ក្រសួងទេសចរណ៍ចេញសេចក្តីជូនដំណឹងស្តីអំពីការសម្រួលការធ្វើដំណើររបស់ភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស
ក្រសួងទេសចរណ៍ចេញសេចក្តីជូនដំណឹងស្តីអំពីការសម្រួលការធ្វើដំណើររបស់ភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹងជាថ្មីម្តងទៀតថា ក្នុងគោលបំណងដើម្បីសម្រួលការធ្វើដំណើរ និងកាត់បន្ថយរបាំងមិនចាំបាច់ ជូនភ្ញៀវទេសចរអន្តរជាតិដែលចូលមកទស្សនាកម្ពុជា ក្រសួងទេសចរណ៍បានសហការជាមួយក្រសួងមហាផ្ទៃ (អគ្គនាយកដ្ឋានអន្តោប្រវេសន៍) ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា) ក្នុងការសម្រួលបែបបទនៃការធ្វើដំណើរមួយចំនួន ដូចខាងក្រោម៖
១៖ អំពីសាលាកបត្រចូល ចេញប្រទេស និងបែបបទស្នើសុំទិដ្ឋាការ៖
* បែបបទនៃការបំពេញសាលាកបត្រចូល ចេញ និងស្នើសុំទិដ្ឋាការពេលមកដល់ ត្រូវបានបញ្ចូលគ្នាតែមួយសន្លឹក ដោយមានជាភាសាខ្មែរ ចិន និងអង់គ្លេស។
* ភ្ញៀវទេសចរបំពេញបែបបទចូលតែម្តងគត់ ហើយពេលត្រឡប់ចេញទៅវិញ មិនតម្រូវឲ្យបំពេញបែបបទទៀតទេ និងមិនត្រូវការរូបថតឡើយ។
* ចំពោះពលរដ្ឋខ្មែរដែលធ្វើដំណើរចេញ និងចូលប្រទេសដែលកាន់លិខិតឆ្លងដែនអេឡិចត្រូនិចខ្មែរ (E-Passport) មិនតម្រូវឲ្យបំពេញបែបបទទេ។
២៖ អំពីបែបបទចូល ចេញតាមច្រកទ្វារព្រំដែនអន្តរជាតិ
* ភ្ញៀវទេសចរដែលបើកបរដោយខ្លួនឯង (Self Driving Tours) មានបំណងចូលមកទស្សនាក្នុងប្រទេសកម្ពុជា ដោយប្រើប្រាស់មធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន នាំចូលបណ្តោះអាសន្ន និងចេញទៅវិញតាមច្រកទ្វារព្រំដែនអន្តរជាតិនានាទូទាំងប្រទេស អាចបំពេញប្រតិវេទន៍គយសង្ខេប សម្រាប់មធ្យោបាយធ្វើដំណើរចូល-ចេញបណ្តោះអាសន្នរបស់ភ្ញៀវទេសចរ (Summary declaration form for temporary entry-exit of conveyance of tourists) ជាមួយមន្រ្តីគយច្រកទ្វារតែម្តង។
* ភ្ញៀវទេសចរមិនចាំបាច់បង់ប្រាក់និមុត្តិធានា (Deposit) និងថ្លៃធានារ៉ាប់រងឡើយ។