ក្រសួងទេសចរណ៍បន្តណែនាំមន្ទីរទេសចរណ៍រាជធានី-ខេត្ត និងក្រើនរំលឹកការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍សម្រាប់ភោជនីយដ្ឋាន និងអាហារដ្ឋាន
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានចេញសេចក្ដីណែនាំដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ឱ្យពង្រឹងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់អាជីវកម្មសេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ស្របពេលដែលចលនាទេសចរក្នុងស្រុកចាប់ផ្ដើមមានសកម្មភាព។
តាមសារាចរណ៍ណែនាំរបស់ក្រសួងទេសចរណ៍ បានផ្ដោតលើខ្លឹមសារណែនាំសំខាន់ៗ ៧ចំណុច៖
១៖ មន្ទីរទេសចរណ៍រាជធានីភ្នំពេញ ត្រូវសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តកណ្តាល និងអាជ្ញាធរមូលដ្ឋាន ជូនដំណឹងអំពីគោលការណ៍អនុញ្ញាតឱ្យបើកដំណើរការប្រតិបត្តិការអាជីវកម្មភោជនីយដ្ឋានជាធម្មតាឡើងវិញនេះ ឱ្យដល់គ្រប់មូលដ្ឋានអាជីវកម្មទាំងអស់។ ជាមួយគ្នានេះ ត្រូវបន្តពិនិត្យ និងពង្រឹងបន្ថែមទៀតនូវការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងរាល់វិធានការជាធរមាន ចំពោះអាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ ភោជនីយដ្ឋាននិងអាហារដ្ឋានទេសចរណ៍។
២៖ មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវបន្តសហការជាមួយរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ពិនិត្យ និងពង្រឹងបន្ថែមទៀតនូវការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ចំពោះគ្រប់អាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ ភោជនីយដ្ឋាននិងអាហារដ្ឋានទេសចរណ៍។ ដោយឡែក ចំពោះមូលដ្ឋានអាជីវកម្មខាងលើ ដែលស្ថិតនៅក្នុងតំបន់ដែលបានដាក់ចេញវិធានការបិទខ្ទប់ មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវបន្តសហការជាមួយរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋានបន្តពង្រឹងនូវរាល់វិធានការជាធរមាន។
៣៖ ត្រូវបន្តពង្រឹងការអនុវត្តឱ្យបានយ៉ាងខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់នូវវិធានការទាំងឡាយដែលបានដាក់ចេញដោយក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពិសេសវិធានការ «៣ការពារ និង ៣កុំ»។ គ្រប់មូលដ្ឋានអាជីវកម្មខាងលើ ត្រូវកត់ត្រាអត្តសញ្ញាណ (ជាពិសេសអាសយដ្ឋាន និងលេខទូរស័ព្ទទំនាក់ទំនង) ភ្ញៀវទេសចរទាំងអស់ និងត្រូវចុះឈ្មោះបង្កើត និងប្រើប្រាស់ប្រព័ន្ធ QR Code «ទប់ស្កាត់កូវីដ-១៩» និងតម្រូវឱ្យភ្ញៀវទេសចរត្រូវតែស្កេនជាដាច់ខាតមុនចូលទៅក្នុងកន្លែងរបស់ខ្លួន។ ទន្ទឹមនឹងនេះ ត្រូវរៀបចំការត្រួតពិនិត្យកម្ដៅ ការបាញ់អាល់កុលសម្លាប់មេរោគ និងតម្រូវឱ្យភ្ញៀវទេសចរត្រូវពាក់ម៉ាស (លើកលែងនៅពេលបរិភោគអាហារ និងភេសជ្ជៈ) និងរក្សាគម្លាតសុវត្ថិភាពស្របតាមគោលការណ៍សុខាភិបាល។
៤៖ មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវបន្តសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត និងអាជ្ញាធរមូលដ្ឋាន ណែនាំបន្តដល់គ្រប់មូលដ្ឋានអាជីវកម្មខាងលើតាមដានត្រួតពិនិត្យរាល់បុគ្គលិករបស់ខ្លួន ដែលកំពុងជាប់កាតព្វកិច្ចធ្វើចត្តាឡីស័ក និងតម្រូវឱ្យអ្នកគ្រប់គ្រងមូលដ្ឋានអាជីវកម្មខាងលើ ត្រូវជូនដំណឹងមកអាជ្ញាធរ មូលដ្ឋាននូវរាល់ករណីសង្ស័យចំពោះភ្ញៀវទេសចរដែលជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ (បន្ទាប់ពីស្កេន QR Code “ទប់ស្កាត់កូវីដ-១៩”) និងមិនត្រូវអនុញ្ញាតឱ្យភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលកំពុងជាប់ធ្វើចត្តាឡីស័ក ឬត្រូវផ្តល់សំណាកធ្វើតេស្តរកជំងឺកូវីដ-១៩ ចូលទៅប្រើប្រាស់សេវាកម្មជាដាច់ខាត។
៥៖ គ្រប់មូលដ្ឋានអាជីវកម្មខាងលើ ត្រូវពង្រឹងការគ្រប់គ្រងឱ្យបានល្អប្រសើរ ជាពិសេសត្រូវកំណត់សមត្ថភាពផ្ទុក (Carrying Capacity) អតិបរមា ដែលអាចទទួលភ្ញៀវបានក្នុងពេលតែមួយ អនុលោមតាមស្តង់ដាគម្លាតសុវត្ថិភាព និងមិនត្រូវទទួលភ្ញៀវលើសពីចំណុះនេះជាដាច់ខាត។ មិនត្រូវរៀបចំឱ្យមានការជួបជុំជាដាច់ខាត។ ចំពោះការជួបជុំជាក្រុមតូចដែលចាំបាច់ (លក្ខណៈជាក្រុមគ្រួសារផ្ទាល់) នៅក្នុងភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍ ចាំបាច់ត្រូវតែរក្សាគម្លាតសុវត្ថិភាពបុគ្គល ត្រូវមានយ៉ាងតិច ១.៥ ម៉ែត្រពីគ្នា និងមានចំនួនកម្រិតអាស្រ័យតាមការកំណត់ដោយឡែករបស់រដ្ឋបាលរាជធានី-ខេត្ត។
៦៖ ព្រមជាមួយវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ គ្រប់មូលដ្ឋានអាជីវកម្មខាងលើត្រូវពង្រឹងគុណភាពសេវាកម្ម ថែរក្សាបរិស្ថាន-អនាម័យ និងរក្សាតម្លៃផលិតផល និងសេវាកម្មឱ្យបានសមរម្យ។
៧៖ គ្រប់មូលដ្ឋានអាជីវកម្មខាងលើ ត្រូវអនុវត្តសារាចរនេះឱ្យមានប្រសិទ្ធភាពខ្ពស់។ ករណីខកខានមិនបានអនុវត្ត ឬអនុវត្តមិនបានត្រឹមត្រូវតាមខ្លឹមសារសារាចរណែនាំនេះ មន្ទីរទេសចរណ៍មិនត្រូវអនុញ្ញាតឱ្យអាជីវកម្មនោះ បើកដំណើរការជាដាច់ខាត និងអាចប្រឈមទៅនឹងវិធានការច្បាប់ជាធរមាន ពិសេសច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
ខាងក្រោមនេះជាសារាចរណែនាំរបស់ក្រសួងទេសចរណ៍៖