កម្ពុជាស្វាគមន៍កូនផ្សោតកើតថ្មី១ក្បាលទៀត នៅអន្លង់កាំពី ខេត្តក្រចេះ
តាមរយៈការផ្ដល់ដំណឹងពីអ្នករត់ទូកទេសចរណ៍នៅអន្លង់ផ្សោតកាំពី ក្រុមការងាររដ្ឋបាលជលផលរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយអង្គការ WWF បានចុះទៅដល់ទីតាំង និងថតបានរូបថតកូនផ្សោតនេះ ដែលកំពុងហែលលេងក្នុងក្រុមហ្វូងសត្វផ្សោតប្រមាណ៦ក្បាល ក្នុងអន្លង់កាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ដែលមានចំណុចនិយាមកា ៤៨P: ០៦១០៤០៥ និង UTM: ១៣៩០៨៧៧។
បើតាមការអង្កេតជាក់ស្តែងរយៈពេលប្រមាណ២ម៉ោង ក្រុមការងាររដ្ឋបាលជលផល និងអង្គការ WWF សង្កេតឃើញថា ពុំមានសកម្មភាពបំពានណាមួយពីសំណាក់សត្វផ្សោតធំ មកលើកូនផ្សោតទើបនឹងកើតថ្មីនោះទេ។
សូមជម្រាបជូនដែរថា កូនផ្សោតកើតថ្មីនេះ ជាកូនផ្សោតទី៨ហើយដែលបានកត់ត្រាក្នុងឆ្នាំ២០២៣នេះ៕
ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ & WWF-Cambodia