ក្រសួងទេសចរណ៍-ក្រសួងមហាផ្ទៃ ផ្សព្វផ្សាយប្រកាស និងសេចក្តីណែនាំស្តីពី «ការធ្វើប្រតិភូកម្មមុខងារផ្តល់សេវាទេសចរណ៍ ឱ្យរដ្ឋបាលរាជធានី-ខេត្ត»
ក្រសួងទេសចរណ៍-ក្រសួងមហាផ្ទៃ ផ្សព្វផ្សាយប្រកាស និងសេចក្តីណែនាំស្តីពី «ការធ្វើប្រតិភូកម្មមុខងារផ្តល់សេវាទេសចរណ៍ ឱ្យរដ្ឋបាលរាជធានី-ខេត្ត»
(ភ្នំពេញ)៖ ដើម្បីឆ្លើយតបយុទ្ធសាស្ត្រចតុកោណ និងគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រដ្ឋាភិបាល នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩នេះ គណៈកម្មការដឹកនាំការងារវិមជ្ឈការ-សហវិមជ្ឈការ ក្រសួងទេសចរណ៍ បានរៀបចំពីធីផ្សព្វផ្សាយប្រកាសសេចក្តីណែនាំស្តីពីការធ្វើប្រតិភូកម្មមុខងារផ្តល់សេវាទេសចរណ៍ ទៅឱ្យរដ្ឋបាលរាជធានី-ខេត្ត ស្របតាមការណែនាំរបស់ក្រសួងមហាផ្ទៃ។
ពិធីនេះ ធ្វើឡើងនៅសាលប្រជុំក្រសួងទេសចរណ៍ ក្រោមអធិបតីភាពឯកឧត្តម ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានគណៈកម្មការដឹកនាំការងារវិមជ្ឈការ-សហវិមជ្ឈការ និងឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប, ដោយមានវត្តមានថ្នាក់ដឹកនាំ មន្ត្រីក្រសួងទេសចរណ៍ និងថ្នាក់ក្រោមជាតិ មានអភិបាលរងរាជធានី ខេត្ត ប្រធានអង្គភាពច្រកចេញចូលមួយរាជធានី ខេត្ត និងប្រធានមន្ទីរទេសចរណ៍រាជធានី ខេត្ត ប្រមាណ ១៥០នាក់។
នៅក្នុងឱកាសនោះ ឯកឧត្តម ជា បូរ៉ា បានថ្លែងថា ការផ្សព្វផ្សាយប្រកាសនិងសេចក្តីណែនាំស្តីពី «ការធ្វើប្រតិភូកម្មមុខងារផ្តល់សេវាទេសចរណ៍ ឱ្យរដ្ឋបាលរាជធានី-ខេត្ត» ជាសកម្មភាពមួយនៅក្នុងកម្មវិធីកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការ របស់រាជរដ្ឋាភិបាល ហើយនេះបង្ហាញឱ្យឃើញថា ទាំងថ្នាក់ដឹកនាំនៅថ្នាក់ជាតិ ទាំងរដ្ឋបាលក្រោមជាតិ គឺសុទ្ធតែមានឆន្ទៈយ៉ាងមុតមាំចូលរួម និងគាំទ្រដល់កិច្ចដំណើរការផ្ទេរមុខងារ និងធនធានមនុស្សឱ្យទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។
ឯកឧត្តមបានបន្តថា ចំណុចដែលគួរឱ្យគត់សំគាល់ នាពេលនេះ យើងបានពិភាក្សាផ្លាស់ប្តូរយោបល់ទៅលើនីតិវិធី បែបបទ និងសមត្ថកិច្ចទទួលខុសត្រូវ របស់ភាគីពាក់ព័ន្ធក្នុងការអនុវត្តមុខងារដែលបានធ្វើប្រតិភូកម្ម។ នៅក្នុងដំណើរការអនុវត្ត ទោះបីនៅពេលនេះបានឯកភាពលើទស្សនៈ និងការអនុវត្តយ៉ាងណាក៏ដោយ ក្រសួងនៅតែបន្តការគាំទ្រលក្ខណៈបច្ចេកទេសដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានអង្គភាពច្រកចេញចូលតែមួយ និងមន្ទីរជំនាញ ដើម្បីធានាដល់ការអនុវត្តមុខងារនេះ ឱ្យទទួលបានលទ្ធផលតាមការរំពឹងទុក។
ជាបន្ទាប់ ឯកឧត្តម ង៉ាន់ ចំរើន បានថ្លែងថា ការអនុវត្តនយោបាយកំណែទម្រង់វិមជ្ឈការ-វិសហមជ្ឈការ នៅកម្ពុជាយើង មានការយឺតយ៉ាវ បើប្រៀបធៀបជាមួយបណ្តាប្រទេសដ៏ទៃលើពិភពលោក ប៉ុន្តែនេះជាសកម្មភាពដែលផ្អែកតាមស្ថានភាពភូមិសាស្រ្តរបស់ប្រទេសយើង ។ លើសពីនេះ ក្នុងនាមប្រធានលេខាធិការដ្ឋានគជអប លោកសូមគាំទ្រការធ្វើប្រតិភូកម្មមុខងាររបស់វិស័យទេសចរណ៍ទៅឱ្យថ្នាក់ក្រោមជាតិនៅពេលនេះ ហើយយើងនឹងបន្តរួមគ្នា ដើម្បីគាំទ្រដល់ការអនុវត្តមុខងារនេះឱ្យបានទទួលលទ្ធផលល្អ សំដៅសម្រេចជោគជ័យនូវគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាល៕