ក្រសួងទេសចរណ៍សហការជាមួយមជ្ឈមណ្ឌលអាស៊ានជប៉ុន បើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពភាសាជប៉ុនដល់អ្នកជំនាញទេសចរណ៍ភាសាជប៉ុន
ក្រសួងទេសចរណ៍សហការជាមួយមជ្ឈមណ្ឌលអាស៊ានជប៉ុន បើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពភាសាជប៉ុនដល់អ្នកជំនាញទេសចរណ៍ភាសាជប៉ុន
(សៀមរាប)៖ នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប ក្រសួងទេសចរណ៍សហការជាមួយមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន បានរៀបចំបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពភាសាជប៉ុនដល់អ្នកជំនាញទេសចរណ៍ភាសាជប៉ុន ក្រោមអធិបតីភាពឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោកស្រី Mizuho Kanda ជំនួយការនាយក និងជាប្រធានទទួលផ្នែកទទួលទេសចរណ៍នៃមជ្ឈមណ្ឌលអាស៊ាន ជប៉ុន និហមានការចូលរួមពីលោក លោកស្រីជសាស្រ្តាចារ្យជនជាតិជប៉ុន មន្រ្តីជំនាញ មគ្គុទ្ទេសក៍ទេសចរណ៍ភាសាជប៉ុន អ្នកជំនាញទេសចរណ៍ សរុបប្រមាណ ៧០ នាក់។
នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ពីភាពរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជា ក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលកើតចេញពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងចំពេលវេលា និងស្របតាមសំណូមពររបស់អ្នកជំនាញទេសចរណ៍ នៅក្នុងការចូលរួមកសាងធនធានមនុស្សក្នុងវិស័យទេសចរណ៍បន្ថែម ជាពិសេសលើកកម្ពស់សមត្ថភាពជំនាញភាសាជប៉ុន ឱ្យកាន់តែមានលក្ខណៈស្ទាត់ជំនាញ ក្នុងការចូលរួមផ្តល់សេវាកម្មទេសចរណ៍ឱ្យកាន់តែល្អប្រសើរ និងពេញចិត្តពីសំណាក់ភ្ញៀវទេសចរ ជាពិសេសទេសចរជប៉ុន ដែលបាននិងកំពុងមានការកើនឡើងជាលំដាប់ក្នុងការមកទស្សនានៅកម្ពុជា។
គួរកត់សម្គាល់ សម្រាប់រយៈពេល ០៧ខែ ដើមឆ្នាំ២០១៩នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៣.៨លាននាក់ កើនឡើង ១១.១% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ ដោយក្នុងនោះកម្ពុជាបានទទួលទេសចរជនជាតិជប៉ុនចំនួន ១១៣,១៥៩នាក់ កើនឡើងប្រមាណ ២.៦%។
តាមការព្យាករណ៍នៅឆ្នាំ២០២០ កម្ពុជានឹងអាចទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧លាននាក់ និងបង្កើតការងារដោយផ្ទាល់ប្រមាណជិត ១លាននាក់៕