ក្រសួងណែនាំឱ្យមូលដ្ឋានសេវាកម្មទេសចរណ៍ ២ប្រភេទ ពង្រឹងការអនុវត្តវិធានការខ្លាំងជាងមុន ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩
(ភ្នំពេញ)៖ មូលដ្ឋានសេវាកម្មទេសចរណ៍សំខាន់ៗ ២ប្រភេទ មានសេវាកម្មស្នាក់នៅទេសចរណ៍ សេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ត្រូវបានក្រសួងទេសចរណ៍ដាក់ការណែនាំឱ្យពង្រឹងការអនុវត្តឱ្យបានខ្ជាប់ខ្ជួនជាងមុននូវវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក៏ដូចជាវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងឈានទៅបញ្ចប់ព្រឹត្តិការណ៍ ២០ កុម្ភៈ។
តាមសារាចរណែនាំថ្មីរបស់ក្រសួងទេសចរណ៍ ដែលបានចេញផ្សាយនាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ទន្ទឹមនឹងការសម្រេចបញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងការបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេស ដែលរាជរដ្ឋាភិបាលបានសម្រេចនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ រួចហើយនោះ សេវាកម្មស្នាក់នៅទេសចរណ៍ សេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ដែលជាសេវាកម្មគាំទ្រសំខាន់ដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ ក៏ដូចជាសាធារណជនទូទៅនោះ នឹងមានតម្រូវការក្នុងប្រតិបត្តិការឡើងវិញ។
ដូច្នេះដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដែលអាចកើតមានជាយថាហេតុចំពោះមូលដ្ឋានអាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ នៅតាមគោលដៅទេសចរណ៍ទូទាំងប្រទេស ក្រសួងទេសចរណ៍បានណែនាំនូវចំណុចសំខាន់ ២ចំណុច រួមមាន៖
ទី១៖ ចំពោះគោលដៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល
១.១៖ មន្ទីរទេសចរណ៍រាជធានីភ្នំពេញ និងមន្ទីរទេសចរណ៍ខេត្តកណ្តាល ត្រូវសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តកណ្តាល និងអាជ្ញាធរមូលដ្ឋាន ពិនិត្យនិងពង្រឹងបន្ថែមទៀតនូវការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងរាល់វិធានការជាធរមាន ចំពោះអាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ ភោជនីយដ្ឋាននិងអាហារដ្ឋានទេសចរណ៍ដែលកំពុងធ្វើប្រតិបត្តិការលក់អាហារវេចខ្ចប់។
១.២៖ មន្ទីរទេសចរណ៍ទាំងពីរខាងលើ ត្រូវសហការជាមួយរដ្ឋបាលរាជធានីខេត្ត និងអាជ្ញាធរមូលដ្ឋាន ណែនាំបន្តដល់គ្រប់មូលដ្ឋានអាជីវកម្មខាងលើតាមដានត្រួតពិនិត្យរាល់បុគ្គលិករបស់ខ្លួន ដែលកំពុងជាប់កាតព្វកិច្ចធ្វើចត្តាឡីស័ក និងតម្រូវឱ្យអ្នកគ្រប់គ្រងមូលដ្ឋានអាជីវកម្មខាងលើ ត្រូវជូនដំណឹងមកអាជ្ញាធរមូលដ្ឋាននូវរាល់ករណីសង្ស័យចំពោះភ្ញៀវដែលជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ (បន្ទាប់ពីស្កេន QR Code ទប់ស្កាត់កូវីដ-១៩)។
ត្រង់ចំណុចនេះ ក្រសួងទេសចរណ៍បានបញ្ជាក់ថា «គ្រប់មូលដ្ឋានអាជីវកម្មខាងលើ ត្រូវអនុវត្តរាល់វិធានការជាធរមាន ករណីខកខានមិនបានអនុវត្ត ឬអនុវត្តមិនបានត្រឹមត្រូវ មន្ទីរទេសចរណ៍ត្រូវស្នើសុំការសហការពីអាជ្ញាធរមូលដ្ឋានបញ្ឈប់ប្រតិបត្តិការអាជីវកម្មនោះជាដាច់ខាត និងបន្តនីតិវិធីស្នើសុំការអនុវត្តវិធានការច្បាប់ជាធរមាន ពិសេសច្បាប់ស្តីពីវិធការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត»។
ទី២៖ ចំពោះគោលដៅផ្សេងទៀតនៃខេត្តកណ្តាលក្រៅពីក្រុងតាខ្មៅ និងខេត្តផ្សេងទៀត
២.១៖ មន្ទីរទេសចរណ៍ខេត្តកណ្ដាល និងខេត្តដទៃទៀត ត្រូវសហការជាមួយរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ពិនិត្យនិងពង្រឹងបន្ថែមទៀតនូវការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ចំពោះអាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍។ ដោយឡែក ចំពោះមូលដ្ឋានអាជីវកម្មខាងលើ ដែលស្ថិតនៅក្នុងតំបន់ដែលបានដាក់ចេញវិធានការបិទខ្ទប់ មន្ទីរទេសចរណ៍ខេត្តត្រូវបន្តសហការជាមួយរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋានពង្រឹងបន្តនូវរាល់វិធានការជាធរមាន។
២.២៖ ត្រូវពង្រឹងការអនុវត្តឱ្យបានយ៉ាងខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់នូវវិធានការទាំងឡាយដែលបានដាក់ចេញដោយក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពិសេសវិធានការ «៣ការពារ និង ៣កុំ»។ គ្រប់មូលដ្ឋានអាជីវកម្មខាងលើ ត្រូវកត់ត្រាអត្តសញ្ញាណរបស់ភ្ញៀវទេសចរទាំងអស់ ជាពិសេសអាសយដ្ឋាន និងលេខទូរស័ព្ទទំនាក់ទំនង និងត្រូវចុះឈ្មោះបង្កើត និងប្រើប្រាស់ប្រព័ន្ធ QR Code «ទប់ស្កាត់កូវីដ-១៩» និងតម្រូវឱ្យភ្ញៀវទេសចរត្រូវតែស្កេនជាដាច់ខាតមុនចូលទៅក្នុងកន្លែងរបស់ខ្លួន។ ទន្ទឹមនឹងនេះ ត្រូវរៀបចំការត្រួតពិនិត្យកម្ដៅ ការបាញ់អាល់កុលសម្លាប់មេរោគ និងតម្រូវឱ្យភ្ញៀវទេសចរត្រូវពាក់ម៉ាស់ (លើកលែងពេលពិសាអាហារ) និងរក្សាគម្លាតសុវត្ថិភាពស្របតាមគោលការណ៍សុខាភិបាល។
២.៣៖ មន្ទីរទេសចរណ៍ខេត្ត ត្រូវសហការជាមួយរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ណែនាំបន្តដល់គ្រប់មូលដ្ឋានអាជីវកម្មខាងលើតាមដានត្រួតពិនិត្យរាល់បុគ្គលិករបស់ខ្លួន ដែលកំពុងជាប់កាតព្វកិច្ចធ្វើចត្តាឡីស័ក។ និងតម្រូវឱ្យអ្នកគ្រប់គ្រងមូលដ្ឋានអាជីវកម្មខាងលើ ត្រូវជូនដំណឹងមកអាជ្ញាធរមូលដ្ឋាននូវរាល់ករណីសង្ស័យចំពោះភ្ញៀវទេសចរ ដែលជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ (បន្ទាប់ពីស្កេន QR Code “ទប់ស្កាត់កូវីដ-១៩”) និងមិនត្រូវអនុញ្ញាតឱ្យភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលកំពុងជាប់ធ្វើចត្តាឡីស័ក ឬត្រូវផ្តល់សំណាកធ្វើតេស្តរកជំងឺកូវីដ-១៩ ចូលទៅប្រើប្រាស់សេវាកម្មជាដាច់ខាត។
២.៤៖ គ្រប់មូលដ្ឋានអាជីវកម្មខាងលើ ត្រូវពង្រឹងការគ្រប់គ្រងឱ្យបានល្អប្រសើរ ពិសេសត្រូវកំណត់សមត្ថភាពផ្ទុក (Carrying Capacity) អតិបរមា ដែលអាចទទួលភ្ញៀវបានក្នុងពេលតែមួយ ដោយអនុលោមតាមស្តង់ដាគម្លាតសុវត្ថិភាព និងមិនត្រូវទទួលភ្ញៀវលើសពីចំណុះនេះជាដាច់ខាត។ មិនត្រូវរៀបចំឱ្យមានការជួបជុំជាដាច់ខាត។ ចំពោះការជួបជុំជាក្រុមតូចដែលចាំបាច់ (លក្ខណៈជាក្រុមគ្រួសារផ្ទាល់) នៅក្នុងភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍ ចាំបាច់ត្រូវតែរក្សាគម្លាតសុវត្ថិភាពបុគ្គលឱ្យបានត្រឹមត្រូវ (យ៉ាងតិច ១.៥ ម៉ែត្រពីគ្នា) និងមានចំនួនកម្រិតអាស្រ័យតាមការកំណត់ដោយឡែករបស់រដ្ឋបាលខេត្ត។
២.៥៖ ព្រមជាមួយវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ គ្រប់មូលដ្ឋានអាជីវកម្មខាងលើត្រូវពង្រឹងគុណភាពសេវាកម្ម ថែរក្សាបរិស្ថាន-អនាម័យ និងរក្សាតម្លៃផលិតផល និងសេវាកម្មឱ្យបានសមរម្យ។
២.៦៖ គ្រប់មូលដ្ឋានអាជីវកម្មខាងលើ ត្រូវអនុវត្តសារាចរនេះឱ្យមានប្រសិទ្ធភាពខ្ពស់។ ករណីខកខានមិនបានអនុវត្ត ឬអនុវត្តមិនបានត្រឹមត្រូវតាមខ្លឹមសារសារាចរណែនាំនេះ មន្ទីរទេសចរណ៍មិនត្រូវអនុញ្ញាតឱ្យអាជីវកម្មនោះ បើកដំណើរការជាដាច់ខាត និងអាចប្រឈមទៅនឹងវិធានការច្បាប់ជាធរមាន ពិសេសច្បាប់ស្តីពីវិធការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត៕
ខាងក្រោមនេះជាសារាចរណែនាំស្ដីពីការពង្រឹងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់សេវាកម្មស្នាក់នៅទេសចរណ៍ សេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍៖