ក្រសួងទេសចរណ៍ ចាត់មន្ត្រីចុះសួរសុខទុក្ខជនបរទេសម្នាក់ ដែលគ្រោះថ្នាក់ដោយសារផ្ទុះស្ថានីយហ្គាសនៅខេត្តសៀមរាប
ក្រសួងទេសចរណ៍ ចាត់មន្ត្រីចុះសួរសុខទុក្ខជនបរទេសម្នាក់ ដែលគ្រោះថ្នាក់ដោយសារផ្ទុះស្ថានីយហ្គាសនៅខេត្តសៀមរាប
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩នេះ បានចាត់ក្រុមមន្ត្រីរបស់ខ្លួនចុះសួរសុខទុក្ខភ្ញៀវទេសចរបរទេសម្នាក់ នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ក្រោយជួបគ្រោះថ្នាក់ដោយសារផ្ទុះស្ថានីយហ្គាសនៅខេត្តសៀមរាប កាលពីពេលកន្លងទៅថ្មីៗនេះ។
ក្រុមមន្ត្រីក្រសួងទេសចរណ៍ខាងលើនេះ ត្រូវបានដឹកនាំដោយលោក ជា កុសល នាយកខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងនាមតំណាងលោករដ្ឋមន្ត្រី ថោង ខុន។
ជនរងគ្រោះខាងលើនេះ មានឈ្មោះ Abigail ALEXANDERA ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិអាមេរិក បច្ចុប្បន្នបម្រើការងារជាគ្រូបង្រៀននៅសាលា IQ ស្ថិតក្នុងខេត្តសៀមរាប។
ក្រោយពេលជួបគ្រោះថ្នាក់នេះ កញ្ញា Abigail ALEXANDER ត្រូវភ្លើងឆេះរលាកធ្ងន់ធ្ងររហូតដល់ត្រូវបញ្ជូនមកព្យាបាលនៅភ្នំពេញ ហើយបច្ចុប្បន្នជនរងគ្រោះរូបនេះកំពុងស្ថិតក្នុងបន្ទប់សង្គ្រោះនៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ នៅឡើយ។
លោក ជា កុសល បានសម្ដែងនូវការសោកស្ដាយចំពោះហេតុការណ៍គ្រោះថ្នាក់នេះ និងបានផ្ដាំផ្ញើនូវការសួរសុខទុក្ខរបស់លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាជូនចំពោះគ្រួសារជនរងគ្រោះផងដែរ។ តាមរយៈនាយកខុទ្ទកាល័យរូបនេះ ក្រសួងទេសចរណ៍ក៏បានឧបត្ថម្ភថវិកាចំនួន ២លានរៀល និងគ្រឿងឧបភោគ-បរិភោគមួយចំនួនទៀត ប្រគល់ដល់គ្រួសារជនរងគ្រោះខាងលើផងដែរ។
ក្រុមគ្រួសាររបស់កញ្ញា Abigail ALEXANDER ក៏បានថ្លែងអំរណគុណដល់លោករដ្ឋមន្រ្តី ថោង ខុន និងមន្ត្រីរាជការរបស់កម្ពុជា ចំពោះសមាណចិត្ត និងការយកចិត្តទុកដាក់នាពេលនេះ ដោយបានធ្វើឲ្យពួកគាត់មានអារម្មណ៍កក់ក្តៅយ៉ាងខ្លាំង៕