កម្ពុជាបង្ហាញគោលដៅទេសចរណ៍ និងវប្បធម៌យ៉ាងពិសេសនៅក្នុងពិព័រណ៍ទេសចរណ៍អន្តរជាតិលើកទី១៥ នៅក្រុងហូជីមិញ
កម្ពុជាបង្ហាញគោលដៅទេសចរណ៍ និងវប្បធម៌យ៉ាងពិសេសនៅក្នុងពិព័រណ៍ទេសចរណ៍អន្តរជាតិលើកទី១៥ នៅក្រុងហូជីមិញ
(ហូជីមិញ-វៀតណាម)៖ មិនខុសពីលើកមុនៗឡើយ កម្ពុជាត្រូវបានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ «ពិព័រណ៍ទេសចរណ៍អន្តរជាតិ លើកទី១៥» ឬ The15 International Travel Expro-(ITE-CHCM) ដែលបានរៀបចំឡើងចាប់ពីថ្ងៃទី០៤-០៧ ខែកញ្ញា ឆ្នាំ២០១៩ នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ហើយនាឱកាសនោះ កម្ពុជាក៏បានតាំងបង្ហាញស្ដង់ពិព័រណ៍ផ្សព្វផ្សាយពីគោលដៅទេសចរណ៍ និងវប្បធម៌-សិល្បៈយ៉ាងពិសេសផងដែរ។
ប្រតិភូកម្ពុជាដែលបាននិងកំពុងចូលរួមក្នុងពិព័រណ៍ទេសចរណ៍នេះ ត្រូវបានដឹកនាំដោយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងនោះមានក្រុមសិល្បៈមកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងអភិបាលរាជធានីភ្នំពេញ ក្រុមហ៊ុនឯកជនជាយ៉ាងច្រើនផងដែរ។
កម្មវិធីបើកពិព័រណ៍ខាងលើ ត្រូវបានអញ្ជើញចូលរួមពីសំណាក់លោក VU Duc Dam ឧបនាយករដ្ឋមន្ត្រី វៀតណាម លោកNGUYEN Then Nhan លេខាបក្សក្រុងហូជីមិញ និងលោក NGUYEN Ngoc Thien រដ្ឋមន្ត្រីក្រសួងវប្បធម៌ ទេសចរណ៍ និងកីឡា លោក TRAN Vinh Tuyen អភិបាលរងក្រុងហូជីមិញ ព្រមទាំងមានវត្តមានលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ក៏ដូចជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងព័ត៌មានឡាវ អនុរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសណ្ឋាគារមីយ៉ាន់ម៉ាផងដែរ។
ក្រោយបញ្ចប់ពិធីបើក និងកាត់ខ្សែបូរណ៍បើកព្រឹត្តិការណ៍នេះរួចមក លោករដ្ឋមន្ត្រី ថោង ខុន បានរួមដំណើរជាមួយថ្នាក់ដឹកនាំវៀតណាម និងប្រតិភូអន្តរជាតិ អញ្ជើញដើរទស្សនកិច្ចនៅតាមស្ដង់ពិព័រណ៍មួយចំនួន និងបានទៅដល់ស្ដង់ពិព័រណ៍របស់កម្ពុជា ពិសេសបានទស្សនាការសម្ដែងសិល្បៈបុរាណរបស់កម្ពុជា ដែលមានការចូលរួមពីក្រុមសិល្បករនៃក្រសួងវប្បបធម៌ បានទស្សនានូវទស្សនីយភាពគោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជា ព្រមទាំងបានថតរូបជុំគ្នានៅមុខស្ដង់ពិព័រណ៍ផងដែរ។
ក្នុងចំណោមស្ដង់ពិព័រណ៍ដែលតាំងបង្ហាញក្នុងព្រឹត្តិការណ៍នោះ ស្ដង់របស់កម្ពុជាមានទំហំធំជាងគេ ១៣៥ម៉ែត្រការ៉េ ក្នុងនោះមានក្រុមហ៊ុនចូលរួមតាំងបង្ហាញចំនួន ១២ក្រុមហ៊ុន ចែកជា ២៤តុ ក្នុងនោះមានទាំងក្រុមហ៊ុនដឹកជញ្ជូន (ផ្លូវគោក ផ្លូវទឹក) ក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ និងសណ្ឋាគារជាដើម។
សូមជម្រាបថា នៅក្នុងព្រឹត្តិការណ៍ «ពិព័រណ៍ទេសចរណ៍វៀតណាមអន្តរជាតិ លើកទី១៥ ឆ្នូ ២០១៩» នេះផងដែរ គឺមានក្រុមហ៊ុនអ្នកលក់ (Sellers) ចូលរួមចំនួន ៣១៥ក្រុមហ៊ុន និងក្រុមហ៊ុនអ្នកទិញ (Buyers) ចំនួន ៣០០ក្រុមហ៊ុន មកពី១៧ប្រទេស។
ចាប់តាំងពីបង្កើតព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះមក កម្ពុជាត្រូវបានអញ្ជើញឱ្យចូលរួមរៀងរាល់ឆ្នាំ ដែលបានជំរុញឱ្យកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងកម្ពុជា វៀតណាម និងបណ្ដាលប្រទេសនានាជុំវិញពិភពលោក ត្រូវបានពង្រឹង-ពង្រីកកាន់តែរឹងមាំ ពិសេសគោលដៅទេសចរណ៍ជាច្រើនរបស់កម្ពុជា ក៏ត្រូវបានផ្សព្វផ្សាយតាមរយៈព្រឹត្តិការណ៍នេះផងដែរ៕