ក្រសួងទេសចរណ៍រៀបចំសិក្ខាសាលាស្តីពីវឌ្ឍនភាព និងប្រសិទ្ធភាពក្នុងការអនុវត្តគោលនយោបាយជាតិលើវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព"
(ខេត្តកំពត)÷ នាថ្ងៃទី០២ និងទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសណ្ឋាគារឌីយ៉ាម៉ង់ ខេត្តកំពត ក្រសួងទេសចរណ៍បានបើក សិក្ខាសាលាស្តីពី “វឌ្ឍនភាព និងប្រសិទ្ធភាពក្នុងការអនុវត្តគោលនយោបាយជាតិលើវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព" ក្រោមអធិបតីភាព ឯកឧត្តម កើត ពុទ្ធវរី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្រ្តី ថោងខុន និងឯកឧត្តម នៃ គង់ អភិបាលរងខេត្ត តំណាងឲ្យឯកឧត្តម ជាវ តាយ អភិបាលខេត្តនៃគណៈអភិបាលខេត្តកំពត។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងនាយកដ្ឋានសិក្សាស្រាវជ្រាវ និងគោលនយោបាយទេសចរណ៍ និងមន្ទីរទេសចរណ៍ខេត្តកំពត ក្នុងគោលបំណងផ្សព្វផ្សាយ និងជំរុញការអនុវត្តគោលនយោបាយជាតិលើវិស័យទេសចរណ៍ ជាពិសេសក្នុងបរិបទកូវីដ-១៩ អោយកាន់តែមានប្រសិទ្ធភាពខ្ពស់ ដែលមានការចូលរួមពីស្ថាប័នមន្ទីរពាក់ព័ន្ធ សហគមន៍ទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ សាស្ត្រាចារ្យ និស្សិតសរុបចំនួន ១៥០នាក់។
ដើម្បីអនុវត្តតាមវិធានការនានារបស់រាជរដ្ឋាភិបាល និងតាមការណែនាំក្រសួងសុខាភិបាលក្នុងការបង្ការ និងទប់ស្តាត់ការឆ្លងជំងឺ កូវីដ-១៩ ពិសេសដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុងដំណាក់កាលវិបត្តិកូវីដ-១៩ នេះ វាគ្មិនក៏បានផ្សព្វផ្សាយបន្តនូវវិធានសុវត្ថិភាពទេសចរណ៍ គោលនយោបាយថ្មីៗដែលបាននឹងកំពុងរៀបចំ និងផែនការយុទ្ធសាស្ត្រចំនួន ៤ដែលក្រសួងទេសចរណ៍បានដាក់ចេញ÷
១-ធ្វើរូបភាពគោលដៅទេសចរណ៍កម្ពុជា ជាគោលដៅសុវត្ថិភាពកាន់តែប្រសើរឡើង
២-ជំរុញចលនាទេសចរណ៍ក្នុងស្រុក
៣-បង្កើនការផ្សព្វផ្សាយទេសចរណ៍ និងការតភ្ជាប់ពីទីផ្សារទេសចរណ៍គោលដៅ
៤-បង្កើតឧត្តមភាពប្រកួតប្រជែងនៃឧស្សាហ៍កម្មទេសចរណ៍
តាមរយៈសិក្ខាសាលា វាគ្មិនក៏បានសំណូមពរទៅដល់ប្រតិបត្តិករទេសចរណ៍ និងភាគីពាក់ព័ន្ធវិស័យទេសចរណ៍ទាំងអស់ សូមបន្តអនុវត្តន៍វិធានសុវត្ថិភាពតាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យខ្ជាប់ខ្ជួន ដើម្បីទប់ស្តាត់ការរីករាលដាលជំងឺកូវីដ១៩ និងត្រូវប្រែក្លាយវិបត្តិនេះអោយទៅជាឱកាសក្នុងការអភិវឌ្ឍទេសចរណ៍កម្ពុជាអោយកាន់តែសម្បូរបែប។
ដើម្បីចូលរួមអភិរក្សដើមកោងកាង ក៏ដូចជាការពារបរិស្ថានដែលជាផ្នែកដ៏សំខាន់មួយនៃអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ សិក្ខាកាមបានចូលរួមការដាំដើមកោងកាងជាអនុស្សាវរីយ៍នៅសហគមន៍ត្រពាំងសង្កែផងដែរ៕