ក្រសួងទេសចរណ៍ បានចូលរួមបង្ហាញសមិទ្ធិផល និងផ្សព្វផ្សាយព័ត៌មានឱកាសការងារក្នុងវិស័យទេសចរណ៍ ក្នុងកម្មវិធី “ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០១៩” នៅអគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ
ក្រសួងទេសចរណ៍ បានចូលរួមបង្ហាញសមិទ្ធិផល និងផ្សព្វផ្សាយព័ត៌មានឱកាសការងារក្នុងវិស័យទេសចរណ៍ ក្នុងកម្មវិធី “ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០១៩” នៅអគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ
ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០១៩ នេះ ត្រូវបានរៀបចំឡើងក្រោមការគាំទ្រ និងសហការដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០២-០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយបើកទទួលស្វាគមន៍ សិស្ស-និស្សិត អ្នកស្វែងរកការងារធ្វើ និងកម្មករនិយោជិត ក្នុងការទទួលបានឱកាសការងារ និងចែករំលែកព័ត៌មានស្តីពីទីផ្សារការងារ ដោយក្នុងនោះឱកាសការងារសរុបជាង ២ម៉ឺនកន្លែង នឹងត្រូវបានផ្តល់ដោយក្រុមហ៊ុន សហគ្រាសធំៗ ជាង១៥០ មកពីវិស័យសំខាន់ៗដូចជា៖ ក្រសួង-ស្ថាប័ន, ធនាគារ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ, អង្គការ, សណ្ឋាគារ, សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ, និងភ្នាក់ងារឯកជនជាច្រើនទៀត នៅក្នុងបញ្ជរសរុបចំនួន ៣០០។
ពិព័រណ៍ការងារ និងផលិតភាពជាតិ គឺជាការចូលរួមបង្កភាពងាយស្រួលដល់យុវជនដែលត្រូវឈានចូលទីផ្សារការងារ ក្នុងការទទួលបានការងារបន្ទាប់ពីបញ្ចប់ការសិក្សានៅកម្រិតឧត្តមសិក្សា ឬជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។ ពិព័រណ៍ការងារដ៏ធំនេះ ត្រូវបានរំពឹងថានឹងមានអ្នកចូលរួមទស្សនាជាង ៣ម៉ឺននាក់ ដែលភាគច្រើនជាសិស្ស-និស្សិត យុវជន អ្នកស្វែងរកការងារ និងកម្មករនិយោជិតពីគ្រប់វិស័យ។
ដើម្បីចូលរួមក្នុងការផ្សព្វផ្សាយអំពីឱកាសការងារ និងជំនាញវិជ្ជាជីវៈក្នុងវិស័យទេសចរណ៍ នៅបញ្ជរព័ត៌មានក្រសួងទេសចរណ៍ បានដាក់បង្ហាញនូវឯកសារសំខាន់ៗរួមមាន÷ សៀវភៅផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ សៀវភៅស្តង់ដាសមត្ថភាពអ្នកជំនាញទេសចរណ៍ បណ្ណផ្នត់អំពីវិថីអភិវឌ្ឍជំនាញ ផែនទីតំបន់ទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា និងសេចក្តីជូនដំណឹងស្តីពីការវាយតម្លៃការសិក្សាពីមុន (RPL) ដែលផ្តល់ជូនឥតគិតថ្លៃដល់អ្នកចូលរួម។ ទន្ទឹមនឹងនោះមានយុវជន សិស្ស-និស្សិត ជាច្រើននាក់ ចាប់អារម្មណ៍ខ្លាំង និងបានសាកសួរអំពីការសិក្សាជំនាញទេសចរណ៍ ការងារក្នុងវិស័យទេសចរណ៍ និងការអភិវឌ្ឍខ្លួន ដើម្បីក្លាយជាអ្នកជំនាញទេសចរណ៍នាពេលអនាគតជាដើម។
ក្នុងនោះផងដែរ មន្រ្តីជំនាញរបស់ក្រសួងទេសចរណ៍ ក៏បានធ្វើការពន្យល់ និងលើកទឹកចិត្ដដល់យុវជន សិស្ស-និស្សិត មួយចំនួន ដែលបានបោះបង់ចោលការសិក្សានាពេលកន្លងមក ឲ្យងាកមកចាប់យកជំនាញវិជ្ជាជីវៈទេសចរណ៍ ដើម្បីអភិវឌ្ឍខ្លួន តាមរយៈច្រកវាយតម្លៃសមត្ថភាពការសិក្សាពីមុន (RPL: Recognition of Prior Learning) ដែលក្រសួងទេសចរណ៍បានដាក់ចុះអនុវត្តនាពេលកន្លងមក។
គួរឲ្យកត់សម្គាល់ឃើញថា នៅបញ្ជរព័ត៌មានក្រសួងទេសចរណ៍ មានយុវជន សិស្ស-និស្សិត និងអ្នកកំពុងបម្រើការងារមកពីស្ថាប័នផ្សេងៗជាច្រើននាក់ មានស្នាមញញឹម និងសេចក្តីរីករាយ ដោយបានយល់កាន់តែច្បាស់អំពីអត្ថប្រយោជន៍នៃការសិក្សាជំនាញទេសចរណ៍ វិសាលភាពការងារក្នុងវិស័យទេសចរណ៍ ការបម្លាស់ទីការងារក្នុងតំបន់អាស៊ាន ការអភិវឌ្ឍខ្លួនតាមច្រកសិក្សាជំនាញទេសចរណ៍ និងភាពរីកចំរើននៃការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជានាពេលបច្ចុប្បន្នផងដែរ។