ក្រសួងទេសចរណ៍បន្តចុះត្រួតពិនិត្យការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ នៅខេត្តតាកែវ
(ក្រុងដូនកែវ ខេត្តតាកែវ)៖ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម គុជ បញ្ញាសា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានអនុក្រុមការងារទី២ ដើម្បីជម្រុញ និងលើកស្ទួយវិស័យទេសចរណ៍ក្នុងដំណាក់កាល និងក្រោយវិបត្តជំងឺដូវីដ១៩ រួមជាមួយលោកជំទាវ គា សុភូ អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ អមដំណើរដោយមន្រ្តីជំនាញក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍ខេត្តតាកែវ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងក្រើនរំលឹកពីការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ដល់អាជីវកម្មទេសចរណ៍ក្នុងក្រុងដូនកែវ ខេត្តតាកែវ និងក្រើនរំលឹកអំពីការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍នៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍សំដៅចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមប្រធានអនុក្រុមការងារ បានគូសបញ្ជាក់អំពីបច្ចុប្បន្នភាពជំងឺកូវីដ-១៩ នៅក្នុងសកលលោក និងក្នុងប្រទេសកម្ពុជា ពុំមានករណីឆ្លងនៅក្នុងសហគមន៍ ដែលបញ្ជាក់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោនាយករដ្ឋមន្ត្រី ជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមប្រកបដោយគតិបណ្ឌិត ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលបានយ៉ាងល្អប្រពៃ។ ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានអនុក្រុមការងារ បានណែនាំដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្ត និងត្រូវរៀបចំបរិវេណទាំងខាងក្នុង និងខាងក្រៅប្រកបដោយអនាម័យ បរិស្ថានល្អស្របតាមវិធានសុវត្ថិភាពទេសចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងប្រកបដោយស្មារតីទទួលខុសត្រូវ។
វិធានសុវត្ថិភាពទេសចរណ៍ដែលត្រូវអនុវត្តនោះ រួមមាន៖ ការលាងសម្អាតដៃនឹងអាកុលជាប្រចាំ ការរក្សាគម្លាតសុវត្ថិភាព ត្រូវវាស់កម្តៅរាល់អ្នកចេញចូល បុគ្គលិកត្រូវពាក់ម៉ាស ការកំណត់ទិសដៅចរាចរណ៍សម្រាប់ភ្ញៀវ និងបុគ្គលិក និងវិធានការណែនាំសំខាន់ៗមួយចំនួនទៀត ស្របតាមខ្លឹមសារនៃវិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មទេសចរណ៍តាមប្រភេទនីមួយៗ។
ជាចុងក្រោយ ឯកឧត្តមប្រធានអនុក្រុមការងារទី២ ក៏បានស្នើឱ្យលោកជំទាវអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ ជួយដឹកនាំការងារអនុវត្តវិធានសុវត្ថិភាពទេសចរណ៍បានជាប់ជាប្រចាំ ដោយមានមន្ទីរទេសចរណ៍ខេត្តតាកែវជាសេនាធិការ សំដៅធានាថាអាជីវកម្មទេសចរណ៍ក្នុងខេត្តតាកែវ ពិសេសក្រុងដូនកែវ មានសុវត្ថិភាព និងផ្ដល់ភាពកក់ក្ដៅដល់ភ្ញៀវទេសចរ៕