ក្រុមហ៊ុនចំនួន ២៣ បានទទួលគោលការណ៍វិនិយោគ អភិវឌ្ឍន៍ពីរាជរដ្ឋាភិបាល ក្នុងចំណោមកោះទាំង ៣២ នៃខេត្តព្រះសីហនុ
ដោយៈ វណ្ណៈ / ព្រះសីហនុៈ កាលពីរសៀល ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំ ជាមួយក្រុមការងារ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ ស្តីពីធ្វើបច្ចុប្បន្នភាពព័ត៌មាន និងសន្តិសុខ លម្ហសមុទ្រ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក សួន សំណាង សមាជិកប្រចាំការ គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ (គ.ជ.ស.ស) ប្រធានក្រុមការងារបច្ចេកទេស និងជាអគ្គលេខាធិការរង គ.ជ.ស.ស។
លោក គង់ វិតាណៈ បានឱ្យដឹងថាៈ ខេត្តព្រះសីហនុ មានកោះសរុបចំនួន ៣២ កោះ មានដូចជាៈ
-ក្រុងព្រះសីហនុ មានកោះចំនួន ៥ មានក្រុមហ៊ុនចំនួន៤ វិនិយោគលើកោះ៤
-ក្រុងកោះរ៉ុង មានកោះ ១៩ មានក្រុមហ៊ុនចំនួន៧ វិនិយោគលើកោះចំនួន៩
-ស្រុកព្រៃនប់ មានកោះចំនួន៧ មានក្រុមហ៊ុនចំនួន១២ វិនិយោគលើកោះចំនួន៦
-ស្រុកស្ទឹងហាវ មានកោះចំនួន១។
ក្នុងចំណោមកោះទាំង ៣២ នៃខេត្តព្រះសីហនុ មានកោះចំនួន១៩ ត្រូវបានទទួលគោល ការណ៍វិនិយោគ អភិវឌ្ឍន៍ ពីរាជរដ្ឋាភិបាល ដែលមាន ២៣ ក្រុមហ៊ុន។
លោកអភិបាលរងខេត្ត បានបន្តថាៈ ក្នុងនាមរដ្ឋបាលខេត្ត លោកសូមស្វាគមន៍គណៈប្រតិភូ ដែលបានមកធ្វើបច្ចុប្បន្នភាពព័ត៌មាន សន្តិសុខលម្ហសមុទ្រ នៅខេត្តព្រះសីហនុ ក៏ដូចជា នៅតាមបណ្តាកោះមួយចំនួនទៀត ក្នុងខេត្តជាប់សមុទ្រ។
លោកឧត្តមសេនីយ៍ឯក សួន សំណាង សមាជិកប្រចាំការគណៈកម្មាធិកាជាតិ សន្តិសុខលម្ហសមុទ្រ (គ.ជ.ស.ស) ប្រធានក្រុមការងារបច្ចេកទេស និងជាអគ្គលេខាធិការរង គ.ជ.ស.ស ក្រុមការងារ ត្រូវការទិន្នន័យថ្មីៗបន្ថែម ដើម្បីផ្ទៀងផ្ទាត់ ពិសេសការវិនិយោគ នៅលើកោះ និងផលប៉ះពាល់ ទៅលើវិស័យការពារជាតិ។
គណៈកម្មាធិការជាតិសន្តិសុខ លម្ហសមុទ្រ មានវិសាលភាព ក្នុងការគ្រប់គ្រង គ្របដណ្តប់ ក្នុងការឆ្លើយតបការទទួលខុសត្រូវរបស់ខ្លួន ក្នុងតួនាទីចូលរួមការពារជីវៈចម្រុះបាតសមុទ្រ និងកិច្ចគាំ ពារបរិស្ថានផងដែរ។
លោកឧត្តមសេនីយ៍ឯក សួន សំណាង បានបន្តថាៈ ចំណុចទាក់ទងការងារពីរឆ្នាំ យើងរៀបចំ ឡើងវិញស្របតាមគោលនយោបាយជាតិ សន្តិសុខលម្ហសមុទ្រ ទាមទារឱ្យក្រុមការងារ ប្រមូលទិន្នន័យ ដើម្បីធ្វើបច្ចុប្បន្នភាព ឱ្យកាន់តែស៊ីជំរៅ និងមាន ប្រសិទ្ធភាព ក្នុងការគ្រប់គ្រង ដែនសមុទ្រកម្ពុជា៕/V