ក្រសួងទេសចរណ៍ ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា លើការបណ្តុះបណ្តលធនធានមនុស្ស ជាមួយសាកលវិទ្យាល័យ និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ របស់ចិន
ក្រសួងទេសចរណ៍ ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា លើការបណ្តុះបណ្តលធនធានមនុស្ស ជាមួយសាកលវិទ្យាល័យ និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ របស់ចិន
(ទីក្រុងណានីង ខេត្តក្វាងស៊ី-ចិន)៖ ក្នុងឱកាសនៃដំណើរចូលរួមពិពណ៌ចិន-អាស៊ានលើកទី១៦ នៅទីក្រុងណានីង លោករដ្ឋមន្ត្រី ថោង ខុន បានចុះអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលជំនាញ និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ រវាងក្រសួងទេសចរណ៍ជាមួយនឹងសាកលវិទ្យាល័យហេណានណកម៉ល (Henan Normal University) សាលាបណ្តុះបណ្តាលបច្ចេកទេស ឧស្សាហកម្មធុនស្រាលគ័ងស៊ីទី០២ (Guangxi Second Light Industry Senior Technical School) និងក្រុមហ៊ុនវិនិយោគការអប់រំហានស៊ីខ្វាងស៊ី (Guangxi Hansi Education Investment Co. Ltd.)។ ការចុះហត្ថលេខានេះបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង កាលពីថ្ងៃទី ២១ ខែកញ្ញា នៅទីក្រុងណានីង។
ខ្លឹមសារនៃអនុស្សារណៈបានគូសបញ្ជាក់អំពីខ្លីមសារៈសំខាន់ស្តីអំពីការបណ្តុះបណ្តាលជំនាញ និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ចូលរួមជំរុញការអភិវឌ្ឍសមត្ថភាពរបស់អ្នកជំនាញទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ ជាពិសេសពង្រឹងកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូលើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈទេសចរណ៍ តាមរយៈប្រព័ន្ធអេឡិចត្រូនិក/ កម្មវិធីសិក្សាពីចម្ងាយសម្រាប់បណ្តុះបណ្តាលជំនាញ និងអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ និងការជម្រុញបង្កើតសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវះទេសចរណ៍នៅកម្ពុជា។
នៅក្នុងព្រឹត្តិការណ៍ដោយឡែកមួយទៀត កាលពីថ្ងៃទី២០ កញ្ញា ឆ្នាំ២០១៩ លោករដ្ឋមន្ត្រីក៏បានអញ្ជើញទស្សនកិច្ច នៅសាលាបណ្តុះបណ្តាលបច្ចេកទេស ឧស្សាហកម្មធុនស្រាលគ័ងស៊ីទី០២ (Guangxi Second Light Industry Senior Technical School)។ ក្នុងកិច្ចពិភាក្សាជាមួយគណៈគ្រប់គ្រងសាលា លោករដ្ឋមន្ត្រីបានគូសបញ្ជា់ក់ប្រាប់ភាគីចិន អំពីសភាពការណ៍អភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា និងសេចក្តីត្រូវចាំបាច់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកជំនាញវជ្ជាជីវៈទេសចរណ៍ ដើម្បីឆ្លើយតបអោយបានទាន់ពេលវេលាចំពោះកំណើនទេសចរដែលកំពុងកើនឡើងនៅកម្ពុជា ទាំងទេសចរជាតិ និងអន្តរជាតិ។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា “ វិស័យទេសចរណ៍ជាវិស័យសេដ្ឋកិច្ចមួយដែលត្រូវការជំនាញច្បាស់លាស់ ” ទើបអាចអភិវឌ្ឍន៍ប្រកបដោយគុណភាព និងនិរន្តរភាពបាន។ កម្ពុជា មានផែនការបំពាក់បំប៉ន និងបណ្តុះបណ្តាលផ្តល់ជំនាញវិជ្ជាជីវៈដល់បុគ្គលិកបំរើការក្នុងវិស័យទេសចរណ៍អោយបានប្រមាណ ៥០% នៅ ឆ្នាំ២០២០ និង ១០០% នៅឆ្នាំ ២០២៥។ ក្នុងនោះសេចក្តីត្រូវការនៃការជំរុញការបង្កើតសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ អោយបានច្រើនគឺជាបញ្ហាគន្លិះមូលដ្ឋាន ដែលលោករដ្ឋមន្ត្រី សំណូមពរអោយភាគីចិនជួយដល់កម្ពុជា ទាំងការផ្តល់អាហារូបករណ៍ ទាំងការវិនិយោគបង្កើតសាលាបណ្តុះបណ្តាល អោយបានច្រើន។
ភាគីចិនបានសំដែងការគាំទ្រ និងយល់ស្របទាំងស្រុងចំពោះការលើកឡើងរស់លោករដ្ឋមន្ត្រី ហើយសន្យាជំរុញការអនុវត្តអនុស្សារណៈយោគយល់គ្នានេះអោយមានប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ថា នៅឆ្នាំ២០២៥កម្ពុជា ត្រូវការបំពាក់បំប៉ន និងផ្នែកជំនាញវិជ្ជាវៈទេសចរណ៍ដល់បុគ្គលិកបំរើការក្នុងវិស័យនេះប្រមាណ ១លាន២សែននាក់ ដើម្បីឆ្លីយតបនឹងចំនូនទេសចរអន្តរជាតិប្រមាណជាង ១១លាននាក់ និងទេសចរក្នុងស្រុក រាប់លាននាក់ផងដែរ។