កម្ពុជា-វៀតណាម បានឯកភាពគ្នា សិក្សាពីលទ្ធភាពក្នុងការបើកជើងហោះហើរត្រង់ រវាងគោលដៅទេសចរណ៍ នៃប្រទេសទាំងពីរ
ភ្នំពេញ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ -- កម្ពុជា-វៀតណាម បានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីរួមគ្នាជំរុញ ទេសចរណ៍ឆ្ពោះការអភិវឌ្ឍប្រកបដោយចីរភាព បរិយាប័ន្ន និងមានភាពធន់កាន់តែប្រសើរ ក្រោយវិបត្តិកូវីដ១៩ ដោយឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងឯកឧត្តម ង្វៀង វ៉ាន់ហុង រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម នៅសណ្ឋាគារ សុខាភ្នំពេញ កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ ស្របពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។
ពិធីចុះអនុស្សរណៈយោគយល់នេះ គឺស្របតាមស្មារតីនៃកិច្ចប្រជុំពិភាក្សារវាង ឯកឧត្តម ថោង ខុន និងឯកឧត្តម ង្វៀង វ៉ាន់ហុង រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ វៀតណាម កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ដើម្បីពិនិត្យ និងបច្ចុប្បន្នភាពអនុស្សរណៈយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការទេសចរណ៍ ដែលត្រូវបានចុះហត្ថលេខារវាងកម្ពុជា-វៀតណាម កាលពីឆ្នាំ២០១៥កន្លងទៅ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសទាំងពីរ បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាង កម្ពុជា និងវៀតណាម នៅមុនពេលនិងអំឡុងវិបត្តិជំងឺកូវីដ-១៩ នៅក្នុងក្របខ័ណ្ឌក្រុមការងារទេសចរណ៍ នៃប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការអនុតំបន់ និងកិច្ចសហប្រតិបត្តិការអាស៊ាន។ ភាគីទាំងសងខាងបានផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតសកលកូវីដ-១៩ និងការដោះស្រាយផលប៉ះពាល់នៃជំងឺរាតត្បាតសកល នេះមកលើវិស័យទេសចរណ៍។
ជាមួយគ្នានោះ ភាគីវៀតណាម បានអបអរសាទរដល់ភាគីកម្ពុជា ចំពោះការធ្វើ ជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ជាពិសេសព្រឹត្តិការណ៍ នៃពិធីបើកការប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ប្រកបដោយ ភាពរលូន និងមានភាពដ៏អស្ចារ្យនៅក្នុងពិធីនោះ។
ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសទាំងពីរ បានផ្តល់ការគាំទ្រ និងបន្តការខិតខំ ប្រឹងប្រែងជំរុញទេសចរណ៍រវាងប្រទេសទាំងពីរ ស្របតាមស្មារតីនៃអនុស្សរណៈយោគ យល់គ្នានេះ ដែលផ្តោតសំខាន់លើខ្លឹមសារមួយចំនួនរួមមាន៖ ១. រួមគ្នារៀបចំបង្កើតកញ្ចប់ ទេសចរណ៍សម្រាប់ប្រទេសទាំងពីរ ដោយមានការចូលរួមពីវិស័យឯកជន ដើម្បីរៀបចំបង្កើត និងផ្តល់ជូននូវកញ្ចប់ផលិតផលទេសចរណ៍រួម ក្រោមក្របខ័ណ្ឌនៃការផ្សព្វផ្សាយ «ប្រទេសពីរ គោលដៅមួយ» សំដៅខិតខំប្រឹងប្រែងទាក់ទាញទេសចរពីប្រទេសទាំងពីរ ក៏ដូចជា ភ្ញៀវទេសចរមកពីប្រទេសទីបី ឱ្យមកទស្សនាប្រទេសទាំងពីរ ព្រមទាំងផ្ដោតសំខាន់លើការ ផ្លាស់ប្តូរព័ត៌មានទីផ្សារទេសចរណ៍ ការចែករំលែកនូវការអនុវត្តល្អៗ និងការផ្លាស់ប្ដូរទស្សន កិច្ចសិក្សារបស់មន្ត្រីទេសចរណ៍។ ២. បង្កើនកម្មភាពផ្សព្វផ្សាយ និងទីផ្សាររួមគ្នាកាន់ តែខ្លាំង ឡើង និងប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យសកម្មភាពទេសចរណ៍រវាងប្រទេសទាំងពីរ ដំណើរការពេញលេញឡើងវិញ តាមរយៈការរៀបចំរួមគ្នានូវដំណើរទស្សនកិច្ចឈ្វេង យល់ពីគ្នា បង្កើនជំនួបធុរកិច្ចរវាងប្រតិបត្តិករទេសចរណ៍នៃប្រទេសទាំងពីរឱ្យកាន់តែខ្លាំង និងចូលរួមពិព័រណ៍ទេសចរណ៍នៅប្រទេសទាំងពីរ និងនៅព្រឹត្តិការណ៍ទេសចរណ៍អន្តរជាតិ នានា ដែលអាចមានឱកាសរៀបចំបាន។ ៣. ជំរុញការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យទេសចរណ៍បន្ថែមទៀត ដោយឈរលើសារៈសំខាន់នៃការជំរុញការផ្លាស់ ប្ដូរការអនុវត្តល្អៗ ក្នុងការបណ្តុះបណ្តាល និងអប់រំទេសចរណ៍ ដែលរួមមានការបណ្តុះបណ្តាលមគ្គុទ្ទេសក៍ ទេសចរណ៍និយាយភាសាវៀតណាម និងភាសាខ្មែរ ព័ត៌មានទីផ្សារទេសចរណ៍ និងកម្មវិធី ផ្លាស់ប្តូរការសិក្សារបស់សិស្សនិស្សិត។ ៤. ជំរុញការវិនិយោគក្នុងវិស័យទេសចរណ៍ឱ្យកាន់តែ ប្រសើរឡើង តាមរយៈវេទិកាវិនិយោគ និងព្រឹត្តិការណ៍ផ្សេងៗការលើកកម្ពស់ការយល់ដឹង អំពីកាលានុវត្តភាពវិនិយោគ និងការសម្រួលដល់ដំណើរការក្នុងការវិនិយោគ ស្របទៅតាម ច្បាប់របស់ប្រទេសនីមួយៗ។
ភាគីទាំងពីរ បានបង្ហាញពីការតាំងចិត្តក្នុងការបង្កើនកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ថែមទៀត ដើម្បីលើកកម្ពស់ចំណងមិត្តភាពរវាងប្រទេសទាំងពីរ និងកិច្ចសហ ប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍ប្រកបដោយផ្លែផ្កា ក្រោមក្របខ័ណ្ឌនៃកិច្ចសហការទ្វេភាគី និង កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ទេសចរណ៍កម្ពុជា ឡាវ និងវៀតណាម (CLV-DTA) ក៏ដូចជាក្របខ័ណ្ឌតំបន់អាស៊ាន និងអនុតំបន់ផ្សេងៗទៀត។
លើសពីនោះទៀត ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសទាំងពីរ បានឯកភាពគ្នា សិក្សាពីលទ្ធភាពក្នុងការបើកជើងហោះហើរត្រង់ រវាងគោលដៅទេសចរណ៍កម្ពុជា-វៀតណាម ជាពិសេសភូគុក (Phu Quoc) ទៅកាន់ខេត្តសៀមរាបអង្គរ ព្រមទាំងការតភ្ជាប់កំពង់ផែ ទេសចរណ៍កំពតទៅកំពង់ផែទេសចរណ៍ហ្វូគុកវៀតណាម ក្នុងគោលដៅបង្កើនទេសចរណ៍ រវាងប្រទេសទាំងពីរហើយក៏បានប្រគល់ភារកិច្ចជូនមន្ត្រីបច្ចេកទេស ដើម្បីរៀបចំ និងអនុវត្តន៍កម្មវិធីការងារ ដោយផ្អែកលើអនុស្សរណៈយោគយល់ថ្មីនេះ។
ឆ្លៀតក្នុងឱកាសនោះដែរ ភាគីវៀតណាម បានអញ្ជើញគណៈកម្មាធិការជាតិអូឡាំ ពិកកម្ពុជាទៅទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម ដើម្បីចុះអនុស្សរៈយោគយល់គ្នា រវាងគណៈកម្មាជាតិអូឡាំពិកប្រទេសទាំងពីរ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក លើការគ្រប់គ្រងសហព័ន្ធកីឡាជាតិ និងវិស័យគ្រប់គ្រងព្រឹត្តិការណ៍កីឡា៕
ដោយ សាយ សុន (ប្រភព៖ ក្រសួងទេសចរណ៍)