ក្រសួងតម្រូវឲ្យអាជីវកម្មទេសចរណ៍អនុវត្តតាមវិធានសុវត្ថិភាពទេសចរណ៍ និងក្រមប្រតិបត្តិថ្មីជាចាំបាច់ ដើម្បីទទួលបានអាជ្ញាបណ្ណទេសចរណ៍
(ភ្នំពេញ)៖ ក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ-១៩ ក្រសួងទេសចរណ៍បានប្រកាសដាក់ឱ្យអនុវត្តនូវវិធានសុវត្ថិភាព និងក្រមប្រតិបត្តិថ្មីៗសម្រាប់អាជីវកម្មទេសចរណ៍ធំៗចំនួន ៤ ដែលកំពុងធ្វើសកម្មភាព រួមមាន៖ អាជីវកម្មសេវាកម្មស្នាក់នៅ អាជីវកម្មភោជនីយដ្ឋាន-អាហារដ្ឋានទេសចរណ៍ អាជីវកម្មរមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍ អាជីវកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវគោក និងផ្លូវទឹក។
ដើម្បីឱ្យការអនុវត្តនេះមានប្រសិទ្ធភាពខ្ពស់ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ក្រសួងទេសចរណ៍បានរៀបចំពិធីផ្សព្វផ្សាយស្ដីពី បទដ្ឋានគតិយុត្តដាក់ឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់ដំណាក់កាលវិបត្តិជំងឺកូវីដ-១៩ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ នៅសណ្ឋាគារភ្នំពេញ។
នៅក្នុងពិធីផ្សព្វផ្សាយខាងលើនេះ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានថ្លែងថា វិធានសុវត្ថិភាពទេសចរណ៍ និងក្រមប្រតិបត្តិថ្មីៗសម្រាប់អាជីវកម្មទេសចរណ៍ធំៗចំនួន ៤ ខាងលើ គឺត្រូវផ្សព្វផ្សាយបញ្ជ្រាបឱ្យមានការអនុវត្តនៅគ្រប់រាជធានី-ខេត្តទូទាំងប្រទេស។
ឯកឧត្ដមរដ្ឋមន្ត្រីស្នើសុំរដ្ឋបាលរាជធានី-ខេត្ត ត្រូវរៀបចំក្រុមការងារតាមដានការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ដែលមានអភិបាល ឬអភិបាលរងរាជធានី-ខេត្តជាប្រធាន ប្រធានមន្ទីរទេសចរណ៍ជាអនុប្រធានអចិន្ត្រៃយ៍ និងជាលេខាធិការដ្ឋាន ដោយមានសមាជិកពីអង្គភាពពាក់ព័ន្ធ និងលើកទឹកចិត្តឱ្យមានក្រុមការងារនេះដល់ថ្នាក់មូលដ្ឋាន។
ម្យ៉ាងទៀត ក្រុមការងារតាមដានការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍នេះ ត្រូវចុះណែនាំផ្សព្វផ្សាយអំពីវិធានការដល់គ្រប់មូលដ្ឋានអាជីវកម្ម និងត្រូវរាយការណ៍ជាប្រចាំ ពិសេសត្រូវអប់រំប្រជាពលរដ្ឋ និងទេសចរ បុគ្គលបម្រើការនៅតាមគោលដៅទេសចរណ៍នីមួយៗ និងប្រតិបត្តិករទេសចរណ៍ដែលជាដៃគូសហការ ដើម្បីពង្រឹងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ។
ចំណែកក្រសួងទេសចរណ៍ក៏មានក្រុមការងារ សម្រាប់ការងារតាមដានលើការងារនេះផងដែរ ដើម្បីតាមដានការរាយការណ៍ពីថ្នាក់ក្រោមជាតិ ព្រោះបើគ្មានការត្រួតពិនិត្យឱ្យបានហ្មត់ចត់ទេ កិច្ចការងារនេះអាចនឹងជួបហានិភ័យនៅថ្ងៃអនាគត។
ឯកឧត្ដមរដ្ឋមន្ត្រីចង់ឱ្យអាជីវកម្មទេសចរណ៍ទាំង ៤ ធំៗខាងលើអាចធ្វើសកម្មភាពអាជីវកម្មរបស់ខ្លួនបានផង ហើយត្រូវចូលរួមទប់ស្កាត់ការរីករាលដាលប្រកបដោយប្រសិទ្ធភាពបានផង។ នៅពេលមានប្រជាពលរដ្ឋទៅទស្សនាកម្សាន្តនៅតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ ឬសហគមន៍អេកូទេសចរណ៍នានា តែងតែត្រូវការសេវាកម្មធ្វើដំណើរ សេវាកម្មម្ហូបអាហារ សេវាកម្មស្នាក់នៅ និងសេវាកម្មបន្ទាប់បន្សំនានាជាដើមទៀតនៅតាមរមណីយដ្ឋាន សហគមន៍-អេកូទេសចរណ៍។
ឯកឧត្ដមរដ្ឋមន្ត្រីក្រសួង
ទេសចរណ៍បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រសិនបើមូលដ្ឋានអាជីវកម្មណាអនុវត្តតាមត្រឹមត្រូវតាមវិធានសុវត្ថិភាព និងក្រមប្រតិបត្តិសម្រាប់អាជីវកម្មរបស់ខ្លួន ក្រសួង
ទេសចរណ៍នឹងប្រគល់ជូននូវបណ្ណបញ្ជាក់គុណភាពសុវត្ថិភាព ទេសចរណ៍ឬហៅថា Label សម្រាប់បិទផ្សព្វផ្សាយជាសាធារណៈនៅទីតាំងមូលដ្ឋានអាជីវកម្មរបស់ពួកគេ»។
បើតាមឯកឧត្ដមបណ្ឌិត ថោង ខុន បច្ចុប្បន្នចលនាភ្ញៀវទេសចរក្នុងស្រុកមានការងើប
ឡើងវិញគួរឱ្យកត់សម្គាល់ ប៉ុន្តែទាំងអស់គ្នាមិនត្រូវភ្លេចខ្លួនចំពោះបញ្ហានៃការរីករាលដាលជំងឺកូវីដនេះឡើយ ពោលគឺត្រូវបន្តការចូលរួមទប់ស្កាត់ការរីករាលដាលនេះតទៅមុខទៀត ព្រោះគ្មានអ្នកណាស្មានត្រូវនោះទេ ហើយក៏ពុំទាន់មានវាក់សាំងសម្រាប់បង្ការនៅឡើយដែរ។
ឯកឧត្ដមរដ្ឋមន្ត្រីថ្លែងបន្តទៀតថា «នៅពេលយើងអនុវត្តតាមវិធានសុវត្ថិភាព និងក្រមប្រតិបត្តិទាំងនេះបានត្រឹមត្រូវ និងទទួលបានក្ដីទុកចិត្តពីសំណាក់ភ្ញៀវទេសចរក្នុងស្រុក វាក៏ជាសញ្ញាណសុវត្ថិភាពពិសេស (Label) មួយបង្ហាញប្រាប់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ឱ្យមានការជឿជាក់លើសុវត្ថិភាពរបស់គោលដៅទេសចរណ៍យើង ដែលមានការយកចិត្តទុកដាក់ផ្ដល់ភាពកក់ក្ដៅចំពោះភ្ញៀវទេសចរ ជាហេតុជំរុញឱ្យពួកគេចាប់អារម្មណ៍ចំពោះគោលដៅកម្ពុជា ហើយនៅពេលចប់វិបត្តិកូវីដទៅ នោះគោលដៅទេសចរណ៍កម្ពុជាយើងនឹងទទួលបានវត្តមានភ្ញៀវបរទេសច្រើន»៕