កម្ពុជា-ថៃ គ្រោងអនុញ្ញាតឱ្យភ្ញៀវទេសចរប្រទេសទាំងពីរ អាចបើកបរដោយខ្លួនឯងឆ្លងទៅឆ្លងមក
(ភ្នំពេញ)៖ កម្ពុជា-ថៃ នឹងពិនិត្យឡើងវិញនូវការជំរុញឱ្យមានភ្ញៀវទេសចរ អាចបើកបរដោយខ្លួនឯងឆ្លងកាត់ទៅវិញទៅមករវាងប្រទេសទាំងពីរ ដើម្បីជំរុញកំនើនភ្ញៀវទេសចរទៅវិញទៅមក។
ការបង្ហើបអំពីផែនការជំរុញវិស័យទេសចរណ៍នេះ បានធ្វើឡើងនារសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែល ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការអូឡាំពិកកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណកម្មាធិការរៀបចំកីឡាស៊ីហ្គេមនៅកម្ពុជា អនុញ្ញាតឱ្យ លោក Cherdkiat ATTHAKOR ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ចូលជួប និងពិភាក្សាការងារ។
ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ភាគីទាំង២បានឯកភាពគ្នារៀបចំជំរុញភ្ញៀវទេសចរទៅវិញទៅមក និងការជំរុញភ្ញៀវទេសចរពីប្រទេសទី៣ ឱ្យបានទៅទស្សនានៅក្នុងប្រទេសទាំង២ ដែលធ្វើឡើងក្រោមយុទ្ធនាការ «ព្រះរាជាណាចក្រពីរគោលដៅទេសចរណ៍តែមួយ» ហើយភាគីទាំង២ ក៏បានសម្រេច និងពិនិត្យឡើងវិញនូវការជំរុញឱ្យមានភ្ញៀវទេសចរ អាចបើកបរដោយខ្លួនឯងផងដែរ។
ពាក់ព័ន្ធនឹងការពិនិត្យឡើងវិញគាំទ្រឱ្យមានភ្ញៀវទេសចរ អាចបើកបរដោយខ្លួនឯងនេះ ឯកឧត្ដមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា លោកនឹងស្នើសុំទៅប្រមុខរាជរដ្ឋាភិបាល ដើម្បីសិក្សាធ្វើយ៉ាងណាជំរុញឱ្យមានទេសចរណ៍ អាចបើកបររថយន្តពីប្រទេសថៃចូលមកកម្ពុជា និងពីកម្ពុជាទៅថៃ អាចបើកបន្តទៅទស្សនាតាមតំបន់ទេសចរណ៍នានា តាមរយៈយន្តការប្រើបណ្ណព្រំដែន ព្រោះកន្លងមកថៃក៏បានអនុវត្តដូចគ្នារួចហើយដែរជាមួយនឹងប្រទេសឡាវ និងមីយ៉ាន់ម៉ា។
នៅក្នុងជំនួបនេះ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានឯកភាពលើសំណើរបស់កម្ពុជា ក្នុងការងារជួយបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈលើវិស័យទេសចរណ៍ផងដែរ។ ដោយឡែកទាក់ទងនឹងវិស័យកីឡាវិញ លោក Cherdkiat ATTHAKOR ក៏បានថ្លែងកោតសរសើរលើការរៀបចំព្រឹត្តិការកីឡាស៊ីហ្គេមនៅកម្ពុជា ឆ្នាំ២០២៣នេះ និងបានគាំទ្រ និងជូនពរកម្ពុជាធ្វើយ៉ាងណាឱ្យការរៀបចំការប្រកួតកីឡានៅកម្ពុជានេះឱ្យទទួលបានជោគជ័យខ្ពស់ផងដែរ៕