រសួងទេសចរណ៍បណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍សរុប ៦០៧រូប នៅភូមិភាគឦសាន្តសម្រាប់ឆ្នាំ២០២១!
(ភ្នំពេញ) នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នៅសណ្ឋាគារ Sunway ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា ឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងជាអនុប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា និងលោក Rajiv Pradhan នាយកប្រចាំប្រទេសរបស់អង្គការស្វីសខន់ថាក់ បានអញ្ញើញជាធិបតីក្នុងពិធីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងទិសដៅបន្តឆ្នាំ២០២២ របស់គណៈកម្មការគ្រប់គ្រងគម្រោង ហូកា ដោយមានការចូលរួមពីសំណាក់លោក លោកស្រីប្រធានសមាគមឧស្សាហកម្មទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តភូមិភាគឦសាន្ត សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ តំណាងដៃគូរអភិវឌ្ឍន៍ និងសមាជិកសមាជិការបស់គណៈកម្មការគ្រប់គ្រងគម្រោង ហូកា សរុបប្រមាណ ៤៥រូប។
ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា បានលើកឡើងថា កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២១ របស់គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នឹងបង្ហាញពីសមិទ្ធិផល និងលទ្ធផលការងារសំខាន់ៗរបស់លេខាធិការដ្ឋាន និងមន្ទីរទេសចរណ៍ខេត្តបានអនុវត្តកន្លងមក នៅតាមខេត្តគោលដៅគម្រោងរួមមានខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនៈគីរី និងមណ្ឌលគីរី ព្រមទាំងបញ្ហាប្រឈមនានាក្នុងការបណ្តុះបណ្តាល ហូកា អំឡុងពេលការរីករាលដាលនៃជំងឺឆ្លងកូវដ-១៩ និងទិសដៅការងារបន្តរបស់មន្ទីរទេសចរណ៍នៃខេត្តគោលដៅគម្រោង សម្រាប់អនុវត្តការងារបន្តនៅឆ្នាំ២០២២ ខាងមុខ។
លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងគម្រោង ហូកា បានបង្ហាញពីលទ្ធផលការងារប្រចាំឆ្នាំ២០២១ របស់គណៈកម្មការគ្រប់គ្រងគម្រោង ហូកា ក្រោមកិច្ចសហការជាមួយអង្គការ SwissContact និងមន្ទីរទេសចរណ៍ខេត្តដោយទទួលបានលទ្ធផលរួមមាន៖ (១) គ្រូបង្គោល ហូកា ចំនួន ១០៧ រូបលើជំនាញការិយាល័យជួរមុខ គេហកិច្ច និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ (២) បានបណ្តុះបណ្តាលសិក្ខាកាមដែលជាអ្នកជំនាញកម្រិតទាប និងបុគ្គលិកកំពុងបម្រើការងារចំនួន ១០០ រូប (៣) ជំរុញបណ្តុះបណ្តាលខាងក្នុង (In-house training) ដល់បុគ្គលិកតាមមូលដ្ឋានអាជីវកម្ម និងសហគមន៍ទេសចរណ៍/អេកូ-ទេសចរណ៍ក្នុងខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី និងមណ្ឌលគិរី ចំនួន ៣០០រូប និង (៤) បានបណ្តុះបណ្តាលអ្នកជំនាញឆុងកាហ្វេកម្រិតមូលដ្ឋាន (Basic Barista Skills) លើសិក្ខាកាមចំនួន ១០០រូប។
តំណាងសមាគមឧស្សាហកម្មទេសចរណ៍ សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងអង្គប្រជុំទាំងមូល បានវាយតម្លៃខ្ពស់ចំពោះគណៈកម្មការគ្រប់គ្រងគម្រោង ហូកា ទោះបីស្ថិតក្នុងដំណាក់កាលដ៏លំបាកនៃការរីរាលដាលនៃជំងឺឆ្លងកូវីដ-១៩ ក្តី ក៏គណៈកម្មការអាចសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ ក្នុងនោះបានអនុវត្តផែនការសកម្មភាពប្រកបដោយភាពបត់បែន ការប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យា និងកិច្ចសហការដ៏ល្អរវាងអង្គការស្វីសខន់ថាក់ និងមន្ទីរទេសចរណ៍ទាំងអស់នៅក្នុងគោលដៅគម្រោង។ អង្គប្រជុំបានសំណូមពរ ឲ្យគណៈកម្មការគ្រប់គ្រងគម្រោង ហូកា ពង្រីកវិសាលភាពបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា លើជំនាញផ្សេងៗទៀតរួមទាំងជំនាញបច្ចេកវិទ្យាក្នុងវិស័យទេសចរណ៍ និងចុងភៅ រៀបចំជាមណ្ឌលហាត់ការខ្នាតតូចលើជំនាញវិជ្ជាជីវៈទេសចរណ៍ ជំរុញការបណ្តុះបណ្តាលខាងក្នុង (In-House Training) និងសិក្សាតម្រូវការជំនាញទេសចរណ៍ឲ្យបានជាក់លាក់។
អង្គប្រជុំក៏បានអបអរសារទរចំពោះការប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវឯកសារបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា ដែលជាឯកសារមូលដ្ឋានប្រកបដោយមានសង្គតិភាព និងអាចប្រើប្រាស់បានសម្រាប់ការបណ្តុះបណ្តាលនៅថ្នាក់ក្រោមជាតិ ជាពិសេសឯកសារសម្រាប់បណ្តុះបណ្តាលអ្នកជំនាញកម្រិតទាប និងឯកសារសម្រាប់បណ្តុះបណ្តាលអ្នកជំនាញកម្រិតគ្រប់គ្រង ឬម្ចាស់អាជីវកម្មទេសចរណ៍។ ឯកសារដែលគណៈកម្មការគ្រប់គ្រងគម្រោង ហូកា បានទទួលស្គាល់រួមមាន៖ (១) ជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ (២) ជំនាញការិយាល័យជួរមុខ (៣) ជំនាញគេហកិច្ច និងរៀបចំបន្ទប់ និង (៤) ជំនាញចុងភៅ។ ឯកសារបណ្តុះបណ្តាលនីមួយៗមានសៀវភៅមគ្គុទ្ទេសក៍សម្រាប់គ្រូ សៀវភៅគោលការណ៍និងការអនុវត្ត សៀវភៅសម្រាប់បទបង្ហាញ និងសៀវភៅកិច្ចការសិស្ស ដោយភ្ជាប់ជាមួយនូវតារាង/បញ្ជីសម្ភារៈឧបទ្ទេសសម្រាប់បណ្តុះបណ្តាល តារាង/បញ្ជីមុខម្ហូប និងឯកសារគាំទ្រដល់ការបណ្តុះបណ្តាល និងវាយតម្លៃផ្សេងៗទៀត។