កម្ពុជានឹងរៀបចំព្រឹត្តិការណ៍ទេសចរណ៍ម្ហូបអាហារដ៏ធំលើកដំបូង នាថ្ងៃ២១ ខែសីហា
កម្ពុជានឹងរៀបចំព្រឹត្តិការណ៍ទេសចរណ៍ម្ហូបអាហារដ៏ធំលើកដំបូង នាថ្ងៃ២១ ខែសីហា
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ សហការជាមួយអង្គការទេសចរណ៍ពិភពលោក (UNWTO) នឹងរៀបចំសន្និសីទអន្តរជាតិលើកទី១ ស្តីពីទេសចរណ៍ម្ហូបអាហារកម្ពុជា (The First International Conference on Cambodia Gastronomy and Food Tourism) នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ នៅសណ្ឋាគារសុខាភ្នំពេញ ដែលជាព្រឹត្តិការណ៍ទេសចរណ៍ម្ហូបអាហារអន្តរជាតិដ៏ធំលើកដំបូងនៅកម្ពុជា។
សន្និសីទអន្តរជាតិលើកទី១នេះ ស្តីពី «ទេសចរណ៍ម្ហូបអាហារកម្ពុជាៈ លើកកម្ពស់គុណតម្លៃប្រពៃណី និងបេតិកភណ្ឌសម្រាប់ការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព» មានគោលដៅផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ម្ហូបអាហារ និងផលិតផលខ្មែរ ឱ្យក្លាយជាផលិតផលទេសចរណ៍ប្រកបដោយភាពទាក់ទាញថែមទៀត ជាពិសេសដើម្បីចូលរួមលើកកម្ពស់ម្ហូបអាហារ និងផលិតផលខ្មែរ ដែលបង្ហាញពីវប្បធម៌ និងអត្តសញ្ញាណជាតិ ទៅកាន់ពិភពលោកឲ្យបានទូលំទូលាយ ស្របតាមបរិបទអាស៊ាន និងពិភពលោក ក៏ដូចជាស្របតាមការដាក់ចុះយុទ្ធនាការ «នំបញ្ចុកសន្តិភាព» ដោយសម្តេចតេជោ ហ៊ុន សែន។
សន្និសីទអន្តរជាតិនេះ ក៏នឹងមានការចូលរួមពីវាគ្មិនជាតិ-អន្តរជាតិ តំណាងអង្គការទេសចរណ៍ពិភពលោក (UNWTO) ប្រទេសសមាជិកអាស៊ាន ព្រមទាំងមានការចូលរួមពីស្ថាប័នរដ្ឋ ឯកជន សិស្ស និស្សិត និងមានការតាំងបង្ហាញផលិតផលខ្មែរមកពីបណ្តារាជធានី-ខេត្តនានាផងដែរ។
ជាមួយគ្នានោះ ក្រសួងទេសចរណ៍ក៏បានអញ្ជើញប្រតិបត្តិករទេសចរណ៍ ដៃគូអភិវឌ្ឍន៍ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ផ្នែករដ្ឋ ឯកជន និងស្ថានប័នពាក់ព័ន្ធនានា សហការចូលរួមក្នុងព្រឹត្តិការណ៍នេះឲ្យបានឱឡារិក៕