ក្រសួងទេសចរណ៍ជំរុញឱ្យមន្ត្រីចុះធ្វើអធិការកិច្ច ដើម្បីជំរុញដល់ប្រតិបត្តិករដាក់ពាក្យស្នើសុំ និងបន្តអាជ្ញាបណ្ណ
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍បានជំរុញដល់មន្ត្រីអធិការកិច្ចក្រោមឱវាទ ត្រូវចុះធ្វើការងាររបស់ខ្លួនប្រកបដោយប្រសិទ្ធភាពខ្ពស់ ពិសេសត្រូវចុះធ្វើអធិការកិច្ចនៅតាមមូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ ដើម្បីជំរុញដល់ប្រតិបត្តិករទេសចរណ៍មកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ និងបន្តអាជ្ញាបណ្ណអាជីវកម្ម សំដៅធ្វើយ៉ាងណាឱ្យការគ្រប់គ្រងឧស្សាហកម្ម និងសេវាកម្មទេសចរណ៍ ប្រកប ដោយគុណភាព ប្រសិទ្ធភាព។
ការជំរុញយ៉ាងដូច្នេះត្រូវបានធ្វើឡើងនៅក្នុងពិធីបើកសិក្ខាសាលាបូកសរុបការងារអធិការកិច្ចទេសចរណ៍ឆ្នាំ២០១៨ និងទិសដៅអនុវត្តបន្ត ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។
អង្គសិក្ខាសាលាដែលបានរៀបចំឡើងនាឱកាសនេះមានសមាសភាពចូលរួមសរុបចំនួន ១៤៦រូប ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ៥រូប មន្ត្រីទីស្តីការក្រសួងទេសចរណ៍ ១៧រូប និងមន្ត្រីអធិការកិច្ចក្រសួងទេសចរណ៍ ១២៤រូប។
ឯកឧត្តម ប្រាក់ ច័ន្ទតារា អគ្គាធិការនៃអគ្គាធិការដ្ឋានក្រសួងទេសចរណ៍ បានថ្លែងថា ការរៀបចំសិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងឆ្លើយតបទៅនឹងយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ សំដៅធ្វើយ៉ាងណាឱ្យការគ្រប់គ្រងឧស្សាហកម្ម និងសេវាកម្មទេសចរណ៍ ប្រកបដោយគុណភាព និងប្រសិទ្ធភាព។
ឯកឧត្តម ប្រាក់ ច័ន្ទតារា បានបន្តថា ការពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ច ដែលមានសម្បទាជានគរបាលយុត្តិធម៌ គឺជាកត្តាគន្លឹះ និងចាំបាច់បំផុត ដើម្បីឱ្យមន្ត្រីអធិការកិច្ចមានសមត្ថភាពពេញលេញ ក្នុងការជំរុញឱ្យគ្រប់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ចូលរួមគោរព និងអនុវត្តច្បាប់ ព្រមទាំងបទប្បញ្ញត្តិនានាក្នុងវិស័យទេសចរណ៍ ប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តម ជា បូរ៉ា រដ្ឋលេខាធិការ បានកោតសរសើរថា សិក្ខាសាលានេះពិតជាបានចូលរួមចំណែកក្នុងការអភិវឌ្ឍនចំណេះដឹង និងធនធានមនុស្សដ៏សំខាន់ ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍទេសចរណ៍ ឆ្នាំ២០១២-២០២០ ពិសេសការពង្រឹងធនធានមនុស្សលើការងារអធិការកិច្ចទេសចរណ៍។ដើម្បីជាជំនួយស្មារតីជូនដល់មន្ត្រីអធិការកិច្ចទាំងអស់ ឯកឧត្តមរដ្ឋលេខាធិការបានផ្តល់អនុ សាសន៍មួយចំនួន៖
* អគ្គាធិការដ្ឋានត្រូវសហការជាមួយអគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ចុះធ្វើអធិការកិច្ច ដើម្បីជំរុញដល់ប្រតិបត្តិករទេសចរណ៍មកដាក់ពាក្យស្នើសុំ និងបន្តអាជ្ញាបណ្ណ។
* មុនពេល និងកំពុងចុះធ្វើអធិការកិច្ច មន្ត្រីអធិការកិច្ចទាំងអស់ត្រូវពិនិត្យ និងសិក្សាច្បាប់ស្តីពីទេសចរណ៍ និងលិខិតបទដ្ឋានគតិយុត្តនានារបស់ក្រសួងទេសចរណ៍ ឲ្យបានច្បាស់លាស់ជាមុន។
* ត្រូវសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធក្នុងការចាត់វិធានការ និងដោះស្រាយភាពមិនប្រក្រតីក្នុងវិស័យទេសចរណ៍ ហើយរាល់ការចុះធ្វើអធិការកិច្ច ត្រូវមានការអនុញ្ញាតពីលោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឬប្រធានស្ថាប័ន។
* ពេលធ្វើអធិការកិច្ច គ្រប់អង្គភាពក្រោមឱវាទក្រសួងទេសចរណ៍ ត្រូវរៀបចំផែនការសកម្មភាព ដើម្បីចុះធ្វើអធិការកិច្ច និងកំណត់ហេតុឲ្យបានច្បាស់លាស់។
* ត្រូវស្រាវជ្រាវរកវិធីសាស្ត្រថ្មីៗនានា ដើម្បីជំរុញការធ្វើអធិការកិច្ចឲ្យមានប្រសិទ្ធភាព។
* ត្រូវធ្វើផែនការ និងរៀបចំវគ្គបណ្តុះបណ្តាលរយៈពេលខ្លី និងមធ្យមដល់មន្ត្រីអធិការកិច្ចថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ។
* ត្រូវអនុវត្តឲ្យបានម៉ឺងមាត់នូវបទបញ្ជាផ្ទៃក្នុង សម្រាប់មន្ត្រីអធិការកិច្ចចុះបំពេញបេសកកម្មតាមន្ទីរទេសចរណ៍រាជធានី-ខេត្ត។
* បន្តរៀបចំផែនការបណ្តុះបណ្តាលធនធានមនុស្ស លើការងារអធិការកិច្ចជាប្រចាំ។
* ពង្រឹងការអនុវត្តវិន័យ និងកាតព្វកិច្ចមន្ត្រីរាជការ ដូចដែលមានចែងក្នុងខ្លឹមសារនៃច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃកម្ពុជា និងលិខិតបទដ្ឋានគតិយុត្តិនានាជាធរមាន ពិសេសការពង្រឹងវិន័យការងារក្នុងអគ្គាធិការដ្ឋាន។
ម្យ៉ាងទៀត ក្នុងករណីមានភាពមិនប្រក្រតី ឬអនុវត្តផ្ទុយទៅនឹងច្បាប់ស្តីពីទេសចរណ៍ ព្រមទាំងបទប្បញ្ញត្តិនានាទាក់ទងនឹងវិស័យទេសចរណ៍ អគ្គាធិការដ្ឋានដែលជាសេនាធិការផ្ទាល់ឱ្យក្រសួងទេសចរណ៍ត្រូវទទួលបន្ទុកការងារអធិការកិច្ច អង្កេត ពិនិត្យ ស្រាវ ជ្រាវគ្រប់អង្គភាពក្រោមឱវាទក្រសួង និងមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍។
ក្រសួងទេសចរណ៍ជឿជាក់ថាមន្ត្រីអធិការកិច្ចដែលមានសម្បទាជានគរបាលយុត្តិធម៌ទាំងអស់ នឹងយកចំណេះដឹង និងបទ ពិសោ ធន៍ល្អៗ ដែលធ្លាប់បានអនុវត្តកន្លងមកទៅបម្រើការងារ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ៕