ក្រសួងទេសចរណ៍ និងភាគីចិនរួមគ្នាបណ្ដុះបណ្ដាលសិក្ខាកាមបន្ថែម ផ្តោតលើការប្រើបច្ចេកវិទ្យាឌីជីថល ក្នុងវិស័យទេសចរណ៍

ក្រសួងទេសចរណ៍ និងភាគីចិនរួមគ្នាបណ្ដុះបណ្ដាលសិក្ខាកាមបន្ថែម ផ្តោតលើការប្រើបច្ចេកវិទ្យាឌីជីថល ក្នុងវិស័យទេសចរណ៍

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន បានបើកវគ្គបណ្ដុះបណ្ដាល ស្តីពីការអភិវឌ្ឍ និងការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍កម្ពុជាឆ្ពោះទៅឧស្សាហកម្ម ៤.០ ដើម្បីរួមចំណែកបំពេញតម្រូវធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ ធ្វើយ៉ាងណាឱ្យពួកគេទទួលបាននូវចំណេះដឹង ពាក់ព័ន្ធនឹងការរីកចម្រើន នៃបច្ចេកវិទ្យាឌីជីថលនេះ។

ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានធ្វើឡើងនាថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ហោ មុនីរ័ត្ន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក ហ័ង ឆាងស្យុង (HUANG Changxiong) ទីប្រឹក្សាមន្ទីរពាណិជ្ជកម្មខេត្តហៃណាន។ វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី១២-២៦ ខែសីហា។

លោក ហ័ង បានឱ្យដឹងថា ការពង្រឹង និងអភិវឌ្ឍន៍ សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសកំពុងអភិវឌ្ឍន៍ គឺជាទស្សនៈមូលដ្ឋាននៃគោលនយោបាយការបរទេសរបស់រដ្ឋាភិបាលចិន ក្នុងនោះការផ្ដល់ជំនួយលើការបណ្តុះបណ្តាល ក៏ជាខ្លឹមសារសំខាន់របស់មន្ទីរពាណិជ្ជកម្មខេត្តហៃណានផងដែរ ដែលស្របទៅនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍ «ខ្សែក្រវាត់ និងផ្លូវ» របស់រដ្ឋាភិបាលចិន។

លោកបានលើកឡើងថា «លក្ខណៈនៃការអភិវឌ្ឍឧស្សាហកម្មទេសចរណ៍ក្នុងបរិបទឧស្សាហកម្ម ៤.០ នឹងត្រូវយកមកបង្រៀនដល់សិក្ខាកាមកម្ពុជា ដោយផ្អែកលើមូលដ្ឋាននៃបណ្តាញទិន្នន័យធំៗ និងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងពាណិជ្ជកម្មអេឡិចត្រូនិច ដែលជាបច្ចេកវិទ្យាស្នូលក្នុងការគ្រប់គ្រងសេវាកម្មទេសចរណ៍»។

ឯកឧត្តម ហោ មុនីរ័ត្ន បានរំលឹកថា កាលពីឆ្នាំ២០១៨ ភាគីកម្ពុជា-ចិនបានសហការរៀបចំវគ្គបណ្តុះបណ្តាល សម្រាប់ការអភិវឌ្ឍឧស្សាហកម្មទេសចរណ៍កម្ពុជានៅខេត្តព្រះសីហនុ ម្ដងរួចមកហើយ ដោយមានសិក្ខាកាមចូលរួមចំនួន ៥០នាក់ មកពីស្ថាប័នរដ្ឋ និងឯកជន។

នាឆ្នាំ២០១៨ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ៦.២លាននាក់ កើនឡើង ១០.៧% និងនាំមកនូវប្រាក់ចំណូលប្រមាណ ៤.៣៥៦លានដុល្លារ។ នៅឆ្នាំ២០១៩ កម្ពុជារំពឹងថានឹងទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦.៧លាននាក់ ហើយនៅឆ្នាំ២០២០ ប្រមាណជាង ៧លាននាក់។

សូមបញ្ជាក់ថា «ភ្ញៀវទេសចរចិន គឺជាទីផ្សារដែលធំជាងគេលេខមួយរបស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។ នៅឆ្នាំ២០១៨ កន្លងទៅ កម្ពុជាទទួលបានទេសចរចិនចំនួន ២លាននាក់ កើនឡើង ៣៣% ហើយនៅឆ្នាំ២០១៩នេះ យើងរំពឹងថាទេសចរចិននឹងកើនឡើងដល់ ២.៦លាននាក់ និង ៣លាននាក់ នៅឆ្នាំ២០២០»។

ឯកឧត្តម ហោ មុនីរ័ត្ន បានបញ្ជាក់ថា នាពេលបច្ចុប្បន្ន អ្នកកំពុងបម្រើការងារក្នុងវិស័យទេសចរណ៍មានចំនួនប្រមាណតែ ២០% ប៉ុណ្ណោះ ដែលបានឆ្លងកាត់ការសិក្សាជំនាញទេសចរណ៍ តាមសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍ សាកលវិទ្យាល័យទេសចរណ៍ និងវគ្គបណ្ដុះបណ្ដាលខ្លីៗ។ ដើម្បីឆ្លើយតបនឹងកំណើនទេសចរ នៅឆ្នាំ២០២០ កម្ពុជាត្រូវការកម្លាំងពលកម្មថ្មីចំនួនប្រមាណ ២០ម៉ឺននាក់ បន្ថែមទៀត។ ដូចនេះ ក្រសួងទេសចរណ៍កំពុងដោះស្រាយបញ្ហាប្រឈមខាងលើ ពោលគឺត្រូវជំរុញការបណ្តុះបណ្តាលកម្លាំងពលកម្មថ្មី និងបំពាក់បំប៉នជំនាញបន្ថែមទៀតដល់អ្នកកំពុងបម្រើការងារក្នុងវិស័យទេសចរណ៍។

ពាក់ព័ន្ធនឹងបញ្ហាខាងលើ ក្រសួងទេសចរណ៍បាននិងកំពុងដាក់ឱ្យអនុវត្តនូវយុទ្ធសាស្រ្តស្ដីពី ការអភិវឌ្ឍវិស័យទេសចរណ៍ឌីជីថល ដូចជាការចុះបញ្ជីអាជ្ញាបណ្ណទេសចរណ៍តាមប្រព័ន្ធ Online ប្រព័ន្ធចំណាត់ថ្នាក់សណ្ឋាគារ និងភោជនីយដ្ឋាន Online ប្រព័ន្ធគ្រប់គ្រងមគ្គុទេ្ទសក៍ទេសចរណ៍ Online ប្រព័ន្ធវាយតម្លៃចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» តាមប្រព័ន្ធ QR-Code និងប្រព័ន្ធទូរស័ព្ទវៃឆ្លាត ព្រមជាមួយការរីកចម្រើននៃមធ្យោបាយទូទាត់សម្រាប់ទេសចរណ៍តាមប្រព័ន្ធ QR-Code មធ្យោបាយដឹកជញ្ជូនវៃឆ្លាត (Pass App Grab) ជាដើម។

លើសពីនេះ ក្រសួងទេសចរណ៍ក៏បាននិងកំពុងរៀបចំឯកសារយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ឌីជីថល ឆ្នាំ២០២០-២០២៣ ដែលជាឯកសារគោលសម្រាប់ជំរុញការប្រើប្រាស់ និងអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល សម្រាប់ឧស្សាហកម្មទេសចរណ៍កម្ពុជា ឆ្ពោះទៅរកបដិវត្តឧស្សាហកម្មទី៤ ដែលកំពុងបង្ហាញពីការរីកចម្រើននៃបច្ចេកវិទ្យាពិភពលោក ដែលជះឥទ្ធិពលយ៉ាងខ្លាំងលើការកំណត់ឡើងវិញនូវកត្តាផលិតកម្ម ការគ្រប់គ្រង ឥរិយាបថនៃការប្រើប្រាស់ និងរចនាសម្ព័នសេដ្ឋកិច្ច៕
 

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.