ក្រសួងទេសចរណ៍បានប្រគល់វិញ្ញាបនបត្របញ្ជាក់សមត្ថភាព ជូនសិក្ខាកាមចំនួន ១២៣រូប បន្ថែមទៀត លើជំនាញស្ប៉ា និងសុខុមាលភាព។
ក្រសួងទេសចរណ៍បានប្រគល់វិញ្ញាបនបត្របញ្ជាក់សមត្ថភាព ជូនសិក្ខាកាមចំនួន ១២៣រូប បន្ថែមទៀត លើជំនាញស្ប៉ា និងសុខុមាលភាព។
នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ លេខាធិការដ្ឋានគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ នៃក្រសួងទេសចរណ៍ បានរៀបចំពិធីផ្សព្វផ្សាយស្តង់ដាសមត្ថភាពស្ប៉ា និងសុខុមាលភាពកម្ពុជា អមដោយពិធីប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមជ័យលាភីចំនួន ១២៣រូប នៃវគ្គបណ្តុះបណ្តាលវិក្រឹត្យការ (ឥតគិតថ្លៃ) លើជំនាញស្ប៉ា និងសុខុមាលភាពកម្ពុជា ក្រោមអធិបតីភាព
ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ ដោយមានការចូលរួមពីស្ថាប័នពាក់ព័ន្ធ ម្ចាស់មូលដ្ឋានអាជីវកម្ម សិក្ខាកាមនៃវគ្គបណ្តុះបណ្តាល និងបុគ្គលិកបម្រើការងារជំនាញម៉ាស្សាតេរ៉ាភី សរុបប្រមាណ ១៥០រូប នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រាជធានីភ្នំពេញ។
ក្រសួងទេសចរណ៍ បានរៀបចំស្តង់ដាសមត្ថភាពស្ប៉ា និងសុខុមាលភាព ដោយបានដាក់ចុះឲ្យអនុវត្តសាកល្បងក្នុងការពង្រឹងសមត្ថភាពអ្នកជំនាញស្ប៉ា និងសុខុមាលភាព ដែលកំពុងបម្រើការងារ ជាពិសេសស្ត្រី និងជនពិការភ្នែក បានចំនួន ០២វគ្គ នៅរាជធានីភ្នំពេញ។ វគ្គបណ្តុះបណ្តាលវិក្រឹត្យការនេះ ជាផែនការយុទ្ធសាស្ត្រចម្បងរបស់ក្រសួងទេសចរណ៍ ដោយ
បានរៀបចំឡើងក្នុងគោលបំណងបំពាក់បំប៉នសមត្ថភាព ចំណេះដឹង និងជំនាញបន្ថែមលើផ្នែកទ្រឹស្តី និងការអនុវត្តផ្ទាល់ ដល់អ្នកជំនាញម៉ាស្សាតេរ៉ាភី ឲ្យទទួលបានវិញ្ញាបនបត្រទទួល
ស្គាល់សមត្ថភាព ស្របតាមស្តង់ដាជាតិ។
ទន្ទឹមនឹងការអនុវត្តស្តង់ដាសមត្ថភាពស្ប៉ា និងសុខុមាលភាពនេះ កម្ពុជាបានក្លាយជាប្រទេសទទួលបន្ទុកដឹកនាំរៀបចំស្តង់ដាសមត្ថភាពស្ប៉ា និងសុខុមាលភាពអាស៊ានផងដែរ ដើម្បីចូលរួមពង្រីកវិសាលភាពការទទួលស្គាល់អ្នកជំនាញទេសចរណ៍អាស៊ាន និងផ្តល់ឱកាសបម្លាស់ទីការងារក្នុងតំបន់ឲ្យកាន់តែទូលំទូលាយ
ថែមទៀត។ ស្តង់ដាសមត្ថភាពស្ប៉ា និងសុខុមាលភាពអាស៊ាននេះ គ្រោងនឹងដាក់អនុម័តឆ្លងរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន នាអំឡុងកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ានខាងមុខ។