ក្រសួងទេសចរណ៍ កំណត់យកអាណត្តិទី៦នេះ ជាពេលពង្រឹងគុណភាពទេសចរណ៍ និងបង្កើនប្រសិទ្ធភាពការងារ
ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបការងារទេសចរណ៍ឆ្នាំ២០១៨ ត្រីមាសទី១ ឆ្នាំ២០១៩ និងទិសដៅអនុវត្តបន្តត្រីមាសទី២ និងឆមាសទី២ ឆ្នាំ២០១៩ ដែលប្រព្រឹត្តទៅនាថ្ងៃទី០៣ ខែមេសានេះ ក្រសួងទេសចរណ៍បានកំណត់គោលដៅជាយុទ្ធសាស្រ្តជាក់លាក់ក្នុងអាណត្តិទី៦នេះ គឺជាអាណត្តិនៃការពង្រឹងគុណភាពទេសចរណ៍ និងបង្កើនប្រសិទ្ធភាពការងារ សំដៅធ្វើយ៉ាងណាឲ្យគ្រប់ផលិតផល និងសេវាកម្មទេសចរណ៍មានគុណភាព ធ្វើឲ្យគ្រប់រមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍មានការប្រែប្រួល អភិវឌ្ឍន៍កាន់តែល្អ លុបបំបាត់ការលក់វត្ថុអនុស្សាវរីយ៍ក្លែងក្លាយជូនទេសចរ កាត់បន្ថយការធ្លុះធ្លាយ (ដោយខិតខំជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក ប្រកបដោយគុណភាព ជំនួសឲ្យការនាំចូល) ធ្វើឲ្យវិស័យទេសចរណ៍ក្លាយជាការនាំចេញនៅនឹងកន្លែងដ៏មានប្រសិទ្ធភាព និងធ្វើឲ្យវិស័យទេសចរណ៍ផ្តល់ផលប្រយោជន៍ជាអតិបរមាដល់ប្រជាពលរដ្ន និងសហគមន៍មូលដ្ឋាន។
ដើម្បីសម្រេចគោលដៅនេះ អង្គប្រជុំបានដាក់ចេញនូវផែនការយុទ្ធសាស្រ្ត និងទិសដៅអនុវត្តការងារសំខាន់ៗសម្រាប់ត្រីមាសទី២ និងឆមាសទី២ ឆ្នាំ២០១៩ ដូចខាងក្រោម៖
១- បង្កើតផលិតផលទេសចរណ៍ថ្មីប្រកបដោយការច្នៃប្រឌិត និងនវានុវត្តន៍ (Creative & Innovative) នៅតាមតំបន់គោលដៅទេសចរណ៍អាទិភាពទាំងបួន តាមរយៈការទាក់ទាញការវិនិយោគលើវិស័យទេសចរណ៍ និងការអនុវត្តយន្តការ 4Ps។
២- ពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍តាមទស្សនទាន «សេវាមួយ ស្តង់ដាមួយ» និងអភិវឌ្ឍធនធានមនុស្សតាមទស្សនទាន «បុគ្គលិកម្នាក់ ជំនាញមួយ»។
៣- ពង្រឹងការឃោសនាផ្សព្វផ្សាយទេសចរណ៍កម្ពុជាទាំងក្នុង និងក្រៅប្រទេស។
៤- ពង្រឹងការគ្រប់គ្រងទេសចរណ៍តាមប្រព័ន្ធ Online (Smart Tourism)៕