ក្រសួងទេសចរណ៍គ្រោងរៀបចំបង្កើត «សន្ទានុក្រមមុខម្ហូបចិន» ដើម្បីពង្រឹងគុណភាពសេវាម្ហូបអាហារចិន
ក្រសួងទេសចរណ៍គ្រោងរៀបចំបង្កើត «សន្ទានុក្រមមុខម្ហូបចិន» ដើម្បីពង្រឹងគុណភាពសេវាម្ហូបអាហារចិន
(ភ្នំពេញ)៖ ដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កាលពីរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ក្រសួងទេសចរណ៍បានរៀបចំកិច្ចប្រជុំបច្ចេកទេសពិភាក្សាលើសេចក្តីព្រាង “សន្ទានុក្រមមុខម្ហូបចិន” នៅទីស្តីការក្រសួងទេសចរណ៍ ដោយមានការចូលរួមពីឯកឧត្តម Zhong Jifa លេខាទី១ របស់ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពីសំណាក់ តំណាងវិទ្យាស្ថានខុងជឺនៃរាជ្យបណ្ឌិតសភាកម្ពុជា តំណាងសមាគមចុងភៅកម្ពុជា សមាគមភោជនីយដ្ឋាន សមាគមសណ្ឋាគារ មូលដ្ឋានអាជីវកម្មទេសចរណ៍ តំណាងសាលាបណ្តុះបណ្តាលជំនាញទេសចរណ៍ និងអ្នកជំនាញ និងសាស្រ្តាចារ្យដែលជាសមាជិកបណ្តាញអ្នកជំនាញ និងសាស្រ្តាចារ្យក្នុងវិស័យទេសចរណ៍ សរុបប្រមាណ ៥០នាក់។
កិច្ចប្រជុំបច្ចេកទេសនេះរៀបចំឡើងដើម្បីពិភាក្សា និង ទទួលបាននូវធាតុបញ្ចូលថ្មីៗ បន្ថែមសំដៅឈានដល់ការរៀបចំឱ្យមាន “សន្ទានុក្រមមុខម្ហូបចិន” មួយដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយដើម្បីជួយសម្រួលដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ដែលបម្រើសេវាម្ហូបអាហារ និងភេសជ្ជៈ ជាពិសេសសេវាម្ហូបអាហារចិន មានឯកសារជាមូលដ្ឋាន ក្នុងចងក្រងបញ្ជីរាយនាមមុខម្ហូបអាហារ និងភេសជ្ជៈឱ្យបានត្រឹមត្រូវ។
សន្ទានុក្រមមុខម្ហូបចិន ដែលនឹងផ្សព្វផ្សាយជាផ្លូវការនាពេលខាងមុខនេះ មានខ្លឺមសារជា ០៣ ភាសាមានជាអាទិ៍ ភាសាខ្មែរ ភាសាចិន និងភាសាអង់គ្លេស និងបន្តធ្វើបច្ចុប្បន្នភាពមុខម្ហូបថ្មីៗ បន្ថែមទៀតទៅតាមការវិវត្តន៍សង្គម និងការរីកចម្រើននៃវិស័យម្ហូបអាហារ និងភេសជ្ជៈផងដែរ។