ក្រសួងទេសចរណ៍រៀបចំសិក្ខាសាលាស្តីពីប្រតិបត្តិការអាជីវកម្មទេសចរណ៍ក្នុងដំណាក់កាលកូវីដ-១៩ “វិធានសុវត្ថិភាពទេសចរណ៍ និងយន្តការលើកទឹកចិត្ត” នៅខេត្តសៀមរាប
(សៀមរាប)៖ កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយរដ្ឋបាលខេត្តសៀមរាប និងជំនួយឧបត្ថម្ភពីអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានរៀបចំសិក្ខាសាលាស្តីពីប្រតិបត្តិការអាជីវកម្មទេសចរណ៍ក្នុងដំណាក់កាលកូវីដ-១៩៖ វិធានសុវត្ថិភាពទេសចរណ៍ និងយន្តការលើកទឹកចិត្ត” ក្រោមអធិបតីភាព ឯកឧត្តម សុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្រសួងទេសចរណ៍ ដោយមានការចូលរួមពីរដ្ឋបាលខេត្តសៀមរាប អង្គភាពពាក់ព័ន្ធ និងអាជីវកម្មទេសចរណ៍។
សិក្ខាសាលានេះរៀបចំទ្បើងក្នុងគោលបំណងពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ផ្សព្វផ្សាយវិធានការលើកទឹកចិត្ត និងគាំពារបស់រាជរដ្ឋាភិបាលសម្រាប់ទ្រទ្រង់អាជីវកម្មទេសចរណ៍ និងការផ្លាស់ប្តូរទម្លាប់ប្រតិបត្តិការអាជីវកម្មតាមគន្លងថ្មី ក្នុង និងក្រោយដំណាក់កាលកូវីដ-១៩។
ឯកឧត្តម សុង តុងហាប់ បានបញ្ជាក់ថា វិបត្តិជំងឺកូវីដ-១៩ បានប៉ះពាល់ដល់វិស័យសេដ្ឋកិច្ចសកល ពិសេសវិស័យទេសចរណ៍ និងការធ្វើដំណើរ ក្នុងនោះវិស័យទេសចរណ៍កម្ពុជាក្នុងឆ្នាំ២០២០ ត្រូវបានព្យាករណ៍ថា នឹងមានកំណើនអវិជ្ជមានក្នុងរង្វង់ ៨០% សម្រាប់ទេសចរអន្តរជាតិ និង៥០% សម្រាប់ទេសចរណ៍ផ្ទៃក្នុង ជាមួយនឹងការបាត់បង់ចំណូលប្រមាណ ៣ពាន់លានដុល្លារអាមេរិក។ ឯកឧត្តមបន្ថែមថា គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២០ អាជីវកម្មទេសចរណ៍សរុបចំនួន២,៨៣៨ទីតាំង ស្មើនឹង២៩.៦៣% នៃអាជីវកម្មសរុបបានបិទ/ព្យួរ ដែលធ្វើឱ្យប៉ៈពាល់ដល់បុគ្គលិកសរុប៥០,៩៩៦នាក់ ក្នុងនោះខេត្តសៀមរាបមានអាជីវកម្មទេសចរណ៍៦៥៨ទីតាំង បានបិទ/ព្យួរ ដែលស្មើនឹង៦២.១៣% នៃអាជីវកម្មសរុបក្នុងខេត្តសៀមរាប បណ្តាលឱ្យបុគ្គលិកសរុប១៤,៧០២នាក់ បាត់បង់ការងារ។
ដើម្បីត្រៀមខ្លួនស្តារវិស័យទេសចរណ៍ទ្បើងវិញ តាមរយៈការបង្កើតទំនុកចិត្តថ្មីសម្រាប់គោលដៅទេសចរណ៍កម្ពុជា ក្រសួងទេសចរណ៍នឹងរៀបចំដាក់ឆ្លងរាជរដ្ឋាភិបាលនូវឯកសារយុទ្ធសាស្រ្តសំខាន់ៗរួមមាន ផែនទីចង្អុលផ្លូវស្តីពីការស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា (២០២០-២០២៥) ផែនការមេសម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប(២០២០-២០៣៥) ផែនការមេសម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគីរី(២០២០-២០៣៥) ផែនការមេសម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែប(២០២០-២០៣៥) និងផែនការយុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍ទេសចរណ៍ (២០២១-២០៣០)។
ទន្ទឹមនឹងនោះ ដើម្បីដោះស្រាយ និងទ្រទ្រង់ស្ថានភាពអាជីវកម្មទេសចរណ៍ក្នុងដំណាក់កាលកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញជាបន្តបន្ទាប់នៅវិធានការ ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចជាតិបានចំនួន០៦ជុំ រួមមាន វិធានការពន្ធដារ វិធានការគាំពារកម្មករ-និយោជិត និងវិធានការលើកលែងកម្រៃនៃការបន្តអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទនៅទូទំាងប្រទេសសម្រាប់ឆ្នាំ២០២១។
ឯកឧត្តមបានបន្ថែមទៀត ក្រៅពីវិធានការគ្រប់គ្រង និងគាំពាររបស់រាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ក៏បានដាក់ចេញនូវសកម្មភាពអាទិភាពដើម្បីស្តារ និងបង្កើតមុខមាត់ថ្មីជូនវិស័យទេសចរណ៍កម្ពុជា ដោយរួមមានសកម្មភាពជម្រុញទេសចរណ៍ក្នុងស្រុក ការដាក់ឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងការសិក្សាលទ្ធភាពដាក់ចេញទម្រង់នៃការធ្វើដំណើរ និងទេសចរណ៍សុវត្ថិភាព (Travel Bubble or One way closed-loop charter Planes) ដែលអាចជាពន្លឺថ្មីមួយសម្រាប់ការងើបទ្បើងវិញនៃវិស័យទេសចរណ៍កម្ពុជា៕