ក្រសួងទេសចរណ៍រៀបចំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ (Zoom Meeting) ដើម្បីបែងចែកភារកិច្ចជូនថ្នាក់ដឹកនាំក្រសួង និងផ្សព្វផ្សាយការអនុវត្តផែនការសកម្មភាពសម្រាប់ឆ្នាំ២០២១ ស្ដីពីការអនុវត្តផែនទីចង្អុលផ្លូវការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍ ក្នុង និងក្រោយវិបត្តកូវីដ-១៩ ដោយមានការចូលរួមពីផ្នែកឯកជនក្នុងវិស័យទេសចរណ៍
ភ្នំពេញ៖ ក្រសួងទេសចរណ៍រៀបចំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ (Zoom Meeting) ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដើម្បីបែងចែកភារកិច្ច និងផ្សព្វផ្សាយការអនុវត្តផែនការសកម្មភាពសម្រាប់ឆ្នាំ២០២១ ស្ដីពីការអនុវត្តផែនទីចង្អុលផ្លូវការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍ ក្នុង និងក្រោយវិបត្តកូវីដ-១៩ ដោយមានការចូលរួមពីផ្នែកឯកជនក្នុងវិស័យទេសចរណ៍។
ផែនទីចង្អុលផ្លូវការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍ ក្នុង និងក្រោយវិបត្តកូវីដ-១៩ សម្រាប់ឆ្នាំ២០២១នេះ គឺជាផ្នែកសំខាន់ក្នុងដំណាក់កាលទី១ ដើម្បីគ្រប់គ្រងវិបត្តិក្នុងដំណាក់កាលទម្លាប់ថ្មី (New Normal) សំដៅធានាលើ៖ ភាពធន់ (Resilience & Restart), ការងើបឡើងវិញ (Recovery) និងការដំណើរការឡើងវិញ (Relaunch) នៃវិស័យទេសចរណ៍កម្ពុជា។ សូមបញ្ជាក់ផងដែរថា ផែនការសកម្មភាពសម្រាប់ឆ្នាំ២០២១ ស្ដីពីការអនុវត្តផែនទីចង្អុលផ្លូវការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍ ក្នុង និងក្រោយវិបត្តកូវីដ-១៩ ផ្ដោតលើគោលដៅយុទ្ធសាស្ត្រ ០៣គឺ៖
១. ជំនួយផ្នែកសេដ្ឋកិច្ចចំពោះវិស័យឯកជន និងការងារ
២. ជំរុញទេសចរណ៍ក្នុងស្រុក និងត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិ “ទេសចរពិសេសស្ថិតក្រោមការគ្រប់គ្រង”
៣. រៀបចំយន្តការអភិបាលកិច្ចទេសចរណ៍ឡើងវិញ ដោយដាក់ចេញសកម្មភាពយុទ្ធសាស្ត្រចំនួន ២៣ និងសកម្មភាពយុទ្ធសាស្ត្រលម្អិតចំនួន ១០៥សកម្មភាព។
កិច្ចការដែលបានអនុវត្តក្នុងផែនការសកម្មភាពសម្រាប់ឆ្នាំ២០២១ គឺជាមូលដ្ឋានគ្រឹះសម្រាប់គាំទ្រដល់ការអភិវឌ្ឍទេសចរណ៍ឆ្នាំ២០២២-២០២៣។