ការជក់បារីអាចបង្កើនឱកាសក្នុងការឆ្លងជំងឺកូវីដ១៩
(ស្វាយរៀង)៖ ឯកឧត្តម ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថាការប្រើប្រាស់ផលិតផលថ្នាំជក់រួមគ្នាដូចជាការបិទតាមបំពង់ខ្សៀ ដែលមានទឹកមាត់អាចចម្លងមេរោគវីរុសពីមនុស្សម្នាក់ទៅមនុស្សម្នាក់បាន។
ការថ្លែងរបស់ឯកឧត្តម អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បែបនេះនៅក្នុងកិច្ចប្រជុំពិភាក្សាស្ដីពីបរិស្ថានគ្មានផ្សែងបារីដល់អ្នកគ្រប់គ្រង ឬម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍នៅទូទាំងប្រទេសកម្ពុជា។ ដែលពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ដែលមានការចូលរួមពីលោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀងនឹងលោកវ៉ាន់ សារ៉ាត់ប្រធានមន្ទីរទេសចរណ៍ ខេត្តស្វាយរៀង លោក សរ សុដានី អភិបាលរងក្រុងស្វាយរៀង និងអាជ្ញាធរក្រុងបាវិតព្រមទាំងមន្ត្រីដែលពាក់ព័ន្ធជាច្រើនរូបផងដែរ។
ឯកឧត្តម ហោ សារុន បានថ្លែងបន្តថាគោលបំណងនៃកិច្ចប្រជុំគឺស្នើសុំការគាំទ្រជំរុញអនុវត្តន៍ច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ និងលិខិតបទដ្ឋានគតិយុត្តិក្រោមច្បាប់នេះ ក្នុងលើកទឹកចិត្តប្រតិបត្តិករទេសចរណ៍ ផ្នែកឯកជនវិស័យទេសចរណ៍ ឲ្យចូលរួមផ្សព្វផ្សាយបរិស្ថានគ្មានផ្សែងបារីដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិព្រមទាំងប្រជាពលរដ្ឋទូទៅក្នុងការលើកកម្ពស់សុវត្ថិភាពសុខមាលភាព របស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរពីផលប៉ះពាល់នៃការប្រើប្រាស់ផលិតផលថ្នាំជក់។
លោកបានថ្លែងបន្តថាបានអប់រំណែនាំពីផលប៉ះពាល់នៃការជក់បារីដែលងាយរងគ្រោះក្នុងការទទួលជំងឺឆ្លងកូវីដ១៩ និងបានវាយតម្លៃដល់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ ដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តបរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ និងជាពិសេសគ្រោងជំរុញទីក្រុងស្វាយរៀង និងក្រុងបាវិតជាទីក្រុងទេសចរណ៍គ្មានផ្សែងបារីក្នុងបំណាច់ឆ្នាំ ២០២១ ខាងមុខនេះ។
លោកបានថ្លែងបន្តថាស្ថិតក្នុងបរិបទនៃការរីករាលដាលចម្លងជំងឺវីរុសរលាកសួតប្រភេទថ្មីកូវីដ១៩ កម្ពុជាក៏ដូចជាតំបន់ និងពិភពលោកទាំងមូលបានរងផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ចយ៉ាងខ្លាំងដែលក្នុងនោះវិស័យទេសចរណ៍ ក៏រងផលប៉ះពាល់ខ្លាំងជាងគេ។ ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍ បច្ចុប្បន្នក្រសួងទេសចរណ៍បានខិតខំប្រឹងប្រែងរៀបចំនូវប្រកាសស្ដីពីវិធានការសុវត្ថិភាពទេសចរណ៍ សម្រាប់អាជីវកម្មទាំង ៦ រួមមានវិធានសុវត្ថិភាពទេសចរណ៍សម្រាប់ការស្នាក់នៅ (សណ្ឋាគារ ផ្ទះសំណាក់) វិធានសុវត្ថិភាពទេសចរណ៍សម្រាប់ភោជនីយដ្ឋាន អាហារដ្ឋាន វិធានសុវត្ថិភាពទេសចរណ៍សម្រាប់ការដឹកជញ្ជូនផ្លូវគោក, វិធានសុវត្ថិភាពទេសចរណ៍ សម្រាប់ការដឹកជញ្ជូនផ្លូវទឹក, វិធានសុវត្ថិភាពទេសចរណ៍ សម្រាប់រមណីយដ្ឋានទេសចរណ៍ និងវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់សហគមន៍មូលដ្ឋាន។
លោកបានបញ្ជាក់ថាលើសពីនេះទៀតយើងត្រូវប្រកាន់យកការរស់នៅតាមទម្លាប់ថ្មីដែល ប្រជាពលរដ្ឋយើងត្រូវចេះលាងសម្អាតដៃជាប្រចាំជាមួយសាប៊ូ អាកុល ឬជែលលាងដៃ ពាក់ម៉ាកឬក្រមា ឈរឬអង្គុយឃ្លាតគ្នាតាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងគម្លាតសុវត្ថិភាពសង្គមហើយជាពិសេសទៀត ត្រូវចូលរួមកត់ឈ្មោះដើម្បីជាការងាយស្រួលក្នុងការតាមដានករណីដែលមានបញ្ហាកើតឡើង។
សូមបញ្ជាក់ថានៅក្នុងកិច្ចប្រជុំនេះក៏មានការធ្វើបទបង្ហាញខ្លី និងការចូលរួមមតិពីអង្គប្រជុំ និងជាពិសេសការពិភាក្សាជំរុញទីក្រុងស្វាយរៀង និងក្រុងបាវិតឲ្យក្លាយទៅជាទីក្រុងទេសចរណ៍ ដែលគ្មានផ្សែងបារីនៅបំណាច់ឆ្នាំ២០២១ ខាងមុខនេះ។ បន្ទាប់មកក្រុមការងារយើងបានស្នើសុំការអនុញ្ញាត ពីគណៈអភិបាលខេត្តស្វាយរៀង ដើម្បីចុះពិនិត្យទីតាំងជាក់ស្ដែងនៅតាមសណ្ឋាគារា ផ្ទះសំណាក់ បឹងហ្គាឡូ ភោជនីយដ្ឋាន បៀរកាដិន អាហារដ្ឋាន និងចែកស្ទិកគ័រដល់រដ្ឋបាលក្រុងស្វាយរៀង និងក្រុងបាវិត តាមការចង្អលបង្ហាញពីមន្ទីរទេសចរណ៍ខេត្តផងដែរ។
តាមរបាយការណ៍មន្ទីរទេសចរណ៍ ខេត្តស្វាយរៀង បានឲ្យដឹងថាតំបន់ទេសចរណ៍ រមណីយដ្ឋាន ភោជនីយដ្ឋាន អាហារដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ ក្លិបកម្សាន្តម៉ាស្សា សរុបទាងអស់នៅក្នុងទូទាំងខេត្តស្វាយរៀងមានចនួន ៣១៥កន្លែង៕