ក្រសួងទេសចរណ៍ត្រៀមរៀបចំរង្វាន់ «អ្នកជំនាញបដិសណ្ឋារកិច្ចល្អក្នុងឧស្សាហកម្មទេសចរណ៍»
ក្រសួងទេសចរណ៍ត្រៀមរៀបចំរង្វាន់ «អ្នកជំនាញបដិសណ្ឋារកិច្ចល្អក្នុងឧស្សាហកម្មទេសចរណ៍»
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ ក្រសួងទេសចរណ៍ បានសហការជាមួយសាកលវិទ្យាល័យអាស៊ីអឺរ៉ុប រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើ សេចក្តីព្រាង «ស្តង់ដារង្វាន់អ្នកជំនាញបដិសណ្ឋារកិច្ចល្អ ក្នុងឧស្សាហកម្មទេសចរណ៍» នៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប។
ដោយមានការអនុញ្ញាតពីលោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ សិក្ខាសាលានេះធ្វើឡើងក្រោមអធិបតីភាពលោក ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងមានការចូលរួមពីសំណាក់លោក លោក លោកស្រី អ្នកជំនាញ និងសាស្រ្តាចារ្យ ដែលជាសមាជិកបណ្តាញជំនាញ និងសាស្រ្តាចារ្យទេសចរណ៍ តំណាងមន្ទីរទេសចរណ៍រាជធានី-ខេត្តទាំង២៥ សាលាបណ្តុះបណ្តាល សណ្ឋាគារ ភោជនីយដ្ឋាន និងសមាគមឧស្សាហកម្មទេសចរណ៍ និងសិស្ស និសិ្សតទេសចរណ៍ សរុបប្រមាណ២៥០នាក់។
លោក ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ បានថ្លែងថា សិក្ខាសាលាពិគ្រោះយោបល់នេះរៀបចំឡើងដើម្បីពិភាក្សា និងទទួលបាននូវធាតុបញ្ចូលថ្មីៗ បន្ថែមសំដៅឈានដល់ការរៀបចំឱ្យមាន «ស្តង់ដារង្វាន់អ្នកជំនាញបដិសណ្ឋារកិច្ចល្អក្នុងឧស្សាហកម្មទេសចរណ៍» មួយដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីប្រើប្រាស់ជាមូលដ្ឋានសម្រាប់គាំទ្រដល់ការវាយតម្លៃអ្នកជំនាញទេសចរណ៍ នៅក្នុងចលនាប្រឡងប្រណាំងអ្នកជំនាញបដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍ប្រចាំឆ្នាំ ដែលក្រសួងទេសចរណ៍នឹងរៀបចំឱ្យមានការប្រឡងប្រណាំងលើកទី១ នាពេលខាងមុខ និងដើម្បីទាំងអស់គ្នាឆ្ពោទៅអបអរសាទរព្រឹត្តិការណ៍ SEA Game 2023 និងចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ»។
លោកអះអាងថា ការប្រឡងប្រណាំងនេះនឹងចូលរួមលើកកម្ពស់គុណភាពសេវាកម្មក្នុងវិស័យទេសចរណ៍នៅកម្ពុជាឲ្យកាន់តែល្អប្រសើរឡើង ជាពិសេសជំរុញ និងលើកទឹកចិត្តដល់អ្នកបម្រើការងារក្នុងឧស្សាហកម្មទេសចរណ៍បន្តខិតខំផ្តល់បដិសណ្ឋារកិច្ចកាន់តែល្អដល់ភ្ញៀវទេសចរដែលមកកំសាន្តនៅកម្ពុជា ជាពិសេសដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តច្រើនដង (Repeat Tourist) ។
គូសបញ្ជាក់ថា រង្វាន់អ្នកជំនាញបដិសណ្ឋារកិច្ចល្អក្នុងឧស្សាហកម្មទេសចរណ៍ មាន៣កម្រិត៖ ចំពោះរង្វាន់អ្នកជំនាញបដិសណ្ឋារកិច្ចល្អក្នុងឧស្សាហកម្មទេសចរណ៍នេះ គឺទាមទារឱ្យអ្នកផ្តល់សេវាកម្មបំពេញតាមលក្ខណៈវិនិច្ឆ័យទាំងអស់តែម្តង ពោលគឺទទួលបានពិន្ទុចន្លោះ ១០០-៩១ នៃពិន្ទុសរុបដើម្បីទទួលបានមេដាយមាស ទទួលបានចន្លោះ ៩០-៨១ នៃពិន្ទុសរុបដើម្បីទទួលបានមេដាយប្រាក់ និងទទួលបានពិន្ទុចន្លោះ៨០-៧០ នៃពិន្ទុសរុបដើម្បីទទួលមេដាយសំរឹទ្ធ ។
តាមរយៈកម្រិតជ័យលាភីនេះ នឹងជួយជំរុញឱ្យមានការអភិវឌ្ឍជំនាញបដិសណ្ឋារកិច្ច ជាពិសេសជំរុញដល់យុវជន សិស្ស និស្សិត អ្នកជំនាញ និងប្រតិបត្តិករដែលពាក់ព័ន្ធក្នុងវិស័យទេសចរណ៍មានការយកចិត្តទុកដាក់លើការផ្តល់បដិសណ្ឋារកិច្ចល្អប្រកបដោយសមត្ថភាព ចំណេះដឹង ជំនាញ អាកប្បកិរិយា និងបុគ្គលិកលក្ខណៈល្អ នៅក្នុងការផ្តល់សេវាកម្មល្អដល់ភ្ញៀវ និងទទួលបានភាពស្រលាញ់ពេញចិត្តពីភ្ញៀវ និងសហការីនៅនឹងកន្លែងការងារ ព្រមទាំងអ្នកនៅជុំវិញខ្លួនទាំងអស់ ដែលជាកត្តាចូលរួមគាំទ្រចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» និងយុទ្ធនាការឃោសនាផ្សព្វផ្សាយទេសចរណ៍«កម្ពុជា៖ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ»៕