ក្រសួងទេសចរណ៍សូមឱ្យសមត្ថកិច្ចតាមច្រកទ្វារបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការទទួលបដិសណ្ឋារកិច្ចចំពោះភ្ញៀវ Caravan Tours
(ភ្នំពេញ)៖ ក្បួនរថយន្តទេសចរណ៍ ឬហៅថា Caravan Tours គឺជាគំនិតច្នៃប្រឌិតថ្មីមួយដ៏សំខាន់ក្នុងការផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍រវាងប្រទេសចិន ឡាវ និងកម្ពុជា ដែលត្រូវធ្វើដំណើរឆ្លងកាត់ច្រកទ្វារព្រំដែនជាចាំបាច់ ក្នុងនោះតំណាងក្រសួងទេសចរណ៍ ក៏បានស្នើយ៉ាងទទូចដល់សមត្ថកិច្ចត្រូវបន្តការយកចិត្តទុកដាក់ខ្ពស់ ក្នុងការទទួលបដិសណ្ឋារកិច្ចចំពោះភ្ញៀវទេសចរ។
ក្បួនរថយន្តទេសចរណ៍ Caravan Tours បានចេញដំណើរពីទីក្រុងគុនមីង ខេត្តយូណាន ប្រទេសចិន នាថ្ងៃទី២៥ ខែវិច្ឆិកា និងបានមកដល់រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ដោយមានរថយន្តធំៗដែលមានទាំងបន្ទប់គេងសរុបចំនួន ២០គ្រឿង នេះបើតាមលោក ហ៊ុល សីលា អគ្គនាយករងនៃក្រសួងទេសចរណ៍ ដែលបានដឹកនាំក្រុមការងារក្រសួងទេសចរណ៍អមដំណើរជាមួយក្បួនរថយន្តទេសចរណ៍នេះ។
Caravan Tours នេះត្រូវបានប្រារព្ធធ្វើពិធីបើកជាផ្លូវការនៅទីក្រុងគុនមីង កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមវត្តមានលោក ឡ ស៊ូកាង រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ចិន លោក រ័ន ចេងហ្វា អភិបាលខេត្តយូណាន ដោយមានការចូលរួមពីសំណាក់លោក ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា ព្រមទាំងលោក ភូឃុង វ៉ាន់ណាវង្ស អភិបាលរងក្រុងវាំងចន្ទន៍។
តំណាងភាគីចិនបានចាត់ទុកក្បួនរថយន្តទេសចរណ៍បើកបរដោយខ្លួនឯងនេះ គឺជាគំនិតច្នៃប្រឌិតថ្មីមួយក្នុងការផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍រវាងប្រទេសចិន ឡាវ និងកម្ពុជា និងជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែខ្លាំងក្លាក្នុងវិស័យទេសចរណ៍ ក៏ដូចជាវិស័យផ្សេងៗទៀតផងដែរ។
លោក ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានចាត់ទុកក្បួនរថយន្តទេសចរណ៍នេះ គឺជាព្រឹត្តិការណ៍សំខាន់មួយទៀត ដើម្បីអបអរសាទរដល់ឆ្នាំវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន ឆ្នាំ២០១៩ និងផ្ដល់នូវប្រសិទ្ធភាពមួយក្នុងការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរចិន ឲ្យមកទស្សនាប្រទេសកម្ពុជាឲ្យកាន់តែច្រើនថែមទៀត។
អនុរដ្ឋលេខាធិការរូបនេះបានបញ្ជាក់ថា ការមកដល់នៃក្បួនរថយន្តទេសចរណ៍នេះ ជាការជំរុញឲ្យភ្ញៀវទេសចរដែលចូលចិត្តធ្វើដំណើរបើកបរខ្លួនឯង អាចប្រើប្រាស់មធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួនបាន ដោយឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិនានានៅកម្ពុជា ដោយមិនចាំបាច់ស្នើសុំមកក្រសួងទេសចរណ៍ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាទៀតឡើយ គឺពួកគាត់អាចបំពេញបែបបទប្រតិវេទន៍គយសង្ខេបជាមួយមន្ត្រីគយនៅតាមច្រកទ្វារ ដោយមិនមានការតម្កល់ប្រាក់និមុត្តិធានា និងបង់ប្រាក់ធានារ៉ាប់រងឡើយ។
លោក ហោ សារុន ក៏បានស្នើសុំឲ្យសមត្ថកិច្ចដែលបម្រើការងារនៅតាមច្រកទ្វារបន្តការយកចិត្តទុកដាក់ខ្ពស់ ក្នុងការទទួលបដិសណ្ឋារកិច្ច ផ្តល់សេវាកម្មប្រកបដោយគុណភាព ទឹកមុខញញឹម រួសរាយរាក់ទាក់ ដោយមិនបង្កភាពលំបាកដល់ភ្ញៀវទេសចរ។
សូមរំឭកថា ក្បួនរថយន្តទេសចរណ៍នេះត្រូវបានរៀបចំឡើងដោយសាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងផ្លាស់ប្ដូរវប្បធម៌ និងទេសចរណ៍ក្នុងក្របខណ្ឌមេគង្គ-ឡានឆាង និងដើម្បីអបអរសាទរឆ្នាំវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន ឆ្នាំ២០១៩ ក្រោយពីមានជំនួបរវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងលោក ឡ ស៊ូកាង រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ចិន កាលពីដើមឆ្នាំ២០១៩។
តាមការគ្រោងទុក ក្បួនរថយន្តទេសចរណ៍នេះឆ្លងកាត់ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តកំពង់ធំ រាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តសៀមរាប មុនពេលត្រឡប់ទៅកាន់ទីក្រុងគុនមីងវិញ ដែលមានរយៈពេលសរុបចំនួន ២៧ថ្ងៃ ក្នុងរយៈចម្ងាយទាំងទៅទាំងមកប្រមាណ ៥,៧២០គីឡូម៉ែត្រ។
ភាគីកម្ពុជាបានបង្ហាញសុទិដ្ឋិនិយមថា ក្បួនរថយន្តទេសចរណ៍នេះនឹងត្រលប់ទៅវិញជាមួយនឹងការផ្សព្វផ្សាយដល់ភ្ញៀវទេសចរចិននូវតំបន់ទេសចរណ៍ធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្រដ៏យូរលង់របស់កម្ពុជា រួមជាមួយភាពរួសរាយរាក់ទាក់កក់ក្តៅរបស់ប្រជាជនកម្ពុជា ស្របតាមយុទ្ធនាការ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ»៕