួងទេសចរណ៍ក៏បានអបអរសាទរអាជីវកម្មទេសចរណ៍មួយចំនួនដែលទទួលបានការទទួលស្គាល់គុណភាពសេវាកម្មទទួលទេសចរចិន ។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ធ្លាប់បានថ្លែងថា ភ្ញៀវទេសចរចិន គឺកំណប់ទ្រព្យដ៏សំខាន់នៅក្នុងវិស័យទេសចរណ៍នៅកម្ពុជា ព្រោះបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តាមរយៈការបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋដោយផ្ទាល់ និងដោយប្រយោល។
លោកបន្តថា៖ «បន្ថែមលើនេះវិស័យទេសចរណ៍ បានជំរុញការនាំចេញនៅនឹងកន្លែង ហើយបានទ្រទ្រង់កំណើនសេដ្ឋកិច្ច និងបង្កើនចំណូលជាតិផង និងបានចូលរួមកាត់បន្ថយភាពក្រីក្រ ពិសេសឆ្លើយតបនឹងបញ្ហាប្រែប្រួលអាកាសធាតុដែលជាបញ្ហាប្រឈមជាសកល»។
ក្រសួងទេសចរណ៍ បានរៀបចំសិក្ខាសាលាស្តីពីការលើកកម្ពស់គុណភាពការផ្តល់សេវាកម្មទេសចរណ៍សម្រាប់ភ្ញៀវទេសចរចិន ជាបន្តបន្ទាប់នៅក្នុងខែធ្នូ ឆ្នាំ២០២២នេះ។សិក្ខាសាលាទាំងនោះធ្វើឡើងដោយមានការគាំទ្រពីភាគីចិន ក្នុងបំណងត្រៀមខ្លួនទទួលយកភ្ញៀវចិន នៅពេលដែលស្ថានភាពជំងឺកូវីដ១៩នៅប្រទេសចិនមានសភាពធូរស្រាល។
អាជ្ញាធររាជរដ្ឋាភិបាលធ្លាប់ដាក់ក្ដីរំពឹងថា កម្ពុជានឹងអាចទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង១លាននាក់នៅក្នុងឆ្នាំ២០២២នេះ៕