ឥណ្ឌូណេស៊ីគាំទ្រជំរុញទេសចរណ៍វ៉ាក់សាំង និងជើងហោះហើរត្រង់មកកម្ពុជា
ស្ថានទូតឥណ្ឌូណេស៊ីបានបង្ហាញការគាំទ្រ និងជំរុញឲ្យមានជើងហោះហើរត្រង់ ឥណ្ឌូណេស៊ី-កម្ពុជា និងការជំរុញឲ្យមានចលនាទេសចរណ៍វ៉ាក់សាំងទៅវិញទៅមករវាងប្រទេសទាំងពីរ នាពេលឆាប់ៗខាងមុខនេះ។
នេះតាមការបញ្ជាក់របស់ ឯកឧត្តម សុខ សង្វារ អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងឱកាសអញ្ជើញចូលរួមកម្មវិធី Famtrip នៅស្ថានទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមប្រធានបទ “Exploring the Land of Sunda”។
ក្នុងសុន្ទរកថាបើកម្មវិធី ឯកឧត្តម Sudirman Haseng អគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំកម្ពុជា បានអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ដែលទទួលបានជោគជ័យលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាពិសេស គឺភាពជោគជ័យលើការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋយ៉ាងច្រើនលើសលប់។ ឯកឧត្តមក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឥណ្ឌូណេស៊ីដែលកំពុងរស់នៅកម្ពុជាផងដែរ។
កម្មវិធី Famtrip នេះរៀបចំឡើងក្នុងគោលបំណងជំរុញឲ្យមានកិច្ចសហការល្អរវាងប្រទេសទាំងពីរលើវិស័យការទូត និងវិស័យផ្សេងៗ ដូចជាពាណិជ្ជកម្ម និងទេសចរណ៍ជាដើម តាមរយៈការអញ្ជើញសមាគមទេសចរណ៍ និងទីភ្នាក់ងារទេសចរណ៍ នៃប្រទេសទាំងពីរ ដើម្បីផ្សព្វផ្សាយនូវគោលដៅទស្សនានៃប្រទេសកម្ពុជា និងឥណ្ឌូណេស៊ី។
ឯកឧត្តមអគ្គរដ្ឋទូតក៏បានអបអរសាទរកម្ពុជា ក្នុងនាមម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ទេសចរណ៍អាស៊ាន ឆ្នាំ២០២២ (ATF 2022) នៅខេត្តព្រះសីហនុ នាដើមឆ្នាំ២០២២ខាងមុខនេះ។ ឯកឧត្តមបញ្ជាក់ថា រដ្ឋមន្ត្រីទេសចរណ៍ឥណ្ឌូណេស៊ីនឹងដឹកនាំប្រតិភូអញ្ជើញចូលរួមដោយផ្ទាល់ក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះផងដែរ៕