ក្រសួងទេសចរណ៍បើកសិក្ខាសាលានិងពិធីចែកពានស្ដីពីបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍
ក្រសួងទេសចរណ៍បើកសិក្ខាសាលានិងពិធីចែកពានស្ដីពីបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍
ដំណាក់កាលកូវីដ-១៩ ដល់បងប្អូន អាជីវករជាម្ចាស់
សណ្ឋាគារ ផ្ទះសំណាក់ភោជនីយដ្ឋាន និងអាហារដ្ឋាននៅក្នុងខេត្តក្រចេះ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០
ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងអាហារដ្ឋានចំនួន ៣០កន្លែង ក្នុងក្រុងក្រចេះ ដែលជាប់ ចំណាត់ថ្នាក់ល្អ ក្នុងការចុះវាយតម្លៃដោយក្រុមការងារបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍សហការជាមួយមន្ទីរពាក់ព័ន្ធ និងដៃគូ។ ការចុះត្រួតពិនិត្យត្រូវបានធ្វើឡើងនៅតាមសណ្ឋាគារផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋានចំនួន ៥៧កន្លែង តែការចុះវាយតម្លៃ ទទួលបានលទ្ធផលចំនួន៣០កន្លែង ដែលទទួលបានពិន្ទុចំណាត់ថ្នាក់ល្អជាប់ក្នុងទទួលពាននិងបណ្ណសរសើរពីក្រសួងទេសចរណ៍។
សិក្ខាសាលា និងពិធីចែកពាន ស្ដីពី “បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ដំណាក់កាលកូវីដ-១៩” ត្រូវបានរៀបចំឡើងនៅសណ្ឋាគារ
ហ៊រ បុន្នី ក្រុងក្រចេះនាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងក្រសួងទេសចរណ៍ តំណាងដ៏
ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ខាំ សុភាព អភិបាលរងខេត្តក្រចេះ និងមានការអញ្ជើញចូលរួមពីសាលាក្រុងក្រចេះ មន្ទីរពាក់ព័ន្ធ បងប្អូនអាជីវករជាម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងអាហារដ្ឋានចំនួន៣០ កន្លែងដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍នៅក្នុងសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងអាហារដ្ឋានរបស់ខ្លួន។
លោកជំទាវ ខាំ សុភាព អភិបាលរងខេត្តក្រចេះ មានប្រសាសន៍បញ្ជាក់ថា មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ដែលមានស្នាដៃឆ្នើមត្រូវទទួលបានពាន និងបណ្ណសរសើរនៅថ្ងៃនេះ គឺត្រូវបានជ្រើសរើសតាមរយៈការចុះត្រួតពិនិត្យវាយតម្លៃនៅមូលដ្ឋានដោយផ្ទាល់ ពីសំណាក់ក្រុមការងារបរិស្ថានគ្មានផ្សែងបារីរបស់ក្រសួងទេសចរណ៍ ដោយមានកិច្ចសហការជាមួយមន្ទីរពាក់ព័ន្ធ និងដៃគូ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងមកថ្មីៗនេះ។ ជាលទ្ធផលយើងជ្រើសរើសបានសណ្ឋាគារ/ផ្ទះសំណាក់ចំនួន១៥កន្លែង ក្នុងចំណោម២៨កន្លែង និងភោជនីយដ្ឋាន អាហារដ្ឋានចំនួន១៥កន្លែងក្នុងចំណោម៣១កន្លែង ដែលបានចុះត្រួតពិនិត្យ ហើយដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍។
ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍បានមានប្រសាសន៍បញ្ជាក់ថា ការរៀបចំសិក្ខាសាលានេះឡើង គឺដើម្បីជំរុញផ្សព្វផ្សាយការអនុវត្តច្បាប់ស្ដីពី ការត្រួតពិនិត្យផលិតផលថ្នាំជក់ និងលិខិតបទដ្ឋានគតិយុត្តនានា ជាពិសេសសេចក្តីណែនាំស្ដីពីបរិស្ថានគ្មានផ្សែងបារីដល់ម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងការពារសុខមាលភាពរបស់ប្រជាពលរដ្ឋ ការពារ និងទប់ស្កាត់ការរងផ្សែងផលិតផលថ្នាំជក់ដែលបង្កឲ្យមានហានិភ័យសុខភាពដល់អ្នកនៅជុំវិញ និងកាត់បន្ថយផលប៉ះពាល់ដល់សុខភាព សេដ្ឋកិច្ចសង្គម និងបរិស្ថានដែលបណ្តាលមកពីផលិតផលថ្នាំជក់ ព្រមទាំងពិធីចែកពានបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ដែលជាការលើកទឹកចិត្ត និងជាសក្ខីភាពមួយបញ្ជាក់ថា ការអនុវត្តគោលការណ៍ បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍របស់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ មិនត្រឹមតែជាការប្រតិបត្តិនិងអនុវត្តតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានាទាក់ទងនឹងការត្រួតពិនិត្យផលិតផលថ្នាំជក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានការកោតសរសើរ និងការទទួលស្គាល់ផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការរូបនេះបានមានប្រសាសន៍បន្តថា នៅក្នុងវិបត្តិសកលនៃជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរាតត្បាតនៅបណ្តាប្រទេសជាច្រើនលើសកលលោក បរិស្ថានគ្មានផ្សែងបារីក៏បានចូលរួមចំណែកសំខាន់ក្នុងការកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ ព្រោះថា ការជក់បារីអាចបង្កើតឱកាសនៃការឆ្លងមេរោគដោយសារការដាក់ដៃប៉ះពាល់នឹងមាត់នៅពេលជក់នឹងធ្វើឲ្យខូចសួត និងផ្នែកដទៃទៀតនៃរាងកាយ ហើយប្រសិនបើឆ្លងជំងឺកូវីដ-១៩ នាំឲ្យអ្នកជំងឺស្ថិតក្នុងទម្រង់ធ្ងន់ធ្ងរ។
ជាមួយគ្នានោះដែរ ឯកឧត្តមក៏បានក្រើនរំលឹកដល់ម្ចាស់អាជីវកម្មទាំងអស់ សូមកុំដាក់តាំងចានគោះកន្ទុយបារីនៅក្នុងកន្លែងទទួលភ្ញៀវ បន្ទប់ដេក ភោជនីយដ្ឋាន ហើយត្រូវបិទស្ទីកគ័រហាមជក់បារីនៅគ្រប់ទីតាំងសំខាន់ៗដែលមានភ្ញៀវចេញចូល។
ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការ ហោ សារុន បានផ្ដាំផ្ញើដល់បងប្អូនជាម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ភោជនីយដ្ឋាន អាហារដ្ឋានទាំងអស់ក្នុងខេត្តក្រចេះ សូមបន្តការយកចិត្តទុកដាក់ខ្ពស់អនុវត្តកិច្ចការងារនេះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកលេងកម្សាន្តនៅក្នុងខេត្តក្រចេះឲ្យកាន់តែច្រើនកុះករ ដោយត្រូវគោរព និងអនុវត្តតាមគោលការណ៍របស់ក្រសួងទេសចរណ៍សំដៅធ្វើយ៉ាងណារក្សាសុវត្ថិភាព រក្សាអនាម័យឲ្យបានខ្ជាប់ខ្ជួន៕