ក្រសួងទេសចរណ៍ជំរុញវាយតម្លៃអ្នកជំនាញទេសចរណ៍ដើម្បីទទួលបានវិញ្ញាបនបត្រស្តង់ដាសមត្ថភាពអាស៊ាន!
ក្រសួងទេសចរណ៍ជំរុញវាយតម្លៃអ្នកជំនាញទេសចរណ៍ដើម្បីទទួលបានវិញ្ញាបនបត្រស្តង់ដាសមត្ថភាពអាស៊ាន!
ខេត្តក្រចេះ៖ ព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងឯកឧត្តម ប៉ែន លីណាត អភិបាលស្តីទីនៃគណៈអភិបាលខេត្តក្រចេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមជ័យលាភីការវាយតម្លៃការសិក្សាពីមុន (Recognition of Prior Learning) ដល់អ្នកជំនាញទេសចរណ៍ចំនួន ៣០រូបលើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខនៅសណ្ឋាគារ ហ៊ បុន្នី ខេត្តក្រចេះ ក្រោមកិច្ចសហការជាមួយអង្គការ SwissContact ក្នុងកម្មវិធីអភិវឌ្ឍជំនាញ។
ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា ការវាយតម្លៃការសិក្សាពីមុន (Recognition of Prior Learning) គឺជាយុទ្ធសាស្ត្រមួយរបស់ក្រសួងទេសចរណ៍ក្នុងការជំរុញការបណ្តុះបណ្តាល និងទទួលស្គាល់ជំនាញពិតប្រាកដរបស់អ្នកជំនាញទេសចរណ៍កម្ពុជា ជាពិសេសអ្នកជំនាញដែលកំពុងបម្រើការងារបច្ចុប្បន្នដែលមិនបានឆ្លងកាត់ការសិក្សា និងបណ្តុះបណ្តាលផ្លូវការ ហើយគ្មានវិញ្ញាបនបត្រទទួលស្គាល់កម្រិតជំនាញជាក់លាក់។ ការវាយតម្លៃការសិក្សាពីមុន នឹងបើកផ្លូវឲ្យអ្នកជំនាញមានឱកាសបន្តការសិក្សាជំនាញវិជ្ជាជីវៈទេសចរណ៍កម្រិតខ្ពស់បន្ថែមទៀត និងអាចអភិវឌ្ឍអាជីពការងារកាន់តែល្អប្រសើរ។
លោក ជួប រតនា ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ បានរាយការណ៍ជូនអង្គពិធីនូវវឌ្ឍនភាពនៃវិស័យទេសចរណ៍ក្នុងខេត្ត ដោយមន្ទីរទេសចរណ៍បានរៀបចំបង្កើតរមណីយដ្ឋានធម្មជាតិ ចំនួន១០កន្លែង រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ ចំនួន០៦កន្លែង សណ្ឋាគារមានចំនួន ១៤ កន្លែង ស្មើនឹង៥៦២បន្ទប់ ផ្ទះសំណាក់ចំនួន ៣៦ កន្លែង ស្មើនឹង ៣៥៤បន្ទប់ ភោជនីយដ្ឋាន និងអាហារដ្ឋានមានចំនួន ៣៩កន្លែង ម៉ាស្សាសុខភាពចំនួន ៩កន្លែង ស្មើនឹង៦៦គ្រែ សេវាកម្មកម្សាន្តទេសចរណ៍សម្រាប់មនុស្សពេញវ័យចំនួន ១១ កន្លែង ស្មើនឹង៧៤បន្ទប់ ហើយបច្ចុប្បន្នតាមរយៈកិច្ចខិតខំរបស់មន្ទីរទេសចរណ៍ខេត្តក្រចេះកំពុងរៀបចំតំបន់ទេសចរណ៍ថ្មីៗបន្ថែមទៀតដើម្បីបម្រើដល់ការកម្សាន្តសប្បាយជូនដល់ទេសចរជាតិ និងអន្តរជាតិ ក្នុងនោះមានឆ្នេរផ្តើមស្នេហ៍ ក្នុងសង្កាត់កោះទ្រង់ កោះព្រហ្មចារិយ៍ សហគមន៍អេកូទេសចរណ៍ កោះសាមសិប និងកោះដំបង និងបន្តពង្រឹងគុណភាពសេវាកម្មទាំងមូលដ្ឋានអាជីវកម្មក្នុងខេត្ត និងសហគមន៍ទេសចរណ៍ ដែលធ្វើអោយមានកំណើនទេសចរសរុបចំនួន ៨៣.៤៤២នាក់ កំណើនក្នុងអត្រា ២,៩១% ដោយភ្ញៀវអន្តរជាតិមានចំនួន៨.៩២៦នាក់ កើនឡើង២,៨៦% នៅត្រីមាសទី១ ឆ្នាំ២០១៩។